នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមីក្រូនេស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ
សភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina (រូបថតៈ VGP/Quang Hiếu)
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យភាគីទាំងពីរ ជម្រុញការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនសំដៅបង្កើតមូលដ្ឋានគតិយុត្ត និងពន្លឿនការវិនិយោគលើវិស័យសំខាន់ៗ ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍និងគមនាគមន៍ជាដើម។ នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យប្រទេសទាំងពីរបន្តគាំទ្រគ្នានៅបណ្តាវេទិកាអង្គការតំបន់និងពហុភាគីជាពិសេសគឺអង្គការសហប្រជាជាតិ។
ឈរលើស្នារតីនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់ឲ្យមីក្រូនេស៊ីគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។
វាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងរវាងមីក្រូនេស៊ីនិងវៀតណាម ប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ីបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការវិវឌ្ឍយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនិងអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាពេលខាងមុខ ប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ីមានបំណង បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ក្នុងនោះមានសកម្មភាពការទូតរដ្ឋសភា ជួបប្រាស្រ័យប្រជាជន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម