ព័ត៌មាន

ធ្វើឱ្យកិច្ចសហប្រតិបត្តិការរដ្ឋសភា ក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម- កូតឌីវ័

ក្នុងកិច្ចពិភាក្សា លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរកំណត់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសភា គឺជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីទាំងមូល។
ប្រធានរដ្ឋសភាវៀតណាមលោក ជិន​ ថាញ់មិន (Tran Thanh Man) បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi។ រូបថត៖ VNA

កាលពីរសៀលថ្ងៃទី ២៣ ខែសីហា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក ជិន​ ថាញ់មិន (Tran Thanh Man) បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា។

ក្នុងកិច្ចពិភាក្សា លោកប្រធានរដ្ឋសភា ជិន​ ថាញ់មិន បានស្នើឱ្យភាគីទាំងពីរកំណត់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសភា គឺជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីទាំងមូល។ ដោយសង្កត់ធ្ងន់លើតួនាទីនៃការស្ថាបនាបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ លោកប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរបង្កើនការសម្របសម្រួលក្នុងការឃ្លាំមើលការចរចា ការចុះហត្ថលេខា និងការអនុវត្តឯកសារ និងកិច្ចព្រមព្រៀងជាមូលដ្ឋាន ដូចជា៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធទ្វេដង និងកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្ត និងការការពារការវិនិយោគ។ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានសម្តែងនូវបំណងចង់ឲ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញការកសាងបរិយាកាសអាជីវកម្មប្រកបដោយតម្លាភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះដូរពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកគោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ៣-៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាកូតឌីវ័រ លោក Patrick Achi បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វៀតណាម គឺជាការបំផុសគំនិតសម្រាប់ប្រទេសនានានៅអាហ្វ្រិក ហើយគំរូអភិវឌ្ឍន៍របស់វៀតណាម គឺជាមាគ៌ាមួយដែលកូតឌីវ័រ អាចជ្រើសរើសក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយសម្តែងការចាប់អារម្មណ៍ចំពោះកំណែទម្រង់របស់រដ្ឋសភាវៀតណាម ក្នុងវិធីសាស្រ្តធ្វើការ និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា លោកប្រធានរដ្ឋសភាកូតឌីវ័រ សង្ឃឹមថា រដ្ឋសភាវៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការងារតាក់តែងច្បាប់ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម ជលផល ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នវានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងកំណែទម្រង់ប្រតិបត្តិការរបស់រដ្ឋសភា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរនឹងបង្កើនការពិគ្រោះយោបល់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ជាពិសេសវេទិកាសភាពហុភាគី ដូចជា៖ សហភាពអន្តរសភាពិភពលោក (IPU) និងសហភាពអន្តរសភាហ្វ្រង់កូហ្វូនី (APF)។ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានសម្តែងនូវគោលបំណងថា កូតឌីវ័រ នឹងគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាក់ស្ដែងជាមួយសហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ព្រមទាំងបញ្ជាក់ផងដែរថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់កូតឌីវ័រជាមួយអាស៊ាន និងបណ្ដាប្រទេសជាសមាជិក៕


top