ព័ត៌មាន

បារាំងវាយតម្លៃខ្ពស់ចំពោះ កម្លាំងចលករអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសឯកអគ្គរដ្ឋទូត និងតំណាងការទូតដែលកំពុងធ្វើការនៅវៀតណាម។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។ រូបថត៖ ស្ថានទូតបារាំងប្រចាំនៅទីក្រុងហាណូយ

ដោយចូលរួមសម័យបើក និងសម័យបិទនៃមហាសន្និបាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet បានកោតសរសើរយ៉ាងខ្លាំងចំពោះការតម្រង់ទិសយុទ្ធសាស្ត្រដែលត្រូវបានអនុម័ត ដោយចាត់ទុកនេះ ជាមូលដ្ឋានគ្រឹះសម្រាប់បើកចេញដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់វៀតណាម។

យោងតាមឯកអគ្គរដ្ឋទូត Olivier Brochet រាល់ការសម្រេចចិត្តនៃមហាសន្និបាតបានបង្ហាញយ៉ាងច្បាស់ពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍ រួមចំណែកពង្រឹងឋានៈ និងតួនាទីអន្តរជាតិកាន់តែកើនឡើងរបស់វៀតណាម ហើយបង្កើតឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងទំនាក់ទំនងវៀតណាម-បារាំង។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម បារាំងបានបញ្ជាក់ថា នឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមតាមរយៈកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើទំនាក់ទំនងមិត្តភាពអស់រយៈពេលជាង ៥០ ឆ្នាំកន្លងទៅ។

“បារាំងស្វាគមន៍ចំពោះសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាម ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងមហាសន្និបាតបក្សលើកទី១៤ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏រឹងមាំ និងស្វាហាប់។ យើងមានបំណងចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍថ្មី ហើយជឿជាក់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួម”

លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការតម្រងទិសគោលនយោបាយការបរទេសរបស់វៀតណាម ដែលឆ្ពោះទៅរកការលើកកម្ពស់តួនាទីសកម្ម និងមានទំនួលខុសត្រូវនៅក្នុងយន្តការពហុភាគី ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព និងពហុភាគីនិយម។

“វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រ ដែលលោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ជាបន្តបន្ទាប់ នៅក្នុងសុន្ទរកថាបើកមហាសន្និបាត។ នេះគឺជាប្រទេសមួយដែលរួមចំណែកយ៉ាងសកម្មដល់ស្ថិរភាពក្នុងតំបន់ និងកំពុងអះអាងពីតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ នៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងវេទិកាពហុភាគីផ្សេងទៀត។ ទាំងនេះគឺជាតម្លៃដែលបារាំងនិងវៀតណាមរួមគ្នាចែករំលែក ដែលមានសារៈសំខាន់ពិសេសសម្រាប់ការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រជាជននៅជុំវិញពិភពលោក”


top