ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Thanh Van អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ទំនាក់ទំនងវៀតណាម-កម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ សកម្មភាពរបស់សាខាសមាគមខ្មែរ-វៀតណាម ក្នុងខេត្តទាំង៧ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ក៏ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ប្រជាជនមានស្មារតីស្រលាញ់គ្នា សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជម្នះរាល់ការលំបាក ជីវភាពកាន់តែល្អប្រសើរឡើង និងសម្លឹងឆ្ពោះទៅមាតុភូមិជានិច្ចកាល។ អង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មក្នុងតំបន់ ជាពិសេសសាខា Metfone នៅតាមបណ្តាខេត្ត តែងតែរួមដំណើរជាមួយស្ថានអគ្គកុងស៊ុលក្នុងសកម្មភាពជួយឧបត្ថម្ភសហគមន៍។
តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អបអរសាទរស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ (រូបថត៖ vnanet.vn)
លោក Nguyen Thanh Van បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនក្នុងប្រទេស តែងតែចាត់ទុកជនរួមជាតិវៀតណាមនៅក្រៅប្រទេសជាចំណែកមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម ជាពិសេសអាណិកជនវៀតណាមនៅកម្ពុជានិយាយរួម និងអាណិកជនវៀតណាមក្នុងតំបន់ភាគពាយ័ព្យ និយាយដោយឡែក តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនទាំងមូលក្នុងប្រទេស ក៏ដូចជាសហគមន៍អាណិកជនវៀតណាមនៅក្រៅប្រទេស។ លោក Nguyen Thanh Van សង្ឃឹមថា ក្នុងរយៈពេលខាងមុខ អាណិកជនវៀតណាមនឹងគោរពតាមច្បាប់របស់កម្ពុជា និងបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋានបានល្អ; ខិតខំប្រឹងប្រែងពុះពារការលំបាក; យកចិត្តទុកដាក់លើការសិក្សារបស់កូនៗ; លើកតម្កើងប្រពៃណីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា។
កម្មវិធី “និទាឃរដូវនៃស្រុកកំណើត” នៅទីក្រុងព្រះសីហនុ ក៏ត្រូវបានរៀបចំឡើងនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុផងដែរ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវក្នុងស្រុក អាណិកជនវៀតណាមដែលរស់នៅ និងធ្វើការក្នុងខេត្តចំនួន ៦ ភាគនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ។
ចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល “និទាឃរដូវនៃស្រុកកំណើត” ដើម្បីស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ២០២៤ ភ្ញៀវនិងអាណិកជន វៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា មានឱកាសស្តាប់បទភ្លេងវៀតណាមអំពីនិទាឃរដូវ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ព្រមទាំងរីករាយជាមួយរសជាតិដ៏សម្បូរបែបនៃម្ហូបប្រពៃណីរបស់ជាតិ ហើយរួមគ្នាស្វាគមន៍និទាឃរដូវថ្មីនៅប្រទេសវៀតណាម និងមាតុភូមិទីពីររបស់ពួកគេគឺប្រទេសកម្ពុជា៕