វប្បធម៌

បច្ចេកវិទ្យាបើកផ្លូវសម្រាប់ឧស្សាហកម្មវប្បធម៌វៀតណាម

ក្នុងយុគសម័យឌីជីថល ប្រទេសវៀតណាមកំពុងជាសក្ខីភាពនូវបន្លាស់ប្តូរយ៉ាង​ខ្លាំងក្លា។

ក្នុងយុគសម័យឌីជីថល ប្រទេសវៀតណាមកំពុងជាសក្ខីភាពនូវបន្លាស់ប្តូរយ៉ាង​ខ្លាំងក្លា នៅពេលដែលបច្ចេកវិទ្យា មិនត្រឹមតែជួយដល់ការអភិរក្សបេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ពង្រីក​លំហ​ច្នៃប្រតិដ្ឋ​ និង​លើកកម្ពស់​អំណាចទន់​របស់ជាតិផង។

នៅសារមន្ទីរហាណូយ ទម្រង់នៃការបញ្ចាំងទំនើបៗ ដូចជា 3D mapping អេក្រង់អន្តរកម្ម និងទិន្នន័យឌីជីថល ជួយឱ្យដំណើរទស្សនា​កាន់តែមានភាពជាក់ស្តែង និងរស់រវើក។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
រូបថត បាន​ថតដោយហ្វីលពណ៌ អំពីក្រុងហាណូយ នៅដើមទសវត្សរ៍ឆ្នាំ៩០ មាន​ភាពស្រស់​បំព្រង​ ដោយសារបច្ចេកវិទ្យារូបភាព​អគ្គិសនី នៅ​សារមន្ទីរហាណូយ។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម

ពី "តម្លៃទន់" ​ដល់កម្លាំងចលករ​កំណើន

ក្នុងចរន្តនៃសកលភាវូបនីយកម្ម និងឌីជីថលូបនីយកម្ម ការរួមបញ្ចូល​រវាង​បច្ចេកវិទ្យា និង​វប្បធម៌​នៅវៀតណាម កំពុង​ក្លាយជាទិសដៅ​យុទ្ធសាស្ត្រ។ ប្រសិនបើ កាលពីមុន វប្បធម៌ ​បាន​​មើលឃើញថាជាវិស័យ​ស្មារតី​ជាចម្បងនោះ ​បច្ចុប្បន្នកំពុង​បាន​កំណត់​ទីតាំង​​ដូច​ជាវិស័យសេដ្ឋកិច្ចមួយ​ ដែល​មានសមត្ថភាពបង្កើត​តម្លៃ​បន្ថែម និង​រួម​ចំណែក​​ដោយផ្ទាល់​ដល់​កំណើន។

នៅក្នុងសន្និសីទ CICON Vietnam 2026 ក្រោមប្រធានបទ "កំណើន​ប្រកប​ដោយ​ចីរភាព​ក្នុងយុគសម័យ AI" សាស្រ្តាចារ​ង​ បណ្ឌិត ម៉ាក់ ក្វឹក​អាញ់ (Mac Quoc Anh) - ប្រធាន​វិទ្យាស្ថាន​​​សេដ្ឋកិច្ច និងអភិវឌ្ឍន៍​សហគ្រាស និង​ជា​អនុប្រធាន​សមាគម​សហគ្រាសធុន​តូច និងមធ្យម ទីក្រុង​ហាណូយ បាន​លើក​ឡើង​ថា៖ “យើង​កំពុង​ឈរ​នៅចំពោះមុខ​ចំណុចរបត់​មួយ ដែល​សិល្បៈ​មិន​មែន​ជា​ទំនិញ​ប្រណីត​ទៀត​ទេ ប៉ុន្តែ​​វាកំពុង​ក្លាយជាផ្នែក​មួយ​នៃសេដ្ឋកិច្ច”។ ប្រការ​នេះ ឆ្លុះបញ្ចាំង​​ការផ្លាស់ប្តូរ ពី "តម្លៃទន់" ទៅជា "ធនធាន​រឹង" ទី​ដែល​ឧស្សាហកម្ម​វប្បធម៌ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយ​ជា​សសរ​ស្តម្ភ​ថ្មី។​

បច្ចេកវិទ្យាទំនើបធ្វើឱ្យរស់រវើកឡើងវិញ នូវលំហបេតិកភណ្ឌនាពេលរាត្រី នៅតំបន់កេរដំណែលវ៉ាន់មីវ - ក្វឹក​ទឺយ៉ាម (Van Mieu – Quoc Tu Giam) ទីក្រុងហាណូយ។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម
ភ្ញៀវទេសចរបទពិសោធន៍អន្តរកម្មជាមួយអេក្រង់សេនស័រ នៅវ៉ាន់មីវ - ក្វឹក​ទឺយ៉ាម ទីក្រុងហាណូយ។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម
 

