ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី។ រូបថត៖ VNA

ជំនួបសម្តែងការគួរសមនេះ បន្តរឹតចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធ។

នៅក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកនាយករដ្ឋមន្ត្រី  ឡេ មិញហ៊ឹង (Le Minh Hung) ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញទំនាក់ទំនងសភាកម្ពុជា-វៀតណាម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការចែករំលែកបទពិសោធន៍លើការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់ ព្រមទាំងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិជាដើម។

ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA

សូមបញ្ជាក់ថា លោក  ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕


top