ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមជួបមុខបណ្ដាតំណាងដែលចូលរួមវេទិកាជាន់ខ្ពស់៤.០

នៅខាងក្រៅវេទិកាជាន់ខ្ពស់ “ទស្សនៈវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍដោយលោតផ្លោះក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្មលើកទី៤” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហាណូយនោះ នារសៀលថ្ងៃទី១២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយបណ្ដាតំណាងចូល​រួមព្រឹត្តិការណ៍នេះ។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាពិព័រណ៍អន្តរជាតិអំពីការអភិវឌ្ឍឧស្សាហកម្មឆ្លាត (រូបថត៖ cafef.vn)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តទៅលើទូទាំងពិភពលោក ក្នុងនោះមានវៀតណាមទៀតផង។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា បណ្ដាតំណាងចូលរួមវេទិកាលើកនេះនឹងរិះរកទិសដៅប្រកបដោយប្រសិទ្ធភាពសំរាប់វៀតណាមក្នុង​កាលៈទេសៈថ្មី។

“ប្រការសំខាន់នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាមដណ្ដើមបានជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ខណៈដែលជួបការលំបាកសាកល្បងជាច្រើន។ ដោយហេតុនេះ ខ្ញុំស្នើឲ្យបណ្ដាតំណាងនៅទីនេះលើកឡើងនូវខ្លឹមសារស្នូលនៃបដិវត្តន៍ ៤.០ ភាពងាយស្រួលនិងការលំបាកសាកល្បងចំពោះវៀតណាម ក៏ដូចជាគោលជំហគោលនយោបាយនិងដំណោះស្រាយដើម្បីវៀតណាមអាចចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍៤.០ផងដែរ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងក្ដីសប្បាយនាពេលឃើញមានសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមចូលរួមវេទិកា ព្រោះថា នេះជាអង្គភាពនានាដែលអាចទទួលយកនិងអនុវត្តន៍ដោយផ្ទាល់នូវសមិទ្ធផលនានានៃបដិវត្តន៍ ៤.០ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top