ក្រឡេកមកមើលប្រវត្តិសាស្ត្រវិចិត្រ​សិល្បៈ​វៀតណាម ធ្លាប់​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ដើម​សតវត្សរ៍ទី​២០ ជាមួយ​សាលាវិចិត្រសិល្បៈ​ឥណ្ឌូចិន ដែល​ជា​កន្លែង​បណ្តុះ​បណ្តាល​វិចិត្រករ​ល្បីៗ​ជាច្រើន​។ ក៏ប៉ុន្តែ​ ដោយមាន​សង្គ្រាម​រ៉ាំរ៉ៃ រួម​ជា​មួយ​សម័យ​កាល​ឧបត្ថម្ភ​ធន បាន​ធ្វើឱ្យ​ទីផ្សារ​សិល្បៈ​ ស្ទើរ​តែ​នៅឈរ​ទ្រឹង​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​។ ចាប់តាំងបន្ទាប់ពី "បន្លាស់ប្តូរ​" ឆ្នាំ​១៩៨៦ ទីផ្សារ​សិល្បៈ​ទើប​តែ​រស់ឡើង​​ជា​បណ្តើរៗ បើក​ចេញ​​ជំនាន់​ច្នៃប្រតិដ្ឋមួយ សកម្ម​ និង​សមាហរណកម្ម​​ជាង​មុន។

បច្ចុប្បន្ន វៀតណាមមានភាព​​ប្រៀប​ជាច្រើន៖ វប្បធម៌​ចំណាស់ ធនធាន​មនុស្ស​វ័យ​ក្មេង ​និង​ការកើនឡើងយ៉ាងឆាប់រហ័ស នៃវណ្ណៈ​កណ្តាល ដែល​ជា​ក្រុម​អតិថិជន​ត្រៀមខ្លួន​ចំណាយ លើផលិតផល​វប្បធម៌។ តាម​ទិសដៅ​ជាតិ ឧស្សាហកម្ម​វប្បធម៌ ត្រូវ​បាន​រំពឹងថា នឹងរួមចំណែក ៧% នៃ GDP នៅឆ្នាំ​២០៣០ និង ៩% នៅឆ្នាំ​២០៤៥​ ព្រមទាំង​រក្សាអត្រា​កំណើន នៃការនាំចេញពី ៧ - ៩% ក្នុង​មួយ​ឆ្នាំ។​

លំហពិព័រណ៍ "ព្រះរាជសារប្តូររាជធានី" ដែល​ប្រកាសដោយ​ស្តេច លី ថាយ​តូ (Ly Thai To) នៅរដូវផ្ការីកឆ្នាំ១០១០ នៅសារមន្ទីរហាណូយ ដោយ​មាន​រួមបញ្ចូលនៅ​លើ​អេក្រង់ប៉ះ សម្រាប់ស្វែងរកព័ត៌មាន។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម

ទីផ្សារក៏បានកត់សម្គាល់​នូវសញ្ញាវិជ្ជមានផងដែរ។ ក្នុងដំណាក់កាលឆ្នាំ២០២៤ - ២០២៥ ចំនួន ​វិចិត្រសាល (gallery) លំហច្នៃប្រតិដ្ឋ និងអគារ​ដេញថ្លៃ នៅទីក្រុង​ហាណូយ និង​​ទីក្រុង​ហូជីមិញ បានកើនឡើងយ៉ាងលឿន។ ស្នាដៃរបស់វិចិត្រករល្បីៗ​ដូចជា ប៊ូយ​ស្វឹន​ផាយ (Bui Xuan Phai) ឡេផូ (Le Pho) ង្វៀន ទឺងិម (Nguyen Tu Nghiem) ម៉ាយ​ ត្រុង​ធឺ (Mai Trung Thu) ទទួលបានការវាយ​តម្លៃខ្ពស់ សឱ្យ​ឃើញ​ការ​ទាក់ទាញ​កាន់​តែ​ខ្លាំង នៃសិល្បៈវៀត​ណាម។

