ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀត ណាម (VOV) ប្រចាំនៅឥណ្ឌា ក្នុងឱកាសដែលអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh កំពុងមានដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា តាមការអញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu នោះ ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានអះអាងថា នេះគឺជាឱកាសដើម្បីភាគីទាំងពីរ កំណត់គោលដៅថ្មី ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានាពេលខាងមុខ។
ឯកអគ្គរដ្ឋទូត លោកPham Sanh Chau បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើន។ “នេះជាឱកាសសម្រាប់ភាគីទាំងពីរ ពិនិត្យឡើងវិញនូវការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងនាពេលកន្លងមក ជាពិសេស ផ្តោតសំខាន់លើបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ។ ឧទាហរណ៍ការបើកទីផ្សារនៃប្រទេសទាំងពីរសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក ឬស្នើឱ្យឥណ្ឌាបន្តគាំទ្រវៀតណាមលើបញ្ហាសំខាន់ៗ ទាក់ទងនឹងអធិបតេយ្យភាពទឹកដីឬជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគជាដើម”។ នេះបើយោងតាមប្រសាសន៍របស់លោក Pham Sanh Chau។
ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រ ធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីបើកអោយដំណើការជើងហោះហើរត្រង់ រវាងវៀតណាមនិងឥណ្ឌា; ចូលរួមការបើកសម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នៅឥណ្ឌា ក៏ដូចជា ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង VOV និងទីភ្នាក់ងារសារព័ត៌មានឥណ្ឌា (ANI) ផងដែរ។ ក្នុងឱកាសនេះ លោក Pham Sanh Chau ក៏បានវាយតម្លៃខ្ពស់ចំពោះការបើក សម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នៅឥណ្ឌា។ លោកបានចាត់ទុកថា: “ការបើកការិយាល័យអចិន្រ្តៃយ៍ VOV នៅឥណ្ឌាគឺមានសារៈសំខាន់ណាស់។ វត្តមានរបស់ការិយាល័យអចិន្ត្រៃយ៍របស់ VOV នៅឥណ្ឌានឹងរួមចំណែកយ៉ាងច្រើន ក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់មិត្តវៀតណាម ក៏ដូចជាសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ នេះជារបត់សំខាន់មួយសម្រាប់បង្កើនការយល់ដឹងរបស់វៀតណាម អំពីឥណ្ឌាក៏ដូចជាមិត្តឥណ្ឌាជាមួយវៀតណាម”។
លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានអះអាងថា ការបើកជើងហោះហើរត្រង់រវាងវៀតណាមនិងឥណ្ឌា និងការបើកសម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នឹងរួមចំណែកជាវិជ្ជមានប្រកបដោយប្រសិទ្ធភាព ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម