ព័ត៌មាន

នាយករដ្ឋមន្ត្រី Li Qiang ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅចិន

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅចិន បានប្រារព្ធធ្វើឡើងនៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិន លោក Li Qiang។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VOV)

នៅមហាសាលប្រជាជន នាយករដ្ឋមន្ត្រីចិន លោក Qiang និងនាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានឧទ្ទេសនាមសមាសភាពគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Li Qiang បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ពិនិត្យកងកិត្តិយស។

បន្ទាប់ពីពិធីស្វាគមន៍ លោកនាយករដ្ឋមន្ត្រី Li Qiang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបពិភាក្សាការងារ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ចិនរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ចិនរបស់នាយករដ្ឋមន្ត្រីវៀតណាមក្រោយរយៈពេល ៧ ឆ្នាំកន្លង មក។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្ហាញលទ្ធផលជាក់ស្តែងនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅប្រទេសចិនកាលពីចុងឆ្នាំមុន។ ភាគីទាំងពីរនឹងពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក កំណត់ទិសដៅ និងភារកិច្ចពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។


top