មិន​ត្រឹមតែ​វិចិត្រសិល្បៈ​ប៉ុណ្ណោះ​ទេ វិស័យ​ភាព​យន្ត​វៀត​ណាម​ ក៏​មា​ន​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ផងដែរ​។ ខ្សែភាពយន្ត "ម៉ាយ - Mai" ទទួល​បាន​ចំណូល​ជាង ៥០០ ពាន់​លាន​ដុង​ក្នុង​ស្រុក និង​​បាន​ចាក់​បញ្ចាំង​នៅរោង​ភាពយន្ត​ជាង ១០០កន្លែង​ នៅ​អាមេរិក​ កាណាដា​ និង​អឺរ៉ុប ដែល​អះអាង​​ពី​សមត្ថភាព​ប្រកួត​ប្រជែង​អន្តរជាតិ នៃ​ផលិតផល​វប្បធម៌​វៀតណាម។

បច្ចេកវិទ្យា "ដំឡើង" នូវប្រព័ន្ធអេកូឡូស៊ីច្នៃប្រតិដ្ឋ​

បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរនេះ។ លោកដាំង​ មិញ​វែ (Dang Minh Ve) នាយករង​សារមន្ទីរហាណូយ បានមាន​ប្រសាសន៍​ថា​៖ “ការ​ផ្លាស់​ប្តូរ​ឌីជីថល មិនជំនួសតម្លៃប្រពៃណី​ទេ ប៉ុន្តែ​ជួយ​ឱ្យ​រឿងរ៉ាវ​វប្បធម៌​បាន​ផ្សព្វ​ផ្សាយ តាម​របៀបដែល​ទាក់ទាញ និងងាយស្រួល​ចូលទៅជិតជាងមុន”។

ជំនួស​ឱ្យការរក្សាទុក​វត្ថុបុរាណ​តាមបែបប្រពៃណី បច្ចេកវិទ្យាដូច​ជា ការស្កែន 3D ការ​ថត​រូប​កម្រិត​​ខ្ពស់ និង​ការផ្ទុក​ទិន្នន័យ លើក្លោដ (Cloud storage) ​បង្កើតបាន​​ច្បាប់ចម្លងឌីជីថលយ៉ាងត្រឹមត្រូវ​។ អាស្រ័យហេតុនេះ ការអភិរក្សកាន់តែមានចីរភាព ព្រមទាំង​ពង្រីកលទ្ធភាពចូល​ទៅជិតសម្រាប់​អ្នកស្រាវជ្រាវ និង​សាធារណជន។

 
តំបន់ពិព័រណ៍សិល្បៈរបាំអាយ៉ង​ទឹក នៅសារមន្ទីរហាណូយ ​បានរួមបញ្ចូល​ជាមួយម៉ាស៊ីន​បញ្ចាំង ដើម្បីបង្កើតវីដេអូ ដែលមើលឃើញផ្ទាល់ភ្នែក ជួយឱ្យភ្ញៀវទេសចរងាយស្រួល​យល់ និង​ទទួលអារម្មណ៍។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម

មិនឈប់ត្រឹមតែការអភិរក្សនោះទេ បច្ចេកវិទ្យា កំពុង​លើក​កម្ពស់​បទពិសោធន៍​វប្បធម៌។ នៅ​សារមន្ទីរហាណូយ ការប្រើប្រាស់បច្ចេកវិទ្យា 3D mapping អេក្រង់​អន្តរកម្ម ​និង​ទិន្នន័យឌីជីថល ធ្វើឱ្យដំណើរ​ទស្សនា​កាន់តែ​មាន​ភាព​រស់​រវើក។ ទន្ទឹម​នឹង​នោះ ដំណើរ​កម្សាន្តពេលយប់នៅរមណីយដ្ឋាន​ដូចជា វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) កំពុងបង្កើតផលិតផល​ទេសចរណ៍ថ្មី ទីដែល​​បច្ចេកវិទ្យា​ពន្លឺ សំឡេង និង​ការពិត​និម្មិត (Virtual Reality) នាំ​មកនូវបទពិសោធន៍ពិសេស​។

លោក ឡេ ស្វឹន​គីវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌល​សកម្មភាព​វប្បធម៌ និង​វិទ្យាសាស្ត្រវ៉ាន់មីវ - ក្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) បានឱ្យដឹងថា៖ “កម្មវិធី​ដំណើរ​កម្សាន្ត​ពេលយប់ នឹងបន្ត​បង្កើនកម្រិត ដោយ​មាន​បច្ចេកវិទ្យា​ដើរ​តួនាទី​ជាស្នូល ក្នុងការធ្វើថ្មី​របៀប​និទាន​រឿង​បេតិកភណ្ឌ តាម​រយៈ​នោះ​នាំមកនូវ​បទពិសោធន៍​ទាក់​ទាញ និង​សម​ស្រប​ជាង​​ សម្រាប់​ភ្ញៀវទេសចរ​សហសម័យ​”។

