ពីអយស្ទ័រស្រស់ៗ នៅដែនសមុទ្រវៀតណាម ប្រជាជនបានបង្កើតជាមុខម្ហូបបបរអយស្ទ័រដ៏ឈ្ងុយឆ្ងាញ់ ជីវជាតិ និងពោរពេញដោយរសជាតិមហាសមុទ្រ។ សាមញ្ញតែប្រណីត បបរអយស្ទ័រមិនត្រឹមតែជាមុខម្ហូបធម្មតាធ្លាប់ជួបប្រទះក្នុងជីវភាពរស់នៅនៃប្រជាជនវៀតណាមប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយមួយ សម្រាប់ភ្ញៀវទេសចរ អាចទទួលអារម្មណ៍ពេញលេញពីរសជាតិផ្អែមនៃសមុទ្រ និងភាពសាមញ្ញនៃម្ហូបវៀតណាមផងដែរ។
បបរអយស្ទ័រជាមុខម្ហូបសម្បូរជាតិបំប៉ន បានប្រៀបដូចជា viagra ធម្មជាតិ ដែលមានរសជាតិសមុទ្រនៃប្រជាជនវៀតណាម។ រូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម
អយស្ទ័រ គឺជាគ្រឿងសមុទ្រដែលពេញនិយម នៅតាមតំបន់សមុទ្រវៀតណាម សម្បូរទៅដោយជាតិបំប៉ន និងងាយស្រួលចម្អិន។ ពីអយស្ទ័រ ប្រជាជនវៀតណាមអាចបង្កើតបានជាមុខម្ហូបឆ្ងាញ់ៗជាច្រើន ដូចជា៖ អយស្ទ័រអាំងខ្លាញ់ស្លឹកខ្ទឹម អយស្ទ័រអាំងប៊ឺខ្ទឹមស អយស្ទ័រ ដុតឈីសអយស្ទ័រចៀនពងមាន់ អយស្ទ័រចំហុយ សម្លអយស្ទ័រ និងអយស្ទ័រញ៉ាំឆៅ (Sashimi)។ល។ ក្នុងចំណោមនោះ បបរអយស្ទ័រនៅតែជាមុខម្ហូបបែបស្រុកស្រែ ប៉ុន្តែមានរសជាតិទាក់ទាញបំផុត។
អយស្ទ័រស្រស់ៗ ធាត់ ច្នៃបានជាបបរអយស្ទឺរឆ្ងាញ់ពិសា សប្បូរជាតិបំប៉ន។ រូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រទេសវៀតណាម មានឆ្នេរសមុទ្រវែង និងមានតំបន់ទឹកភ្លាវថ្លាស្អាត សម្បូរទៅដោយផ្លង់តុង (Plankton) ដែលជាលក្ខខណ្ឌដ៏ល្អបំផុត សម្រាប់របរចិញ្ចឹមអយស្ទ័រ។ នៅតាមបណ្តោយតំបន់ភាគកណ្តាល ដូចជាខេត្ត ធឿធៀនហ្វេ (Thua Thien Hue) ដាណាំង (Da Nang) ខាញ់ហ្វា (Khanh Hoa)។ល។ សុទ្ធតែល្បីល្បាញដោយសារអយស្ទ័រស្រស់ និងមានសាច់ណែន។
យោងតាមការស្រាវជ្រាវ អយស្ទ័រមានផ្ទុកវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន ដូចជា វីតាមីនD ជាតិដែក ម៉ាញេស្យូម សេលេញ៉ូម ប្រូតេអ៊ីន ស័ង្កសី ទង់ដែង វីតាមីនB12 និង អូមេហ្គា-3 ដែលល្អខ្លាំងសម្រាប់បេះដូង ឆ្អឹង និងខួរក្បាល។ ប្រជាប្រិយវៀតណាម តែងប្រៀបប្រដូចអយស្ទ័រ ទៅនឹង "ប្រភព Viagra នៃសមុទ្រ" ដែលជួយបង្កើនសុខភាព និងកម្លាំង ហេតុដូច្នេះហើយ វាបានមនុស្សជាច្រើនពេញចិត្ត ជាពិសេសគឺបុរសៗ។
