ម្ហូបអាហារ

នំយ៉ (gio) - ម្ហូបអាហារសាមញ្ញពីរដ្ឋធានីហាណូយ

តាំងពីយូរណាស់មកហើយ នំយ៉ (gio) គឺជាម្ហូបមួយមុខ ដែលពេញនិយម ក្នុងជីវភាពនៃ​ប្រជាជនរដ្ឋធានី​ហា​ណូយ។ 

តាំងពីយូរណាស់មកហើយ នំយ៉ (gio) គឺជាម្ហូបមួយមុខ ដែលពេញនិយម ក្នុងជីវភាពនៃ​ប្រជាជនរដ្ឋធានី​ហា​ណូយ។ គេ​​បរិភោគម្ហូននេះនៅពេលព្រឹក មុនពេលទៅ​ធ្វើការ ឬជាម្ហូបសម្រន់​សម្រាប់ពេលរសៀល ឬ​នៅពេល​យប់​​។ រូបភាពរបស់អ្នកលក់នំយ៉ (gio) តាមចិញ្ចើមផ្លូវ ជាមួយ​នឹងសំឡេងអញ្ជើញភ្ញៀវ "នំយ៉ក្តៅៗ!" បាន​ក្លាយ​ជាផ្នែក​មួយ​ នៃអនុស្សាវរីយ៍​របស់ប្រជាជន រស់នៅ​រដ្ឋធានី​ជាច្រើន​​ជំនាន់​។

នំយ៉ (gio) គឺជាម្ហូបមួយមុខ ដែលពេញនិយម ក្នុងជីវភាពនៃ​ប្រជាជនរដ្ឋធានី​ហា​ណូយ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង / VNA

លាក់ខ្លួនពីក្រោយរូបរាងដ៏សាមញ្ញ ​គឺ​ភាពប៉ិន​ប្រសប់​​របស់អ្នកធ្វើនំ។ ស្រទាប់សំបកនំខាងក្រៅ​ ត្រូវបានធ្វើ​ពី​ម្សៅ​អង្ករ​ខ្សាយ កកូរលើចង្រ្កានភ្លើងរហូតដល់មានភាព​ទន់ រលោង និងថ្លា។ ស្នូល​នំនេះ រួមមានសាច់ជ្រូកចិញ្ច្រាំ ផ្សិតត្រចៀកកណ្តុរ ផ្សិតស៊ីតាកេ ខ្ទឹមក្រហម និងម្រេច​បង្កើត​ជា​រសជាតិ​ចម្រុះ និងក្លិនឈ្ងុយឆ្ងាញ់​​​។ ខណៈ​ពេល​បក​​ស្លឹកចេក​នៅក្តៅ ជាតិកំដៅរួមជាមួយ​ក្លិនឈ្ងុយ​របស់នំយ៉ (gio) បង្កើតអារម្មណ៍ប្លែក និងជិតស្និទ្ធ​ដោយឡែក​នៃរដ្ឋធានី​ហាណូយ។

គ្រឿង​ធ្វើ​នំយ៉ (gio)  រួមមានសាច់ជ្រូកចិញ្ច្រាំ ផ្សិតត្រចៀកកណ្តុរ ផ្សិតស៊ីតាកេ ខ្ទឹមក្រហម និងម្រេចបង្កើតជារសជាតិចម្រុះ និងក្លិនឈ្ងុយឆ្ងាញ់។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង / VNA

យោងតាមលោកស្រី ង្វៀន ធីវិញ (Nguyen Thi Vinh) ជាអ្នកធ្វើនំយ៉យូរឆ្នាំ នៅផ្លូវ ធុយឃ្វេ (Thuy Khue)  ម្ហូបនេះ​ត្រូវបានគេចូលចិត្ត ដោយសារភាពសាមញ្ញ ភាព​ងាយ​ស្រួល និងសមស្របនឹងមនុស្សជាច្រើននាក់។ នំយ៉​ធ្វើ​ពីម្សៅអង្ករខ្សាយ​ មិនត្រូវការ​គ្រឿងទេសច្រើន ប៉ុន្តែ​នៅ​តែ​​នាំមកនូវ​អារម្មណ៍​ឆ្អែត និង​កក់ក្តៅ។

នំយ៉ (gio) ត្រូវបាន​ស្ងោរក្នុង​ឆ្នាំងទឹក​ពុះ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង / VNA
សព្វថ្ងៃនេះ ហាងលក់នំយ៉មានអាយុកាលយូរឆ្នាំ ​ដូចជា "នំយ៉បង្គោលអគ្គិសនី" នៅលើផ្លូវ ង៉ូ ធីញ៉ឹម (Ngo Thi Nham) ហាងនំយ៉របស់លោកស្រីអ៊ីច (Ich) នៅលើផ្លូវ​ទ្វេទិញ (Tue Tinh)  ឬហាងលក់នំយ៉ នៅបណ្ដា​ផ្លូវ​ធុយឃ្វេ (Thuy Khue) ផ្លូវ ង្វៀនកុងទ្រឺ (Nguyen Cong Tru) ផ្លូវ ដុងកាក (Dong Cac) នៅតែទាក់ទាញភ្ញៀវជា​ច្រើន​​នាក់​មក​​បរិភោគ ។
នំយ៉ (gio) មានសំបកពណ៌ស រសជាតិផ្អែមនៃសាច់ ក្លិនក្រអូបនៃផ្សិត និងភាពស្រួយ និង​ស្វិតនៃ ផ្សិតត្រចៀកឈើ។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង / VNA

សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នំយ៉​ក្តៅៗ ​ដែល​​លក់នៅ​ជ្រុង​​ផ្លូវនៃរដ្ឋធានីហាណូយ ​មិនត្រឹមតែ​ជាការទទួល​បទពិសោធន៍​នូវ​ម្ហូបអាហារវៀតណាមប៉ុណ្ណោះ ប៉ុន្តែ​នោះ​ក៏​​ជា​​មធ្យោបាយ​​មួយ​​ ដើម្បី​ស្វែងយល់នូវចង្វាក់ជីវិតយឺតៗ ផ្ចិតផ្ចង់ និង​សម្បូរ​ទៅដោយ​មនោសញ្ចេតនា​ នៅ​ទីក្រុង​មាន​​អាយុ​រាប់ពាន់​ឆ្នាំមួយនេះ ទៀតផង៕

អត្ថបទនិងរូបថត ៖ ត្រឹន ថាញ់ យ៉ាង  / VNP


top