ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិក្នុងគ្រប់ស្ថានភាព

នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ថាមពលជាតិវៀតណាម (Petrovietnam) បានរៀបចំពិធីអបអរសាទរខួបលើកទី៦៥ នៃទិវាប្រពៃណីវិស័យប្រេងឥន្ធនៈនិងឧស្ម័នវៀតណាម ក្រោមប្រធានបទ “៦៥ឆ្នាំ នៃ Petrovietnam៖ ថាមពលជាតិ - មហិច្ឆតាសកល”។

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង អញ្ជើញថ្លែងនៅក្នុង​ពិធីអបអរសាទរខួបលើកទី៦៥ នៃទិវាប្រពៃណីវិស័យប្រេងឥន្ធនៈនិងឧស្ម័នវៀតណាម។ រូបថត៖ VNA

កាលពី ៦៥ឆ្នាំមុន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ ក្រុមរុករកប្រេងកាតលេខ ៣៦ ត្រូវបានបង្កើតឡើង ដែលជាការកត់សម្គាល់នូវការចាប់បដិសន្ធិនៃអង្គភាពជំនាញប្រេងឥន្ធនៈនិងឧស្ម័នដំបូងគេ ដោយបើកទំព័រដំណើរនៃការសម្រេចឱ្យបាននូវបំណងប្រាថ្នារបស់លោកប្រធាន ហូ ជីមិញ ស្តីពីការកសាងឧស្សាហកម្មប្រេងឥន្ធនៈនិងឧស្ម័នរបស់ប្រទេសជាតិ។ រហូតមកដល់បច្ចុប្បន្ន Petrovietnam បានកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម - ថាមពលព្រមៗគ្នា ដោយដើរតួនាទីជាសសរស្តម្ភនៃសេដ្ឋកិច្ច រួមចំណែកយ៉ាងធំធេងដល់ថវិការដ្ឋ ធានាសន្តិសុខថាមពល សន្តិសុខសេដ្ឋកិច្ច សន្តិសុខស្បៀង សុខុមាលភាពសង្គម និងរួមចំណែកការពារអធិបតេយ្យភាពជាតិនៅលើសមុទ្រ។ ឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី Petrovietnam បានដាក់ចេញនូវគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឈានទៅកម្រិតអន្តរជាតិ និងសម្រេចជាបណ្តើរៗ នូវមហិច្ឆតាក្នុងការចូលរួមក្នុងចំណោមសហគ្រាសធំៗបំផុតទាំង ៥០០ លើពិភពលោក។ អញ្ជើញថ្លែងមតិក្នុងពិធីអបអរសាទរនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ “ខ្ញុំស្នើឱ្យអភិវឌ្ឍវិស័យប្រេងឥន្ធនៈនិងឧស្ម័នប្រកបដោយភាពទំនើប ព្រមៗគ្នា លើកកម្ពស់សមត្ថភាពម្ចាស់ការ រួមចំណែកធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិក្នុងគ្រប់ស្ថានភាព។ ជំរុញការស្វែងរក រុករក និងធ្វើអាជីវកម្មធនធានប្រេងឥន្ធនៈ និងឧស្ម័នប្រកបដោយប្រសិទ្ធភាព ដោយយកចិត្តទុកដាក់លើតំបន់ដែលនៅមានបញ្ហាប្រឈមច្រើនផ្នែកភូគព្ភសាស្ត្រ និងបច្ចេកវិទ្យា។ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគលើការស្វែងរក ការធ្វើអាជីវកម្ម ការស្តុកទុកប្រេងឥន្ធនៈ និងឧស្ម័នជាមួយដៃគូអន្តរជាតិ ព្រមទាំងដំណើរការសំណង់ប្រេងឥន្ធនៈ និងឧស្ម័នប្រកបដោយសុវត្ថិភាព និងស្ថិរភាព”។

លោកនាយករដ្ឋមន្ត្រីក៏បានតម្រូវឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ជាដំបូងគឺក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញជាបន្ទាន់ និងធ្វើឱ្យប្រព័ន្ធស្ថាប័នមានភាពពេញលេញ ព្រមទាំងរៀបចំលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យច្បាប់ស្តីពីប្រេងឥន្ធនៈ និងឧស្ម័នឆ្នាំ២០២៦ ត្រូវបានអនុវត្តព្រមៗគ្នា នៅពេលចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៧៕ 


top