បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជនពេញចិត្តមួយទំហឹងតែម្តង។
ហាងគីមស៊ីន កំពុងតែមមាញឹកអាំងសាច់សម្រាប់បម្រើអតិថិជន។បុកល្ហុងជាអាហារមួយមុខដ៏ពេញនិយមរបស់ ខ្មែរ។ ផ្តើមពីគ្រឿងផ្សំសាមញ្ញៗដូចជា ផ្លែល្ហុង (ផ្លែខ្ចី ឬស្រគាល) យកទៅសាប់ជាសរសៃៗ ត្រកួន សណ្តែកកួរ សណ្តែកដី ប៉េងប៉ោះ ជីរនាងវង ជីរអង្កាម ខ្ទឹមក្រហម ក្រូចឆ្មារ ម្ទេស។ល។ លាយផ្សំជាមួយទឹកកាពិប្រហុកកូរជាមួយនឹងស្ករត្នោតដែលលើកចេញពីចង្ក្រាននៅក្តៅឧណ្ហៗ។ ល្បាយនេះធ្វើតាមរូបមន្តរបស់ហាងបុកល្ហុងរៀងៗខ្លួន ធ្វើឲ្យម្ហូបនេះមានរសជាតិហឹរ និងជូរអែមលាយឡំគ្រប់រសជាតិ ផ្តល់នូវចំណាប់អារម្មណ៍ ហើយមើលទៅទំនងសម្រាប់អ្នកពិសា។ ល្ហុងបុករួចហើយត្រូវផ្អាប់ក្លាសេឱ្យត្រជាក់ដើម្បីរក្សាភាពស្រួយស្រឹបរបស់វា ដែលត្រូវបានបងប្អូនជនជាតិ ខ្មែរ រៀបចំយ៉ាងសម្រិតសម្រាំង។
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម បុកល្ហុងមួយចានទាបមានតម្លៃចាប់ពី ២០.០០០ ទៅ ៣០.០០០ដុង។
បុគ្គលិកហាងបុកល្ហុង រីណា កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការអាំងម្ហូប។តាមការសង្កេតរបស់អ្នកយកព័ត៌មាន កាសែតព័ត៌មាននិងជនជាតិ ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ចាប់ពីព្រឹកដល់រសៀល មនុស្សម្នាមកពីមូលដ្ឋានជាច្រើនបានមូលមីរគ្នាមកទស្សនា និងលេងកម្សាន្តចូលឆ្នាំ វៀតណាម នៅឃុំទ្រីតូន ភ្នំនូយកឹម កូតូ ជាដើម ហើយក៏បានឈប់សម្រាកនៅ "វិថីបុកល្ហុង" ដើម្បីពិសាមុខម្ហូបពិសេសប្រចាំតំបន់នេះ។
ហាងបុកល្ហុងទាំងឡាយនៅឃុំទ្រីតូននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់មជ្ឈដ្ឋាន ដោយសារតែរសជាតិបុកល្ហុងសុទ្ធតែមានរូបមន្តប្រចាំហាងនីមួយៗ។បងស្រី នាង ស្រីនី ម្ចាស់ហាង រីណា បានប្រាប់ឱ្យដឹងថា ហាងបើកលក់តាំងពីព្រឹករហូតដល់រសៀល។ ក្នុងឱកាសបុណ្យចូលឆ្នាំ វៀតណាម បងលក់ដាច់ខ្លាំងណាស់ ជួនកាលលក់បានរាប់ពាន់ចានទាបក្នុងមួយថ្ងៃគឺជារឿងធម្មតា។ ដើម្បីបម្រើអតិថិជន ហាងត្រូវប្រមូលបុគ្គលិកជិត ១០ នាក់ដើម្បីអាំងសាច់គោ សាច់មាន់ និងបុកល្ហុងជាបន្តបន្ទាប់។
អតិថិជនឈរចាំទិញបុកល្ហុងនៅហាងបុកល្ហុង រីណា។មិនត្រឹមតែហាង រីណា ទេ ហាងផ្សេងៗដូចជា គីមស៊ីន រ៉ាធី ជាដើមក៏មមាញឹកដែរ មានអតិថិជនតម្រង់ជួរទិញជាច្រើន។ បុកល្ហុងមួយចានទាបមានតម្លៃប្រហែល ២០.០០០ ទៅ ៣០.០០០ដុង ពិសាផ្សំជាមួយនឹងសាច់គោអាំង ជើងមាន់ ស្លាបមាន់អាំងដែលមានតម្លៃចាប់ពី ១០.០០០ ទៅ ២០.០០០ដុងក្នុងមួយចំណែក។
អតិថិជនជាច្រើនតម្រង់ជួរចាំទិញបុកល្ហុង។យោងតាមអ្នកស្រុកនៅទីនេះ ហាងបុកល្ហុងជាច្រើនបានដំណើរការជាង ១០ ឆ្នាំហើយ ហើយក៏ក្លាយជាកន្លែងឈប់សម្រាកសម្រាប់ភ្ញៀវទេសចររាល់ពេលអញ្ជើញមកលេងកម្សាន្តទ្រីតូនម្តងៗ។ ហាងនីមួយៗមានរូបមន្តទឹកគ្រឿងដោយឡែក បង្កើតរសជាតិពិសេសមួយផ្គាប់ចិត្តអតិថិជនខ្លាំង។
គ្រឿងផ្សំផ្លែល្ហុង ត្រកួន សណ្តែកកួរ សណ្តែកដី ប៉េងប៉ោះ ជីរនាងវង ជីរអង្កាម។ល។ ល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតត្រូវបានច្របល់ហើយដាក់ចូលទៅក្នុងត្បាល់បុក។បរិយាកាសអ៊ូអរនៃ "វិថីបុកល្ហុង" នាអំឡុងប៉ុន្មានថ្ងៃដើមឆ្នាំមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃម្ហូបអាហាររបស់តំបន់ បៃនូយ ប៉ុននោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើតការងាររកស៊ីចិញ្ចឹមជីវិតសម្រាប់ប្រជាជនក្នុងមូលដ្ឋាននេះ ធ្វើឲ្យការឆ្លងកាត់ពិសោធន៍ទេសចរណ៍នៅខេត្តអានយ៉ាង កាន់តែសម្បូរបែបថែមទៀតផង រៀងរាល់និទាឃរដូវឈានមកដល់ម្តងៗ៕