គ្រឿងផ្សំសម្រាប់ធ្វើបបរអយស្ទ័រ គឺសាមញ្ញណាស់រួមមាន អយស្ទ័រស្រស់ ខ្ទឹមក្រហម ខ្ទឹមស្លឹក ជីវ៉ាន់ស៊ុយ ខ្ញី ទឹកត្រី ម្រេច។ល។ រូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម
បបរអយស្ទ័រងាយស្រួលចម្អិន គ្រឿងផ្សំសាមញ្ញតែប្រណីត។ គ្រាន់តែមានអយស្ទ័ខ្ចី ជាប្រភេទអយស្ទ័រធំ សាច់ខ្លាញ់ ពណ៌សដូចទឹកដោះ រួមជាមួយអង្ករ ជួនកាលដាក់បន្ថែមសណ្តែកខៀវ ឬគ្រាប់ឈូក ចម្អិនជាមួយខ្ទឹមក្រហម ខ្ញី ម្រេច ទឹកត្រី និងជីរវ៉ាន់ស៊ុយ។ អង្កររម្ងាស់ឱ្យឆ្អិនជាបបរ រីឯសាច់អយស្ទ័រឆាជាមួយខ្ទឹមក្រហម និងគ្រឿងទេស រួចដាក់ចូលក្នុងឆ្នាំងបបរដែលកំពុងពុះ បន្ថែមគ្រឿងទេសឱ្យល្មមមាត់។
ហើយជាធម្មតាមិនអាចណាខ្វះគ្រឿងផ្សំ អង្ករខ្សាយ និង ទឹកត្រីឆ្ងាញ់ៗ។ រូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម
បបរអយស្ទ័រ ឆ្ងាញ់បំផុតគឺញ៉ាំពេលនៅក្តៅ។ បបរមួយមាត់ៗឈ្ងុយឆ្ងាញ់ លាយឡំជាមួយរសជាតិផ្អែមពីអយស្ទ័រ ព្រមទាំងក្លិនក្រអូបនៃស្លឹកខ្ទឹម ម្រេច និងខ្ញី។ មុខម្ហូបនេះសក្តិសមសម្រាប់គ្រប់រដូវកាលទាំងអស់ ពិសេសបំផុតគឺនៅពេលបានអង្គុយញ៉ាំ នៅមាត់សមុទ្រដែលមានខ្យល់បក់ ជាទីដែលរសជាតិប្រៃនៃសមុទ្រ ហាក់ដូចជាជ្រាបចូលទៅក្នុងសាច់អយស្ទ័រស្រស់ៗតែម្ដង។
មិនត្រឹមតែឈ្ងុយឆ្ងាញ់នោះទេ បបរអយស្ទ័រក៏ជាអាហារដែលមានតម្លៃសមរម្យ និងងាយរក នៅតាមហាងលក់គ្រឿងសមុទ្រ ក្នុងតម្លៃប្រហែល៥០.០០០ - ១០០.០០០ដុង ពោលគឺមិនដល់ ៥ដុល្លារអាមេរិកផងក្នុងមួយចាន។ មកដល់វៀតណាម ភ្ញៀវទេសចរមិនគួររំលងឱកាសភ្លក់រសជាតិម្ហូបដ៏សាមញ្ញ តែពោរពេញដោយភាពទាក់ទាញនេះ - ជាទីដែលប្រមូលផ្ដុំរសជាតិផ្អែមនៃសមុទ្រ ភាពប៉ិនប្រសប់របស់ប្រជាជនវៀតណាម និងស្មារតីម្ហូបអាហារ ដែលពោរពេញដោយអត្តសញ្ញាណជាតិ៕
- រៀបរៀង៖ ថាញហ្វ័រ/ កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង