នៅពេលណាដែលកម្ពស់ទឹកទន្លេ ទិច (Tich) ហូរកាត់តំបន់ ទិចយ៉ាង (Tich Giang) (ឃុំភុកថរ - Phuc Tho ទីក្រុងហាណូយ) ស្រកចុះទាប ទំនៀមទម្លាប់ចាប់ត្រីដោយអង្រុតសំណាញ់ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។
នៅពេលណាដែលកម្ពស់ទឹកទន្លេ ទិច (Tich) ហូរកាត់តំបន់ ទិចយ៉ាង (Tich Giang) (ឃុំភុកថរ - Phuc Tho ទីក្រុងហាណូយ) ស្រកចុះទាប ទំនៀមទម្លាប់ចាប់ត្រីដោយអង្រុតសំណាញ់ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ សកម្មភាពនេះ មិនត្រឹមតែបង្កើតឡើងវិញនូវវិធីសាស្ត្រនេសាទបុរាណប៉ុណ្ណោះទេ ថែមទាំងរក្សាទុកអនុស្សាវរីយ៍វប្បធម៌ និងបង្កើនសាមគ្គីភាពសហគមន៍ នៃប្រជាជននៅភូមិបុរាណ ទឿងភៀវ (Tuong Phieu) រស់នៅសងខាងដងទន្លេ ទិច ផងដែរ។
ក្រុមមនុស្សកាន់ឧបករណ៍អង្រុតសំណាញ់ នៅលើទន្លេ ទិច (Tich) បង្កើតបានជាទិដ្ឋភាពមួយ ដែលទាំងមានភាពអ៊ូអរ
ទាំងបង្កប់នូវលក្ខណៈដិតដាម នៃភូមិឋានជនបទភាគខាងជើង។ រូបថត៖ កុងដាត/VNP
តាំងពីព្រលឹមស្រាងៗ ប្រជាជនបានមកជួបជុំគ្នាកុះករនៅមាត់ទន្លេ។ ចាស់ព្រឹទ្ធាចារ្យភូមិបានធ្វើពិធីបើកបុណ្យ និងអុជធូបបន់ស្រន់សុំឱ្យអាកាសធាតុអំណោយផល ភោគផលកសិកម្ម ទទួលបានទិន្នផលខ្ពស់។ ពិធីការបានប្រារព្ធឡើងយ៉ាងខ្លី ប៉ុន្តែមានភាពអធិកអធម និងគួរឱ្យគោរព បង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងដងទន្លេ ដែលបានចិញ្ចឹមបីបាច់ថែរក្សាមនុស្សជាច្រើនជំនាន់មកហើយ។
ក្រោយពីពិធីការ នឹងមកដល់ឈុតឆាកចាប់ត្រីដោយអង្រុតសំណាញ់ ដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុត។ បុរសៗ មានកម្លាំងមាំមួនបានកាន់ដងអង្រុតធ្វើពីដើមឫស្សីវែងៗ លុយចុះទៅទន្លេ ឈរតម្រៀបគ្នាជាជួរទទឹង។ នៅពេលមានសញ្ញាបញ្ជា ពួកគាត់បានច្រត់អង្រុតសំណាញ់ចុះទឹកព្រមៗគ្នា។ សំឡេងអង្រុតសំណាញ់ប៉ះទឹកលាន់ឮគ្រហឹម ទឹកបាច់សាចពេញអាកាស ក្រោមសំឡេងស្រែកហ៊ោលកញ្ជ្រៀវឥតដាច់ពីអ្នកទស្សនា ដែលឈរណែនណាន់តាន់តាប់ នៅសងខាងច្រាំងទន្លេ។
អ្នកភូមិ ទឿងភៀវ (Tường Phiêu) បានយកតាមខ្លួននូវអង្រុតសំណាញ់ និងឧបករណ៍សម្រាប់នេសាទត្រី ធ្វើដំណើរជាក្បួនដង្ហែយ៉ាងមហោឡារិក ឆ្ពោះទៅកាន់ផ្នែកទន្លេ
