ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ ឆ្នាំ APEC ២០២៧ បំផុសចលនាប្រឡងប្រណាំងកសាងរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមរួសរាយរាក់ទាក់

បំផុសចលនាប្រឡងប្រណាំងកសាងរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមរួសរាយរាក់ទាក់ ផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុង​សម័យប្រជុំ។រូបថត៖ VNA

នេះគឺជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង និងកោតសរសើរមជ្ឈិម នៅក្នុងសម័យប្រជុំលើកទីបីរបស់ក្រុមប្រឹក្សា ដើម្បីវាយតម្លៃការងារប្រឡងប្រណាំង និងកោតសរសើរឆ្នាំ ២០២៦ និងកំណត់ភារកិច្ចស្នូលសម្រាប់ឆ្នាំ ២០២៧ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ទាក់ទងនឹងឆ្នាំ APEC ២០២៧ ដែលរៀបចំឡើងនៅកោះភូកួក និងមូលដ្ឋានប្រមាណ ៨ នៅទូទាំងប្រទេស នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានស្នើឱ្យបំផុសចាប់ពីខែធ្នូ ឆ្នាំ ២០២៦ នូវចលនាប្រឡងប្រណាំងកសាងបរិស្ថាន “ភ្លឺ - បៃតង - ស្រស់ស្អាត” រូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមប្រកបដោយភាពរួសរាយរាក់ទាក់ បើកចំហ និងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ មតិជាច្រើននៅក្នុងសម័យប្រជុំក៏បានឯកភាពចំពោះសំណើនេះផងដែរ។ អនុប្រធានរដ្ឋ លោកស្រី វ៉ ធី អាញ់ សួន បានផ្តល់អនុសាសន៍ថា៖

“យើងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ឆ្នាំ ២០២៧ នេះគឺជាឱកាសដ៏សំខាន់បំផុតដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អំពីប្រទេសជាតិ និងអំពីប្រជាជនវៀតណាម ហើយក៏ជាឱកាសដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ផងដែរ។ ដូច្នេះ អាចស្រាវជ្រាវអំពីទម្រង់នៃការបំផុសចលនាប្រឡងប្រណាំងដែលពាក់ព័ន្ធនឹងវប្បធម៌ ដើម្បីផ្សារភ្ជាប់ជាមួយសប្តាហ៍ APEC បង្កើតបានជាបរិយាកាសប្រឡងប្រណាំងយ៉ាងផុលផុស មិនត្រឹមតែនៅកោះភូកួកប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងប្រទេសទៀតផង”។

ទិដ្ឋភាពទូទៅនៃ​សម័យប្រជុំ។រូបថត៖VNA

នៅក្នុងសម័យប្រជុំនេះដែរ ដោយលើកឡើងអំពីខ្លឹមសារផ្សេងទៀត នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៧ គឺជាឆ្នាំនៃការបង្កើនល្បឿន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ ឆ្នាំ។ ដូច្នេះ ការងារប្រឡងប្រណាំង និងកោតសរសើរ ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចស្នូល និងធ្វើឱ្យទៅជាសកម្មភាពជាក់ស្តែងតាមវិស័យនីមួយៗ។ ការប្រឡងប្រណាំងត្រូវតែផ្សារភ្ជាប់ជាមួយនឹងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍផលិតផលយុទ្ធសាស្ត្រ និងផលិតផលស្នូលដែលអាចធ្វើពាណិជ្ជកម្មបានភ្លាមៗ នៅក្នុងឆ្នាំ ២០២៧។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖

“ចលនាណាដែលអាចជួយដល់ដំណើរការអាជ្ជាធរមូលដ្ឋានពីរកម្រិត ជាពិសេសកម្រិតសង្កាត់ ឃុំ និងមូលដ្ឋាន គឺជាការរួមចំណែកដល់ការដោះស្រាយនីតិវិធីរដ្ឋបាលច្រកចេញចូលតែមួយ និងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាជន និងធុរកិច្ច។ កាលណាយើងកាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលានៃការអនុវត្តនីតិវិធីបានកាន់តែច្រើន កាលនោះនឹងរួមចំណែកកាន់តែល្អដល់កំណើនសេដ្ឋកិច្ច កសាងទំនុកចិត្ត និងបង្កើតឥទ្ធិពលយ៉ាងធំធេង។ រង្វាស់ចុងក្រោយ គឺថា តើប្រជាពលរដ្ឋ និងធុរកិច្ចទទួលបានផលប្រយោជន៍អ្វីខ្លះពីចលនាប្រឡងប្រណាំងទាំងនេះ”។

នាយករដ្ឋមន្ត្រីក៏បានដាក់បទបញ្ជាឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវចលនាប្រឡងប្រណាំងឆ្ពោះទៅទិវាខួបអនុស្សាវរីយ៍នានាក្នុងឆ្នាំខាងមុខ៕


top