នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។
ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថតរូបជាក្រុម (រូបថត៖ Lai Hoa/VOV)
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ
នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ បានអបអរសាទរលោកប្រធានាធិបតី ដូណាល់ ត្រាំ
ចំពោះសមិទ្ធផលលេចធ្លោរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលថ្មីៗនេះ; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់លោកប្រធានាធិបតីក្នុងការលើកកម្ពស់ដំណើរការសន្ទនា
និងដោះស្រាយជម្លោះដោយសន្តិវិធីនៅលើពិភពលោក ជាពិសេសរួមគ្នាជាមួយប្រធានអាស៊ាន
គឺប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ាន គាំទ្រកម្ពុជានិងថៃដំណើរការកិច្ចសន្ទនា
ចរចានិងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងភាគីទាំងពីរ។
ដោយវាយតម្លៃថា
សហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយបំផុតមួយរបស់អាស៊ាន
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ
លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួនបួន
ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកឱ្យរឹងមាំ ជាក់ស្តែង
និងមានប្រសិទ្ធភាពនាពេលខាងមុខ រួមមាន៖ ជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ រួមគ្នាឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដែលមានតុល្យភាព សុខដុមរមនា
និងប្រកបដោយចីរភាព; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល
នវានុវត្តន៍ និងសន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល
និងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរសម្រាប់គោលដៅសន្តិភាព; បង្កើនសន្តិសុខតាមអ៊ីនធឺណិត និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
ដែលក្នុងនោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកស្តីពីការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត
និងគំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការបង្កើនប្រសិទ្ធភាពនៃការចាប់ខ្លួនឧក្រិដ្ឋជនមានដីកាចាប់ខ្លួន
គឺជាមូលដ្ឋានសម្រាប់អាស៊ាន
និងសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ
និងពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
នៅចុងបញ្ចប់នៃសន្និសីទ
ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានអនុម័តលើ “សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមអាស៊ាន-សហរដ្ឋអាមេរិក
ស្តីពីតំបន់មួយដែលកាន់តែរឹងមាំ មានសុវត្ថិភាព និងវិបុលភាពជាងមុន” ធ្វើជាទិសដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ៕