ដែលរៀបចំពិធីបុណ្យ។
នៅកណ្តាលទន្លេ មនុស្សជាជួរ បានតម្រៀបគ្នាយ៉ាងស្មើ ដើម្បីត្រៀមសញ្ញាចាប់ផ្តើម។ នៅពេលសញ្ញាបញ្ជាបន្លឺឡើង ផ្ទៃទឹកទន្លេ បានបាញ់សាចយ៉ាងខ្លាំង
ដោយសារចង្វាក់វាយដំបងឫស្សីរាប់សិប។
ប្រជាជនរាប់រយនាក់ បានវាយដំបងឫស្សីចុះទៅក្នុងទន្លេទីច ( Tich) ព្រមៗគ្នា បង្កើតបានជាចង្វាក់យ៉ាងខ្លាំងក្លា និងពេញដោយថាមពលនៅកណ្តាលទន្លេ។
ស្ត្រីមួយចំនួននៅភូមិ ទឿងភៀវ ក៏បានចូលរួមចាប់ត្រីផងដែរ។ រូបថត៖
ថាញ់យ៉ាង/VNP
យោងតាមរឿងព្រេង ទំនៀមទម្លាប់ចាប់ត្រីដោយអង្រុតសំណាញ់ នៅទន្លេ ទិចយ៉ាង មានតាំងពីបុរាណកាលមកម្ល៉េះ ទន្ទឹមនឹងនោះក៏មានការផ្សារភ្ជាប់ទៅនឹងវិហារបុរាណ ទឿងភៀវ ដែលជាកន្លែងគោរពបូជាព្រះអង្គ តឹនវៀន (Tan Vien) ដែលជាអាទិទេពឈានមុខ ក្នុងចំណោម "អាទិទេពអមតៈទាំងបួនព្រះអង្គ" (Tu bat tu) នៅក្នុងជំនឿប្រជាប្រិយវៀតណាម។ អ្នកស្រុកមានតំណាលថា ព្រះអង្គ តឹនវៀន ផ្ទាល់ បានបង្រៀនប្រជាជនពីរបៀបត្បាញអួន ធ្វើអង្រុតសំណាញ់ និងធ្វើឧបករណ៍យោង ដើម្បីចាប់ត្រីនៅលើដងទន្លេ ទិច។ ដើម្បីរំលឹកដល់គុណូបការៈនោះ អ្នកភូមិបានកសាងវិហារ ដើម្បីគោរពបូជា និងថែរក្សាទំនៀមទម្លាប់នេះ ពីមួយជំនាន់ទៅមួយជំនាន់។
លោក ង្វៀន តៀនគឿង (Nguyen Tien Cuong) អ្នកភូមិ ទឿងភៀវ បានចែករំលែកថា៖ “រដូវកាលចាប់ត្រីដោយអង្រុតសំណាញ់ ដែលល្អបំផុតគឺចាប់ពីខែសីហា ដល់ខែតុលា (តាមចន្ទគតិ) ពេលទឹកហូរពីភ្នំ បាវិ (Ba Vi) ចុះមានកម្រិតតិច បាតទន្លេរាក់ជាងមុន ត្រីប្រមូលផ្តុំនៅតាមកន្លែងទឹកជ្រៅ។ ឧបករណ៍នេសាទមានភាពសាមញ្ញណាស់៖ ស៊ុមឫស្សីរាងសាជី រុំដោយសំណាញ់ តភ្ជាប់នឹងដងឫស្សីវែង។ នៅពេលដែលត្រីចូលក្នុងសំណាញ់ អ្នកវាយអង្រុតសំណាញ់អាចដឹងតាមរយៈរំញ័រ ដើម្បីលើកឡើង ឬមុជចុះទៅចាប់”។
ការចាប់ត្រីដោយអង្រុតសំណាញ់មួយលើកៗ អ្នកភូមិ ទឿងភៀវ ជាទូទៅទទួលបានត្រីពីរបីចង្កោម អ្នកខ្លះចាប់បានរហូតដល់រាប់សិបគីឡូក្រាម ភាគច្រើនជាត្រីឆ្ពិន។ ប៉ុន្តែសម្រាប់ប្រជាជននៅទីនេះ តម្លៃដ៏ធំបំផុត មិនស្ថិតនៅលើផលនេសាទនោះទេ។ ត្រីចាប់បាន ត្រូវបានចាត់ទុកជា "លាភសំណាងពីទន្លេ" បែងចែកជូនដល់អ្នករាល់គ្នា ដូចជាសេចក្តីរីករាយរួម នៃភូមិទាំងមូល។
