ព័ត៌មាន

បង្កើតរបកគំហើញថ្មី ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកាន់តែជាក់ស្តែង

នារសៀលថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Gillian Bird នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលចាត់ទុកអូស្ត្រាលីជាមិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានសក្តានុពលនិងតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើនជាមួយវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Gillian Bird ។ រូបថត៖ Duong Giang/VNA

លោក​នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រៀមរៀបចំ​ឱ្យបានល្អសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយទន្ទឹងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រីអូស្ត្រាលី​មក​បំពេញ​ទស្សនកិច្ច​នៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC ២០២៧។ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យភាគីទាំងពីរអនុវត្តន៍វិធានការ​ទម្លុះទម្លាយ ដើម្បីសម្រេចគោលដៅបង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីទ្វេដងក្នុងរយៈពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអូស្ត្រាលីបន្តបើកទីផ្សារសម្រាប់ទំនិញ ផលិត​ផល​កសិកម្ម និងជលផលវៀតណាម រក្សាការស្ថេរភាពនៃការ​ផ្គត់ផ្គង់ប្រេងឥន្ធនៈ​; កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃ។

រីឯខ្លួន​វិញ លោកស្រី ឯកអគ្គរដ្ឋទូត Gillian Bird បានសង្កត់ធ្ងន់ថា អូស្ត្រាលី​ជានិច្ច​កាល​រួម​ដំណើរ គាំទ្រ និងជួយ​ឧបត្ថម្ភវៀតណាម​ក្នុងការអនុវត្តកំណែទម្រង់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។ លោកស្រីបានបញ្ជាក់ពីបំណងចង់បន្តរួមចំណែកក្នុងការ​ជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែ​ជាក់​ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានប្រកាសថា អូស្ត្រាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍​សរុបជិត ១០០ លានដុល្លារអូស្ត្រាលីដល់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០២៦-២០២៧៕​


top