នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោកស្រី Robyn Mudie ( រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញនូវជំនឿទុកចិត្តថាដោយមានបទពិសោធន៍របស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីនឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត នាប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យអូស្ត្រាលីសហការ យ៉ាងជិតស្និទ្ធថែមទៀតជាមួយវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងដំណើរការវៀតណាម ទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ទាក់ទងនឹងនឹងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrisonនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់ថាដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ហើយរំពឹងថានឹងជួបជាមួយលោក Scott Morrison ឡើងវិញផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោកស្រី Robyn Mudie បានឲ្យដឹងថាប្រទេសអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោក Scott Morrison សំដៅបង្កើនថែមទៀតនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ លោកស្រីRobyn Mudie បានបន្តទៀតថានាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ក៏មានបំណងចង់ជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅថែមទៀតលើខ្លឹមសារដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នាសំដៅជំរុញទំនាក់ទំនងទ្វេភាគីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម