នៅថ្ងៃទី ១៩ ខែកញ្ញា នៅរាជធានីភ្នំពេញ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀតរបស់ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) នៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីគម្រប់ខួប ១០ ឆ្នាំប្រតិបត្តិការនៅប្រទេសកម្ពុជា (២០០៩-២០១៩)។
អញ្ជើញចូលរួមក្នុងពិធីនោះមាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Phan Duc Tu ប្រធានក្រុមប្រឹក្សាភិបាល BIDV រួមជាមួយភ្ញៀវកម្ពុជា និង វៀតណាមជាច្រើននាក់ទៀត។
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងក្នុងពិធី (រូបថត៖ nhandan.com.vn)
ថ្លែងក្នុងពិធីនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអបអរសាទរចំពោះសមិទ្ធិផលរបស់ BIDV/BIDC ដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ហើយគត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់ BIDV / BIDC ចំពោះសេដ្ឋកិច្ចកម្ពុជា។
ទិដ្ឋភាពនៃពិធីគម្រប់ខួប ១០ ឆ្នាំប្រតិបត្តិការ នៃBIDC (រូបថត៖ nhandan.com.vn)
យោងតាមលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឲ្យដឹងថា ធនាគារ BIDC និងតំណាងផ្សេងៗរបស់ធនាគារ BIDV នៅកម្ពុជាបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងខ្លាំងនូវការងារសុខមាលភាពសង្គម សុខាភិបាល ការអប់រំ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទតាមរយៈការផ្តល់ថវិកាសាងសង់សាលារៀន ការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ការផ្តល់ជំនួយសម្រាប់កាកបាទក្រហម និងជួយដល់ប្រជាជនក្រីក្រនៅកម្ពុជា។ លទ្ធផលនេះបានបង្ហាញពីទំនួលខុសត្រូវក្នុងការធ្វើអាជីវកម្មដោយផ្សាភ្ជាប់ជាមួយទំនួលខុសត្រូវចំពោះសង្គម ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