បច្ចេកវិទ្យា 3D mapping បង្កើតឡើងវិញ នូវខ្សែលំហូរប្រវត្តិសាស្ត្រ នៅលើក្បឿងបុរាណនីមួយៗ នៅវ៉ាន់មៀវ - គ្វឹកទឺយ៉ាម​ ហាណូយ។ រូបថត៖ កុង ដាត/កាសែតរូបភាពវៀតណាម
 

ទម្រង់រូបភាព​ទាំងនេះ កំពុង​ទាក់ទាញភ្ញៀវទេសចរ​យ៉ាង​ខ្លាំង ជាពិសេស​ភ្ញៀវ​អន្តរជាតិ​ នៅពេលដែលពួកគាត់​អាច "ប៉ះ" ប្រវត្តិ​តាមរយៈ​បច្ចេកវិទ្យា។ នេះ​ក៏​ជា​វិធី​ដែល​ឧស្សាហកម្ម​វប្បធម៌​ពង្រីក​ឥទ្ធិពល នាំយក​អត្តសញ្ញាណ​វៀត​ណាម​ទៅ​កាន់​ពិភពលោក​។

ផ្នែកសហគ្រាស ក៏បានរួមចំណែកយ៉ាងសំខាន់​ផងដែរ។ ក្រុមហ៊ុន បច្ចេកវិទ្យា​វៀត​ណាម​ជាច្រើន បានប្រើប្រាស់ 3D ដើម្បីបង្កើតឡើងវិញនូវលំហប្រវត្តិសាស្ត្រ ចាប់​ពី​ក្រុង​បុរាណ​​​ហាណូយ រហូត​ដល់​រាជវាំង​ថាំង​ឡុង (Thang Long)  និង​សំណង់​ស្ថាបត្យកម្ម​​លេចធ្លោផ្សេងៗទៀត។ ការកសាង​មូលដ្ឋានទិន្នន័យបេតិកភណ្ឌ​សុក្រឹតូបនីយកម្ម​​​ មិនត្រឹមតែ​បម្រើដល់​ការអភិរក្ស​ប៉ុណ្ណោះ​ទេ នៅ​​ថែម​ទាំង​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់ការច្នៃប្រតិដ្ឋ​មាតិកា និង​ការ​អភិវឌ្ឍ​ផលិតផល​វប្បធម៌ ក្នុង​បរិស្ថាន​ឌីជីថល​ទៀតផង។

បទពិសោធន៍តថភាពនិម្មិត (Virtual Reality) នាំភ្ញៀវទេសចរ "ឆ្លងកាត់ពេលវេលា" ត្រឡប់ទៅអតីតកាល បើកបង្ហាញដំណើរស្វែងរកបេតិកភណ្ឌ តាមបែបបទថ្មីស្រឡាង។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម
រាល់លំហពិព័រណ៍នៅក្នុងសារមន្ទីរហាណូយ សុទ្ធតែបានរៀបចំឡើងជាមួយនឹងអេក្រង់ប៉ះខ្នាតធំ ភ្ញៀវទេសចរគ្រាន់តែ "ប៉ះ" និង "អូស" គឺអាចសិក្សាព័ត៌មានទាំងស្រុង អំពីតំបន់​ពិព័រណ៍​បាន។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម

ក្នុងបរិបទថ្មី បេតិកភណ្ឌវប្បធម៌ មិនត្រឹមតែជាអនុស្សាវរីយ៍​​អតីតកាល​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជាធនធាន​ សម្រាប់​អនាគត​ផង​ដែរ​។ នៅពេល​ដែល​បច្ចេកវិទ្យា​ក្លាយ​ជា​ស្ពាន​តំណភ្ជាប់ ឧស្សាហកម្ម​វប្បធម៌​វៀតណាមកំពុងបោះជំហានឆ្លងកាត់ដែនគ្មាន​កំណត់​នៃ​លំហ ​និង​ពេល​វេលា បើកចេញ​​ប្រព័ន្ធអេកូឡូស៊ី​ច្នៃប្រតិដ្ឋ​ដ៏រស់​រវើក ទី​ដែល​អត្តសញ្ញាណ​​ជាតិ​បាន​រក្សា និង​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ក្លា នៅ​លើ​ផែន​ទី​វប្បធម៌​​ពិភពលោក​

អត្ថបទ៖ ង៉ឹន​ហា- រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top