នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូទូទាំងប្រទេស ជាមួយក្រសួង ស្ថាប័នមជ្ឈឹម និងខេត្ត ក្រុងនានា ដើម្បីជំរុញខ្លាំងការបើកថវិកាចំណាយនៃទុនវិនិយោគសាធារណៈឆ្នាំ ២០២១។
|
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (រូបថត៖ TTXVN)
|
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានចាត់ទុកថា៖ នារយៈពេលកន្លងទៅ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានចាត់វិធានការយ៉ាងខ្លាំងក្លា សំដៅពន្លឿនការបើកថវិកាចំណាយនៃទុនវិនិយោគសាធារណៈ។ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានដាក់ចេញភារកិច្ចនិងដំណោះស្រាយជាច្រើន ហើយខិតខំប្រឹងប្រែងសម្រេចបានអត្រាបើកថវិកាចំណាយជាង ៩៥% នៃផែនការ ក្នុងឆ្នាំ ២០២១ ដោយរួមចំណែកដ៏សំខាន់ទៅក្នុងការស្ដារ និងអភិវឌ្ឍខឿនសេដ្ឋកិច្ចក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
|
ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បង្កើនការដឹកនាំ ជំរុញការបើកថវិកាចំណាយនៃទុនវិនិយោគសាធារណៈ ដោយមានគោលដៅសម្រេចរួចរាល់ការបើកថវិកាចំណាយនៃទុនវិនិយោគសាធារណៈក្នុងអត្រាខ្ពស់បំផុត ដោយធានាអំពីល្បឿន គុណភាព ប្រសិទ្ធភាព ព្រមទាំងរឹតបន្តឹងវិន័យ ប្រយុទ្ធប្រឆាំងអំពើអសកម្ម ផលប្រយោជន៍ ក្រុម ក្នុងការវិនិយោគសាធារណៈ។ លើលពីនេះទៅទៀត លោក នាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានារៀបចំការគ្រប់គ្រងជំងឺឲ្យបានល្អ ដើម្បីជំរុញការបើកថវិកាចំណាយនៃទុនវិនិយោគសាធារណៈផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម