ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិតសម្រាប់ឆ្នាំ ២០២៧

រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិត ដោយកៀរគរធនធានទាំងអស់ និងរឹតបន្តឹងវិន័យក្នុងការអនុវត្តដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ រួមជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាសុខុមាលភាពសង្គម។

ទិដ្ឋភាពនៃជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៦។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូសមាជិកសភានៃទីក្រុង ហៃហ្វុង បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៦ ក្នុងទម្រង់ដោយផ្ទាល់ និងការចូលរួមតាមអ៊ីនធឺណិត ជាមួយទីតាំងចំនួន ១១៤ នៅតាមឃុំ សង្កាត់ និងតំបន់ពិសេសនៃទីក្រុង។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដោយកំណត់ថាឆ្នាំ ២០២៧ ជាឆ្នាំដ៏សំខាន់សម្រាប់អាណត្តិទាំងមូល រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិត ដោយកៀរគរធនធានទាំងអស់ និងរឹតបន្តឹងវិន័យក្នុងការអនុវត្តដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ រួមជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាសុខុមាលភាពសង្គម។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង​ ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង ហៃហ្វុង។ (រូបថត៖ VNA)

“វិធីសាស្ត្រថ្មីមួយក្នុងការកែទម្រង់វិធីសាស្រ្តដឹកនាំ និងប្រតិបត្តិការរបស់រដ្ឋាភិបាលនោះ គឺផ្តោតលើការកសាងសេណារីយ៉ូកំណើនតាំងពីដំបូងទី ហើយប្រគល់ភារកិច្ចនិងកាលកំណត់ជាក់លាក់ លម្អិតដល់ក្រសួង ផ្នែក មូលដ្ឋាន និងវិស័យនីមួយៗ។ នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលនឹងជួបប្រជុំជាមួយក្រសួង និងស្ថាប័នមួយចំនួន ដើម្បីត្រៀមរៀបចំផែនការសេដ្ឋកិច្ច-សង្គម ដោយឈរ លើសេចក្តីសន្និដ្ឋានរបស់មជ្ឈិមនិងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។ ហើយផែនការនេះនឹងត្រូវបានកែសម្រួលជារៀងរាល់ខែ ដោយផ្អែកលើការវិវឌ្ឍក្នុងស្រុក និងអន្តរជាតិ ហើយយើងអាចត្រៀមវិធានការដោយម្ចាស់ការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលដែលអាចកើតមាន”។

នៅរសៀលថ្ងៃដដែល នៅទីក្រុង ហៃហ្វុង លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងកំពង់ផែលេខ ៩, ១០, ១១ និង ១២ ក្នុងពេលដំណាលគ្នា នៅក្នុងតំបន់កំពង់ផែ Lach Huyen និងគម្រោងរោងចក្រផលិតសម្ភារៈសុទ្ធ សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដោយប្រើប្រាស់វត្ថុធាតុដើមដីកម្រស្អាត នៅសួនឧស្សាហកម្មនិងតំបន់រួចពន្ធ Xuan Cau៕


top