ទិដ្ឋភាពនៃពិធី (រូបថត៖ VOV) |
គម្រោងទាំងនេះ សំដៅអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤។ កម្មវិធីនេះត្រូវបានធ្វើឡើងផ្ទាល់នៅវិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក ក្នុងខេត្តថៃង្វៀន ដោយភ្ជាប់តាមអ៊ីនធឺណិតជាមួយទីតាំងពីរផ្សេងទៀត៖ សាលាត្រៀមសាកលវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀមសាកលវិទ្យាល័យជនជាតិភាគតិចសាំសឺន ក្នុងខេត្តថាញ់ហ័រ។
គម្រោងទាំងបីដែលបានចាប់ផ្តើមនៅថ្ងៃនេះ គឺជាគម្រោងវិនិយោគទ្រង់ទ្រាយធំ ក្នុងនោះ វិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក មានដើមទុន វិនិយោគធំបំផុត៖ ២៩៦ ពាន់លានដុង (ជាង ១១ លានដុល្លារអាមេរិក)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍមនុស្ស មនោសញ្ជេតនាដែលបក្ស រដ្ឋ និងប្រជាជនជូនចំពោះជន ជាតិ ភាគតិច និងតំបន់ព្រៃភ្នំ។
"ការវិនិយោគសម្រាប់សាលារៀននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ; ការវិនិយោគនៃសាមគ្គីភាពជាតិនិងភាតរភាព។ ការអប់រំកុមារសម្រាប់គ្រួសារជនជាតិភាគតិចនៅទីនេះ មិនគ្រាន់តែជាការបង្រៀនអក្ខរកម្មប៉ុណ្ណោះទេ ថែមទាំងជា “កូនសោរ” សម្រាប់បើកចេញឱកាសអភិវឌ្ឍន៍ ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាស្ថិរភាពនយោបាយ សង្គម ការពារជាតិ និងសន្តិសុខ។ សិស្សគ្រប់រូបដែលចូលរៀន ត្រូវបានចិញ្ចឹមបីបាច់ ផ្តល់ឱកាស និងទទួលបានការអប់រំដែលមានសុវត្ថិភាព គឺជាពលរដ្ឋល្អម្នាក់សម្រាប់ប្រទេសជាតិ"។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។
ដើម្បីធានាថា គម្រោងទាំងអស់ត្រូវបានបង្ហើយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ដោះស្រាយរាល់បញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័ស និងឧបត្ថម្ភដល់អ្នកម៉ៅការ អង្គភាពសំណង់ និងអ្នកប្រឹក្សាយោបល់ត្រួតពិនិត្យក្នុងការអនុវត្តគម្រោងនានាដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត៕