វៀតណាម - យុគសម័យថ្មី

បិទសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៦៖ បញ្ជាក់ពីស្មារតីធ្វើសកម្មភាព និងការប្តេជ្ញាចិត្តនាំមកនូវកំណែទម្រង់ពិតប្រាកដ

បន្ទាប់ពីធ្វើការអស់រយៈពេល ២៧ ថ្ងៃ មកដល់រសៀលថ្ងៃទី ២១ ខែវិច្ឆិការនេះ សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៦ បានបើកកិច្ចប្រជុំបិទបញ្ចប់នៅវិមានរដ្ឋសភា (ក្រុងហាណូយ)។

ទិដ្ឋភាពទូទៅនៃវគ្គបិទកិច្ចប្រជុំ។ រូបថត៖ VNA

អញ្ជើញចូលរួមក្នុងពិធីបិទមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន។ សម័យប្រជុំបិទបញ្ចប់ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ដើម្បីឱ្យអ្នកបោះឆ្នោត និងប្រជាជនតាមដានទាំងអស់គ្នា។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំបិទបញ្ចប់ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានឱ្យដឹងថា៖ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានចំណាយពេលវេលាភាគច្រើនសម្រាប់ការងារនីតិកម្ម ដោយបានពិនិត្យនិងអនុម័តច្បាប់ចំនួន ៣៨ សេចក្តីសម្រេចចិត្តបទដ្ឋានគតិយុត្តចំនួន ៥ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៥។

ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ រូបថត៖ VNA

“ដូច្នេះ ក្នុងឆ្នាំដំបូងនៃអាណត្តិ តាមរយៈសម័យប្រជុំចំនួន ៣ លើក រដ្ឋសភានីតិកាលទី១៦ បានពិនិត្យនិងអនុម័តលើច្បាប់ចំនួន ៦២ និងសេចក្តីសម្រេចចិត្តបទដ្ឋានគតិយុត្តចំនួន ១៦ ដែលបញ្ជាក់ពីស្មារតីធ្វើសកម្មភាព និងការប្តេជ្ញាចិត្តនាំមកនូវកំណែទម្រង់ពិតប្រាកដក្នុងការងារនីតិកម្ម ធ្វើឱ្យគោលនយោបាយរបស់បក្សក្លាយជាការពិត ទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការនៃការអនុវត្តជាក់ស្តែង ក៏ដូចជាបំណងប្រាថ្នារបស់ប្រជា ជន”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកត្រឹន ថាញ់​មិន។

នៅក្នុងសម័យប្រជុំ រដ្ឋសភាបានអនុម័តគោលនយោបាយវិនិយោគសម្រាប់កម្មវិធីគោលដៅចំនួន ១ និងគម្រោងសំខាន់ៗថ្នាក់ជាតិចំនួន ៣; ពិនិត្យនិងសម្រេចលើបញ្ហាសេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខសំខាន់ៗផ្សេងទៀត ព្រមទាំងសម្រេចលើការងារកម្មាភិបាលតាមសមត្ថកិច្ច។ ជាពិសេស រដ្ឋសភាបានអនុម័តលើគោលនយោបាយវិនិយោគសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗអន្តរតំបន់ជាច្រើន ដូចជាផ្លូវល្បឿនលឿន បាវហា - ឡាយចូវ ក្វាងង៉ាយ - កុនទុម ម៉ុកចូវ - សឺនឡា - ឌៀនបៀន; សម្រេចលើយន្តការ និងគោលនយោបាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច យុងក្វាត កែសម្រួលព្រំដែនរដ្ឋបាលរវាងទីក្រុងហាណូយ និងខេត្តភូថ ក៏ដូចជាគោលនយោបាយពិសេសដើម្បីដោះស្រាយការលំបាកសម្រាប់សហគ្រាស និងអ្នកបង់ពន្ធ។ រដ្ឋសភាបានធ្វើសម័យសួរដេញដោលដំបូងនៃអាណត្តិលើវិស័យហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ “ពីជោគជ័យនេះ បន្តបញ្ជាក់ពីមេរៀនបទពិសោធន៍ដ៏មានតម្លៃ ដើម្បីផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពប្រតិបត្តិការរបស់រដ្ឋសភា នោះគឺ៖ ធានាការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្ស; ការយកចិត្តទុកដាក់ និងទាន់ពេលវេលារបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាន ហើយដោយផ្ទាល់ និងជាប្រចាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; ការរួមដំណើរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ...។ សមាជិកសមាជិកាសភាបានលះបង់កម្លាំងកាយចិត្ត មានទំនួលខុសត្រូវខ្ពស់ ដោយចែករំលែក និងរួមចំណែកមតិយោបល់ជាច្រើន ព្រមទាំងស្នើដំណោះស្រាយដែលកើតចេញពីការអនុវត្តជាក់ស្តែង”។

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រតិភូចូលរួមសម័យប្រជុំបិទបញ្ចប់នៃកិច្ចប្រជុំ ។ រូបថត៖ VNA

រដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បន្ទាប់ពីសម័យប្រជុំនេះភ្លាម ត្រូវប្រញាប់ប្រញាល់រៀបចំអនុវត្តឱ្យបានម៉ឺងម៉ាត់ ព្រមៗគ្នា និងមានប្រសិទ្ធភាពនូវច្បាប់ និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័ត ដើម្បីឱ្យសេចក្តីសម្រេចរបស់រដ្ឋសភាឆាប់ឈានចូលទៅក្នុងជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត រួមចំណែកអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ប្តេជ្ញាខិតខំប្រឹងប្រែងជំរុញកំណើន GDP ឱ្យសម្រេចបានចាប់ពី ១០% ឡើងទៅ ដើម្បីឱ្យឆ្នាំ ២០២៧ ក្លាយជាឆ្នាំនៃការបង្កើនល្បឿន បង្កើតសន្ទុះ បង្កើតជំហរ និងបង្កើតកម្លាំងដើម្បីអនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤៕


top