ព័ត៌មាន

បន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦

សមាជិកសភាបានផ្តោតការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNA

បន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី៨ ខែសីហា រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គអំពីសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក និងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន៩ ស្តីពីយោធា និងការពារជាតិ។ សមាជិកសភាបានផ្តោតការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក។

ការរៀបចំសេចក្តីព្រាង និងការប្រកាសឱ្យប្រើច្បាប់នេះ មិនត្រឹមតែមានគោលបំណងធ្វើឱ្យសុក្រិតប្រព័ន្ធច្បាប់ និងបំពេញតាមតម្រូវការនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យជាក់លាក់នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រិះរិះជាយុទ្ធសាស្ត្រក្នុងការការពារមាតុភូមិឱ្យបានឆាប់ និងតាំងពីចម្ងាយ ដោយទប់ស្កាត់ និងបញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងសកម្មតាំងពីដើមដំបូង។

លោក ង្វៀន វ៉ាន់ លីច តំណាងរាស្ត្រមកពីខេត្តឡាងសឺន បានអត្ថាធិប្បាយថា៖ “សេចក្តីព្រាងច្បាប់នេះផ្តោតលើការបង្ការ ដែលសមស្របនឹងតម្រូវការការពារជាតិក្នុងស្ថានភាពថ្មី។ ផ្នត់គំនិតគ្រប់គ្រងផ្លាស់ប្តូរពីការដោះស្រាយការរំលោភបំពានបន្ទាប់ពីបានកើតឡើង ទៅជាការកំណត់ហានិភ័យជាមុន ការវាយតម្លៃហានិភ័យ ការព្រមាន និងការទប់ស្កាត់តាំងពីដំបូងទី។ សេចក្តីសម្រេចលេខ ១៥៤០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តម្រូវឱ្យប្រទេសនានាបង្កើតក្របខ័ណ្ឌច្បាប់ និងអនុវត្តវិធានការត្រួតពិនិត្យក្នុងស្រុក ដើម្បីទប់ស្កាត់ម្ចាស់កម្មវត្ថុមិនមែនរដ្ឋពីការអភិវឌ្ឍ ការកាន់កាប់ ការដឹកជញ្ជូន ការផ្ទេរ ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ គីមី និងយានជំនិះដឹកជញ្ជូន។ ការកសាងច្បាប់នេះមិនត្រឹមតែអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាអន្តរជាតិដែលវៀតណាមបានចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានច្បាប់រួមសម្រាប់ការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ រកឃើញ គ្រប់គ្រង និងដោះស្រាយការរីកសាយភាយឬហិរញ្ញប្បទានការរីកសាយអាវុធប្រល័យលោកផងដែរ។”

នៅរសៀលថ្ងៃ ៨ ខែសីហា រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រេង និងឧស្ម័ន (ធ្វើវិសោធនកម្ម) នៅក្នុងសម័យប្រជុំពេញអង្គ៕


top