ដោះត្រីចេញពីសំណាញ់ ដែលចងនៅខាងលើ ក្រោយពីរុតត្រីបាន។ រូបថត៖ កុងដាត/VNP
លោក ង្វៀន វ៉ាន់កុង (Nguyen Van Cong) អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំ ភុកថរ បានមានប្រសាសន៍ថា ទឿងភៀវ មានន័យថា "ជំនោខ្យល់សុខសាន្ត" ដែលជាភូមិបុរាណដ៏ល្បីល្បាញ មានវិហារបានជាប់ចំណាត់ថ្នាក់ ជាទម្រង់កេរដំណែលជាតិ។ ពិធីបុណ្យនៅវិហារ ទឿងភៀវ បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ហេតុដូច្នេះហើយ ទំនៀមទម្លាប់ចាប់ត្រីដោយអង្រុតសំណាញ់ នៅលើទន្លេ ទិច មិនត្រឹមតែជាទម្រង់នៃការរស់នៅបែបប្រជាប្រិយប៉ុណ្ណោះទេ នៅថែមទាំងជាលំហវប្បធម៌ដ៏វិសេសវិសាល ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមនុស្ស និងធម្មជាតិ។
លោក កុង បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំមានបំណងចង់អភិរក្ស និងលើកកម្ពស់តម្លៃនៃទំនៀមទម្លាប់ចាប់ត្រីដោយអង្រុតសំណាញ់ ទុកជាសម្រស់វប្បធម៌មួយ ដើម្បីទាក់ទាញទេសចរណ៍បែបបទពិសោធន៍ជនបទ។ តាមរយៈនេះ វាមិនត្រឹមតែជួយប្រជាជនបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ នៅថែមទាំងបំផុសមោទនភាព និងសាមគ្គីភាពសហគមន៍ផង ជាពិសេសជំនាន់យុវវ័យ ជាមួយនឹងប្រភពដើមនៃស្រុកកំណើត”។
នៅចុងបញ្ចប់នៃពិធីបុណ្យ ទិដ្ឋភាពទូទៅ នៃផ្នែកទន្លេបានលេចឡើងម្តងទៀត ជាមួយនឹងប្រជាជនជាច្រើន ដែលបានចូលរួមអង្រុតត្រី បង្កើតបានជារូបភាពដ៏រស់រវើក នៃសម្រស់វប្បធម៌ប្រពៃណី
របស់ភូមិទឿងភៀវ។
អ្នកចូលរួមយួរត្រីដែលទើបតែចាប់បាន ដើរកាត់វាលស្រែត្រឡប់ទៅកាន់ចំណុចប្រមូលផ្តុំវិញ ដើម្បីរាយការណ៍ពីចំនួនត្រី ជូនគណៈកម្មការរៀបចំ។ រូបថត៖ កុងដាត/VNP
កណ្តាលចង្វាក់ជីវិតរស់នៅបែបទំនើប ទិដ្ឋភាពនៃការចាប់ត្រីដោយអង្រុតសំណាញ់នៅលើដងទន្លេ ទិច នៅតែរក្សាបានភាពសាមញ្ញដដែល។ ក្រោមសំឡេងអង្រុតសំណាញ់ប៉ះទឹក និងសំឡេងសើចក្អាកក្អាយលាន់ឮរំពង យើងអាចទទួលបានអារម្មណ៍យ៉ាងច្បាស់ ពីចរន្តលំហូរយ៉ាងខ្ជាប់ខ្ជួន នៃទំនៀមទម្លាប់បុរាណមួយ ដែលកំពុងបន្តបានថែរក្សាទុកជាផ្នែកមួយ នៃចំណងអនុស្សាវរីយ៍ដ៏រស់រវើក របស់តំបន់ដីសងខាងទន្លេនេះ៕
អត្ថបទ៖ កុងដាត រូបថត៖ កុងដាត ត្រឹង ថាញយ៉ាង
ប្រែសម្រួល៖ រីកើង