ព័ត៌មាន

បិទមហាសន្និបាតបក្សលើកទី ១៤៖ អគ្គលេខាបក្ស លោក តូ ឡឹម ត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម បានបើកពិធីបិទយ៉ាងឱឡារិកនារសៀលថ្ងៃទី២៣ ខែមករា នៅមជ្ឈមណ្ឌលសន្និបាត ជាតិ ក្នុងទីក្រុងហាណូយ បន្ទាប់ពីធ្វើការអស់រយៈពេល ៥ ថ្ងៃ (ថ្ងៃទី១៩-២៣ ខែមករា)។
  គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ អញ្ជើញបង្ហាញមុខនៅចំពោះមុខមហាសន្និបាត (រូបថត៖ TTXVN)  
  អគ្គលេខាបក្ស លោកតូ ឡឹម តាងនាមគណៈកម្មាធិការមជ្ឈិមអញ្ជើញថ្លែងសុន្ទរកថា (រូបថត៖ TTXVN)  
  លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា ក្នុងនាមគណៈអធិបតី រាយការណ៍អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ អគ្គលេខាធិការ លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាល ទី១៤ (រូបថត៖TTXVN)  
  មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់យ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិនៅទីក្រុងហាណូយនារសៀលថ្ងៃទី ២៣ខែមករា (រូបថត៖ TTXVN)  

អញ្ជើញចូលរួមពិធីបិទមានប្រតិភូចំនួន ១.៥៨៦នាក់  អ្នកបដិវត្តន៍ជើងចាស់  អ្នកម្តាយវៀតណាមវីរៈភាព តំណាងបញ្ញវន្ត ឯកអគ្គរដ្ឋទូត ភារធារី ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិនានា។

ជាកិច្ចចាប់ផ្តើមពិធីបិទ លោក ឡេ កួក មិញ សមាជិកលេខាធិការដ្ឋាន បានប្រកាសបញ្ជីឈ្មោះគណបក្សនយោបាយ អង្គការ មិត្តភក្តិអន្តរជាតិ និងជនជវៀតណាមនៅក្រៅប្រទេស ដែលបានបន្តផ្ញើសារអបអរសាទរដល់មហាសន្និបាតលើកទី១៤ របស់បក្ស។ គិតត្រឹមថ្ងៃទី២៣ ខែមករា មានលិខិតអបអរសាទរ និងទូរលេខចំនួន ៨៩៨ ពីគណបក្សនយោបាយ អង្គការ មិត្តភក្តិអន្តរជាតិ និងសមាគមជនវៀតណាមនៅក្រៅប្រទេស  បានផ្ញើមកកាន់មហាសន្និបាតបក្សលើកទី១៤នេះ។

តាងនាមគណៈអធិបតីនៃមហាសន្និបាត ដើម្បីជម្របជូនរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៤ លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភាបានប្រកាសថា គណៈកម្មាធិការមជ្ឈិមបានជ្រើសតាំងសមាជិកចំនួន ១៩ រូបនៃការិយាល័យនយោបាយនីតិកាលទី១៤ ដោយមានសំឡេងគាំទ្រខ្ពស់។

ជាមួយនឹងសំឡេងគាំទ្រដាច់ខាត (១០០%) គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ បានជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ លោកតូ ឡឹម កាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។

អង្គប្រជុំបានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានមជ្ឈិមនីតិកាលទី១៤ ដែលមានសមាជិកចំនួន ១៣ រូប ក្នុងនោះមានសមាជិកការិយាល័យនយោបាយ ១០ រូបដែលត្រូវបានការិយាល័យនយោបាយចាត់តាំងចូលរួមសមាជិកលេខាធិការដ្ឋាន និងចំនួន ៣ រូបដែលត្រូវបានជ្រើសរើសនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ គឺអនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន, ឧបនាយករដ្ឋមន្ត្រីលោកស្រី  ហ្វាម ធី ថាញ់ត្រា និងប្រធានតុលាការប្រជាជនកំពូល ង្វៀន វ៉ាន់ ក្វាង។

គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ ក៏ឯកភាពជាឯកច្ឆន្ទតែងតាំងលោក ត្រឹន កឹម ទូ បន្តកាន់តំណែងលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិម នីតិកាលទី១៤។ ការិយាល័យនយោបាយបានចាត់តាំងលោក ត្រឹន កឹម ទូ ឲ្យបន្តកាន់តំណែងសមាជិកអន្ត្រៃយ៍នៃលេខាធិការដ្ឋាននីតិកាលទី ១៤។

នៅរសៀលថ្ងៃទី ២៣ ខែមករា នៅក្នុងសម័យប្រជុំបិទបញ្ចប់នៃមហា សន្និបាតលើកទី ១៤ របស់បក្ស លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៣ ខែមករា គណៈ កម្មាធិការមជ្ឈិមនីតិកាលទី ១៤ បានបោះឆ្នោតអនុម័តលើចំនួនសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៤ ចំនួន ២៥ នាក់ (សមាជិកជំនាញចំនួន ២៣ នាក់ និងសមាជិកទទួលបន្ទុកចំនួន ២ នាក់)។

អញ្ជើញថ្លែងបន្ទាប់ពីសមាជិក ២០០ នាក់នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ ត្រូវបានបង្ហាញមុខនៅចំពោះមុខមហាសន្និបាត អគ្គលេខាគណៈកម្មាធិការមជ្ឈិម នីតិទី១៤ លោក តូ ឡឹម បានបញ្ជាក់ថា នេះជាកិត្តិយស និងជាការទទួលខុសត្រូវដ៏ធំធេង។

នៅចំពោះបក្សនិងប្រជាជន យើងខ្ញុំនឹងខិតខំដោយអស់ពីសមត្ថភាព ដោយស្មោះអស់ពីចិត្ត និងដោយអស់ពីសមត្ថភាព ដើម្បីបម្រើបុព្វហេតុដ៏ថ្លៃថ្នូរបស់បក្ស របស់បដិវត្តន៍ និងរបស់ប្រជាជន។ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ សច្ចារថា ស្មោះត្រង់ជាដាខ់ខាតចំពោះគោលដៅនិងឧត្តមគតិរបស់បក្ស ដោយដាក់ផលប្រយោជន៍ជាតិ និងជនជាតិជាចម្បងបង្អស់ រក្សាឯករាជ្យភាព ខ្លួនទីពឹងខ្លួន ប្តេជ្ញាការពារមាតុភូមិ និងប្រជាជន។ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ នឹងបន្តកសាង និងកែសម្រួលបក្សដ៏ស្អាតស្អំ និងរឹងមាំ រក្សាសាមគ្គីភាព និងឯកភាពក្នុងបក្ស

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ផ្លូវខាងមុខនៅមានភារកិច្ចសំខាន់ៗជាច្រើន ដែលទាមទារការតាំងចិត្តខ្ពស់ វិន័យតឹងរ៉ឹង និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។

នៅចំពោះមុខបក្ស ចំពោះមុខប្រជាជន យើងសន្យាថា នឹងសាមគ្គីភាព ស្រុះចិត្តគំនិតគ្នា ធ្វើការយ៉ាងម៉ឺងម៉ាត់   និងខិតខំដល់ទីបញ្ចប់ ដើម្បីសក្តិសមនឹងជំនឿជាក់របស់បក្ស របស់ប្រជាជន និងប្រតិភូក្នុងមហាសន្និបាត ដោយប្តេជ្ញាដឹកនាំអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយនាំប្រទេសជាតិឱ្យអភិវឌ្ឍកាន់តែខ្លាំងមាំមួន និងសម្បូររងរឿងក្នុងយុគសម័យថ្មី។

ក្នុងអំឡុងពេលនៃសម័យប្រជុំបិទមហាសន្និបាត ប្រតិភូបានបោះឆ្នោតអនុម័តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។ បន្ទាប់មក អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ លោកតូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបិទ មហាសន្និបាតដោយបញ្ជាក់ថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង។

បន្ទាប់ពីសម័យប្រជុំបិទ នឹងប្រព្រឹត្តទៅសន្និសីទសារព័ត៌មានអន្តរជាតិ ដើម្បីប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្ស។

នៅល្ងាចថ្ងៃដដែល កម្មវិធីសិល្បៈពិសេសមួយដែលមានចំណងជើងថា "ក្រោមទង់ដ៏រុងរឿងរបស់បក្ស" ត្រូវបានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិ មីឌិញ ក្នុងទីក្រុងហាណូយ ដើម្បីអបអរសាទរភាពជោគជ័យនៃមហា សន្និបាត។

 កម្មវិធីសិល្បៈបានបង្ហាញពីជំនឿរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងការប្តេជ្ញាចិត្តក្នុងការអនុវត្តដោយជោគជ័យ សេចក្តីសម្រេចនៃមហាសន្និបាតជាតិលើកទី១៤៕


top