ព័ត៌មាន

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ

ទទួលតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល (Anutin Charnviraku) និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹមនិងភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ២៧-២៩ ខែឧសភា ឆ្នាំ ២០២៦។
ឯកអគ្គរដ្ឋទូត ហ្វាម វៀតហ៊ុង ឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម (VOV) ប្រចាំនៅថៃ (រូបថត៖ VOV-បាងកក)

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ព្រោះនេះជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងឋានៈទាំងពីរ បានទៅបំពេញទស្សនកិច្ចផ្លូវការនៅថៃ។

នៅចំពោះមុខដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ លោក ផាម វៀតហ៊ុង បានជួបពិភាក្សាជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ៖

“ថៃគឺជាទីតាំងបង្អង់ដំណើរដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដែលស្របពេលជាមួយនឹងខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០២៦។ ជាមួយនឹងលក្ខណៈ និងអត្ថន័យសំខាន់ដូច្នេះ នេះនឹងជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីក្រឡេកមើលដំណើរប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងរួមគ្នាផ្លាស់ប្តូរទស្សនៈ បង្កើតឱកាសថ្មី និងកម្លាំងចលករថ្មីៗ សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ២០២៥ ឲ្យមានការអភិវឌ្ឍកាន់តែជ្រាលជ្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក”។

ទាក់ទងនឹងអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត ផាម វៀតហ៊ុង បានថ្លែងថា៖ "ក្រៅពីវិស័យប្រពៃណីបាននិងកំពុងជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរបានចែករំលែកគោលដៅអភិវឌ្ឍន៍រួមប្រកបដោយចីរភាពផងដែរ។ ប្រទេសទាំងពីរកំពុងផ្តោតលើការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការដោះស្រាយបញ្ហាសន្តិសុខថាមពល និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ប្រទេសទាំងពីរអាចសហការគ្នាលើបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចសមុទ្រ មុខរបរនេសាទ ឬថាមពលបៃតង និងស្អាត ក៏ដូចជាធានាសន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរនៅក្នុងបរិបទស្ថានភាពពិភពលោក មានបម្រែបម្រួលមិនអាចទាយទុកជាមុនបាន”។

យោងតាមលោកឯកអគ្គរដ្ឋទូត ផាម វៀតហ៊ុង ប្រទេសថៃគឺជាដៃគូឈានមុខគេមួយរបស់ប្រទេសវៀតណាម ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូសំខាន់បំផុតទាំង ១០ ក្នុងការវិនិយោគ និងពាណិជ្ជកម្ម៕


top