នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill។ សម្ព័ន្ធក្រុមហ៊ុន TTI ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៥ ដែលមានទីស្នាក់ការនៅហុងកុង (ចិន) ដែលមានជំនាញក្នុងការផលិតឧបករណ៍អគ្គិសនីឧស្សា ហកម្មឥតខ្សែឈានមុខគេនៅលើពិភពលោក។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា: រដ្ឋា ភិបាលវៀតណាមសន្យា បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន TTI ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគ ជាពិសេសការវិនិយោគទៅលើបច្ចេកវិទ្យាខ្ពស់។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន ពង្រីកកាវិនិយោគបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Da Nang ទីក្រុងហូជីមិញនិងទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា បរិយាកាសវិនិយោគនិងធុរកិច្ចរបស់ប្រទេសវៀតណាមមានភាពទាក់ទាញគួរឱ្យកត់សម្គាល់ ដែលត្រូវបានកែលំអជានិច្ច និងខិតខំប្រឹងប្រែងឈរលំដាប់កំពូលរបស់អាស៊ាន។ ពោលគឺ សម្ព័ន្ធក្រុមហ៊ុនជាច្រើន បានវិនិយោគនិងផលិតនៅវៀតណាមនូវផលិតផលបច្ចេកវិទ្យាខ្ពស់ ហើយនាំចេញទៅកាន់ទីផ្សារពិភព លោក។ រដ្ឋាភិបាលវៀតណាមស្វាគមន៍ចំពោះគម្រោងវិនិយោគបច្ចេកវិទ្យាខ្ពស់ដូចជា TTI ហើយនឹងផ្តល់អាទិភាពជួយឧបត្ថម្ភជានិច្ច។
ចំណែកឯប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill មានបំណង ចង់វិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ជាពិសេសលើបណ្តាផលិតផលដូចជា គ្រឿងយន្តអេឡិចត្រូនិច ដែលផលិតនៅប្រទេសវៀតណាម។ លោករំពឹងថា បន្ទាប់ពី វិនិយោគនៅវៀតណាមមក ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងទទួលបានកំណើនខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ TTI នឹងវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាររបស់អាឡឺម៉ង់ដើម្បីបណ្តុះបណ្តាលវិស្វករវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម