ព័ត៌មាន

នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម មកបំពេញទស្សនកិច្ច

នារសៀលថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់អូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា​។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA

យោងតាមសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍ អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និង​ពិភាក្សាអំពីរបៀប​ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីររូប​នឹងជួបគ្នាជាលើកដំបូងនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១១ ខែសីហា ដើម្បីពិភាក្សាអំពីឱកាស​បង្កើនកិច្ចសហប្រតិបត្តិការ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាម គឺជាដៃគូដ៏ជិតស្និទ្ធ ដែលមានចំណង​មិត្តភាពយូរអង្វែង។ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបាន​លើក​កម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ កិច្ចសហប្រតិបត្តិការថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

សេចក្តីប្រកាសបានដកស្រង់សម្តីរបស់​នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម ត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់អនាគតនៃតំបន់។ លោក​នាយករដ្ឋមន្ត្រី Albanese ក៏បាន​ឱ្យដឹងថា អូស្ត្រាលី និងវៀតណាម មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ដោយមានពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០.០០០នាក់ មាន​ដើម​កំណើតវៀតណាម៕​


top