ក្នុងចំណោមនាយទាហានស្រ្តីទាំង១០០នាក់ ដែលបានវៀតណាមបញ្ជូនទៅចូលរួមកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វរសេនីយ៍ឯកបម្រុង ង្វៀន ធីឡៀន (Nguyen Thi Lien) ជាអ្នកដែលបានបញ្ជូនទៅទ្វីបអាហ្វ្រីក ជាលើកទីពីរ។ មិនត្រឹមតែជំនាញល្អខាងឯកទេស បងស្រីនៅស្វាហាប់ ច្នៃប្រតិដ្ឋ ក្នុងការងារឧបត្ថម្ភ ជួយដល់ប្រជាជន ដូច្នេះបានបន្សល់ទុកចំណាប់អារម្មណ៍ប្រពៃ នៅក្នុងបេះដូងនៃសហការីអន្តរជាតិ និង ប្រជាជននៅមូលដ្ឋាន។
មុនពេលបានបញ្ជូនទៅចូលរួមកងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ វរសេនីយ៍ឯកបម្រុង ង្វៀន ធីឡៀន (Nguyen Thi Lien) ជាគ្រូបង្រៀនមុខវិជ្ជាភាសាអង់គ្លេស នៃសាលានាយទាហានកុម្មង់ដូ ប្រភេទទ័ពកុម្មង់ដូ។
ខែមិថុនា ឆ្នាំ២០១៩ វរសេនីយ៍ឯកបម្រុង ង្វៀន ធីឡៀន (Nguyen Thi Lien) (ពេលនោះកំពុងជាវរសេនីយ៍ទោ - អ្នកសារព័ត៌មាន) បាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បញ្ជូលទៅសាធារណរដ្ឋអាហ្វ្រីកកណ្តាល បំពេញភារកិច្ចនាយទាហានសេនាធិការហ្វឹកហាត់ នៃកងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នៅគណៈបេសកកម្ម MINUSCA។
នាយទាហានស្រ្តី ង្វៀន ធីឡៀន (Nguyen Thi Lien) ទទួលបានមនោសញ្ចេតនាយ៉ាងច្រើន ពីប្រជាជននៅមូលដ្ឋាន។ រូបថត៖ តួអង្គផ្តល់ជូន
លើកដំបូងបោះជំហានដល់សាធារណរដ្ឋអាហ្វ្រីកកណ្តាល ឃើញទេសភាពព្រលានយន្តហោះអន្តរជាតិ នៅរដ្ឋធានី Bangui លំៗមិនទាន់សម័យ មណ្ឌលទីផ្សារបែកបាក់ សើមប៉ផ្អៀច រុយហើរឆ្វេលឆ្វាត់ ប្រជាជនស្រេកឃ្លាន អាវខោដាច់រហែក។ល។ បងស្រី ឡៀន (Lien) លាន់មាត់ថា “ហេតុដូចម្តេចនៅទីនេះទុក្ខលំបាកយ៉ាងនេះ!”។
ហេតុនេះ អំឡុងពេលនៅទីនេះ ក្រៅពីការងារជំនាញក្នុងគណៈបេសកកម្ម បងស្រីបានចំណាយកម្លាំងណែនាំប្រជាជនរបៀបដាំបន្លែ ពោត សណ្តែកខៀវ សណ្តែកខ្មៅ។ល។ បងស្រីរកវិធីយកបានគ្រាប់ពូជជាច្រើនប្រភេទពីវៀតណាម ហើយណែនាំប្រជាជនបច្ចេកទេសដាំដុះ។ យ៉ាងនេះ នៅរយៈពេលខ្លីប្រជាជននៅទីនេះ បានចេះដាំដុះ បង្កើតជាចម្ការ បន្លែ ពោត សណ្តែកលូតលាស់ល្អ ដើម្បីកែលម្អរជីវភាពរស់នៅ។ មានពោត សណ្តែក រួចបងស្រីណែនាំពួកគាត់របៀបធ្វើសណ្តែកបណ្តុះ ធ្វើនំ ម្សៅសណ្តែកខៀវ តាវហូវ។ល។ ដើម្បីកែលម្អរតុអាហារ។
នាយទាហានស្រ្តី ង្វៀន ធីឡៀន (Nguyen Thi Lien) (ឈរទី៤រាប់ពីឆ្វេងទៅ) ថតរូបរួមនឹងក្រុមការងារនៅ MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន
ជាពិសេស ដើមឆ្នាំ២០២០ ជំងឺកូវិដ - ១៩ កើតឡើងនៅសាធារណរដ្ឋអាហ្វ្រីកកណ្តាល ក្នុងពេលនោះ ប្រជាជនគ្មានការត្រៀមបម្រុងអ្វីទាំងអស់ ទូទាំងប្រទេសគ្មានម៉ាសមួយទាល់តែសោះ។ ដោយសារចេះបច្ចេកទេសកាត់ដេរ វរសេនីយ៍ឯកបម្រុង ង្វៀន ធីឡៀន (Nguyen Thi Lien) ធ្វើម៉ាសបានជិត៨០០ឈុត បែងចែកដល់សមាជិកក្នុងគណៈបេសកកម្ម និង ប្រជាជននៅមូលដ្ឋាន។ ម៉ាសសាមញ្ញរបស់បងស្រី ឡៀន (Lien) មិនត្រឹមតែជួយដល់សមាជិកគណៈបេសកកម្មបង្ការប្រឆាំងជំងឺរាតត្បាតមានប្រសិទ្ធភាព នៅទាំងជួយប្រជាជននៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ រិះគិតរើសអើងចំពោះអ្នកពាក់ម៉ាស ដើម្បីយល់ដឹងអំពីរបៀបបង្ការជំងឺប្រកបដោយប្រសិទ្ធភាព។
នាយទាហានស្រ្តី ង្វៀន ធីឡៀន (Nguyen Thi Lien) កំពុងធ្វើការរួមនឹងក្រុមការងារនៃគណៈបេសកកម្ម MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន
បញ្ចប់អាណាត្តិបំពេញការងារនៅសាធារណរដ្ឋអាហ្វ្រីកកណ្តាល ខែមេសា ឆ្នាំ២០២២ បងស្រីបន្តទទួលបានទំនុកចិត្ត លើកទឹកចិត្តធ្វើដំណើរជាលើកទីពីរ ធ្វើជាមន្រ្តីទទួលបន្ទុកការងារទាហាន - ប្រជាជន នៃកងវិស្វកម្មលេខ១វៀតណាម នៅគណៈបេសកកម្ម UNISFA នៅតំបន់ Abyei។
តំបន់ Abyei ជាតំបន់ជម្លោះរវាង ស៊ូដង់ និង ស៊ូដង់ខាងត្បូង នៅអំឡុងពេលជាង១០ឆ្នាំកន្លងហើយ ទីនេះជាតំបន់អសេ្ថរភាពមួយ ទាំងសន្តិសុខ និង នយោបាយ ជាទីកន្លែងមួយដែលនៅរដូវប្រាំងដីត្រូវបែករហែង តែដល់រដូវវស្សា ផ្លូវសើមប៉ផ្អៀច ឬទឹកលិចដល់មិនអាចធ្វើដំណើររួច។ ជីវភាពរស់នៅនៃប្រជាជននៅទីនេះ ជួបការលំបាកយ៉ាងខ្លាំង ដោយសារគ្រោះចោរប្លន់ ជម្លោះពូជសាសន៍ ជម្លោះអាវុធ កើតមានឡើងជាប្រចាំ។
ចែករំលែកអំពីទុក្ខលំបាកនឹងប្រជាជន បងស្រី ឡៀន (Lien) និង ក្រុមការងារបានកៀងគរប្រជាជនសហការ បរិច្ចាគដីធ្វើផ្លូវ។ ប៉ុន្មានថ្ងៃយប់ រួមហូប រួមធ្វើជាមួយនឹងប្រជាជន កសាងផ្លូវជាច្រើន បានសម្រេចជាស្ថាពរ។ យ៉ាងនេះ ថ្ងៃខែនៅតំបន់ Abyei បងស្រីរួមនឹងក្រុមការងារបានឧស្សាហ៍ អត់ធ្មត់ ណែនាំ ជួយប្រជាជនធ្វើផ្លូវ ជីកអណ្តូង កសាងសាលារៀន ជួសជុលផ្ទះ អូសអគ្គិសនី ដាំដុះ បង្រៀនកុមាររៀន។ល។
ក្នុងលក្ខណៈកង្វះខាត ប៉ុន្តែកិត្យានុភាពរបស់ខ្លួន បងស្រី ង្វៀន ធីឡៀន (Nguyen Thi Lien) បានរៀបចំបានពីធីទទួលអាហារដោយមានការចូលរួមនៃតំណាងមកពីប្រទេសចំនួន២០ លើពិភពលោក។ រូបថត៖ តួអង្គផ្តល់ជូន
រំភើបចំពោះទឹកចិត្តរបស់នារីទាហានវៀតណាម ទាំងមនុស្សចាស់ក្មេង ទាំងកុមារ លោកគ្រូ អ្នកគ្រូ នៅតំបន់ Abyei បានហៅបងស្រីដោយឈ្មោះស្និទ្ធស្នាលថា “Madam Lien” ឬ “Mama Africa” ។ល។ រីឯឧត្តមសេនីយទោ Daniel Traore មេបញ្ជាការកងកម្លាំងយោធានៃគណៈបេសកកម្ម MINUSCA បានប្រគល់ជូនប័ណ្ណសរសើរដោយមានតួអក្សរថា “ទឹកចិត្តមនុស្សធម៌ មេត្តា និង សុឆន្ទៈ របស់អ្នកនាងបង្ហាញពីតម្លៃស្នូល នៃអង្គការសហប្រជាជាតិ។ អ្នកនាងសក្តិសមជាអ្នកការទូតដ៏អស្ចារ្យរបស់វៀតណាម”។
អត្ថបទ៖ ថាញហ្វ័រ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម តួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង