ព័ត៌មាន

បើកជាផ្លូវការកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០

នាថ្ងៃទី ១៨ ខែមីនា សកម្មភាពផ្លូវការនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ បានប្រព្រឹត្តទៅនៅខេត្តក្វាងនិញ។
  គណៈប្រតិភូធ្វើការត្រួតពិនិត្យនៅហ្នឹងកន្លែងចំពោះសកម្មភាពនានាក្នុងក្របខ័ណ្ឌកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ nhandan.vn)  

គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូចិន ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានចូលរួមក្នុងសកម្មភាពនានានៅវៀតណាម (ថ្ងៃទី១៨ ខែមីនា) និងចិន (ថ្ងៃទី១៩ ខែមីនា)។

សកម្មភាពជួបប្រាស្រ័យនៅខេត្តក្វាងនិញ រួមមាន៖ ពិធីទទួលបដិសណ្ឋារកិច្ច និងពិធីជូនដំណើរគណៈប្រតិភូក្រសួងការពារជាតិចិន នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុងកាយ (ខេត្តក្វាងនិញ); ពិធីដាំដើមឈើមិត្តភាព; ពិធីបើកការដ្ឋានសាងសង់គិលានដ្ឋានមិត្តភាពឃុំ ហាយសឺន; ការទស្សនាវិទ្យាល័យ ត្រឹនភូ; ការទស្សនាប៉ុស្តិ៍ការពារព្រំដែន ត្រាកូ និងកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូទាំងពីរ។

លោកវរសេនីយ៍ឯក Tran Van Loi ប្រធានការិយាល័យអាស៊ី នាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារជាតិវៀតណាម បានឲ្យដឹងថា៖

“កម្មវិធីជួបប្រាស្រ័យលើកនេះ បានរួមចំណែកក្នុងការអនុវត្តជាក់ស្ដែងនូវការយោគយល់រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរអំពីការបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជាក់ស្ដែងជាងមុន។ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពវៀតណាម និងចិន ដែលរួមចំណែកដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍”។

មុននោះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅទាំងសងខាងព្រំដែន ដូចជា៖ ការពិនិត្យសុខភាព ព្យាបាលជំងឺនិងការចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន; ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ ល៕


top