ប្រទេសចិន និងអាមេរិកត្រូវជ្រើសរើសការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នានិងការប្រកួតប្រជែង ដែលមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។ នេះជាការអំពាវនាវរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងជំនួបជាមួយសមាជិកសភាអាមេរិក Steve Daines និងពាណិជ្ជករអាមេរិកមួយចំនួនកាលពីថ្ងៃទី ២៣ មីនា នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ចិនឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង ប្រទេសចិន។
នាយករដ្ឋមន្ត្រីចិន លី ឈាង ជួបជាមួយសមាជិកសភាអាមេរិក លោក Steve Daines និងពាណិជ្ជករអាមេរិកមួយចំនួន នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ចិនឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN
យោងតាមនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក "បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ" ដូច្នេះហើយ ប្រទេសចិនសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងសហការជាមួយទីក្រុងប៉េកាំង ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដូចជា អតុល្យភាពពាណិជ្ជកម្មជាដើម។
លោក Steve Daines គឺជាសមាជិកសភាអាមេរិកដំបូងគេដែលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករាកន្លងទៅ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក កាន់តែអាក្រក់ទៅនាពេលថ្មីៗនេះ ដោយសារតែលោកប្រធានាធិបតី Trump បានដាក់ពន្ធយ៉ាងទូលំទូលាយ ដែលគំរាមកំហែងដល់យថាទស្សន៍ពាណិជ្ជកម្មរបស់ប្រទេសចិន៕