ព័ត៌មាន

ទេសចរណ៍វៀតណាមមានភាពទម្លុះទម្លាយខ្លាំងក្រោយជំងឺរាតត្បាត កូវីដ ១៩

ទេសចរណ៍វៀតណាមទទួលបានភាពទម្លុះទម្លាយថ្មីៗយ៉ាងខ្លាំងក្រោយជំងឺរាតត្បាត កូវីដ ១៩។ នេះជាការវាយតម្លៃ ដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទបូកសរុបគម្រោងស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ វិស័យទេសចរណ៍ និងពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមរយៈពេល ៥ ឆ្នាំ រហូតដល់ឆ្នាំ ២០៣០ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រៀបចំឡើង នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុង Hue។
សន្និសីទបូកសរុបគម្រោងស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញវិស័យទេសចរណ៍។ (រូបថត៖ Le Hieu/VOV-ភាគកណ្តាល)

នៅក្នុងសន្និសីទនេះ របាយការណ៍ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២០ និង ២០២១ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សកម្មភាពទេសចរណ៍របស់ប្រទេសវៀតណាមស្ទើរតែជាប់គាំង អាជីវកម្មនានាបានជួបប្រទះនឹងការផ្អាកជាបណ្តោះអាសន្ន ប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងកម្មកររាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍របស់វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២២ ហើយទទួលបានសន្ទុះកំណើន យ៉ាងឆាប់រហ័ស។ នៅឆ្នាំ ២០២៤  វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,៦ លាននាក់ ដែលឈានដល់ ៩៨% ប្រៀបនឹងឆ្នាំ ២០១៩  ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាងើបឡើងវិញខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍វៀតណាមបានថ្លែងថា៖

“ទាក់ទងនឹងរចនាសម្ព័ន្ធទីផ្សារ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ទីផ្សារប្រពៃណី និងទីផ្សារថ្មីៗ ដូចជាឥណ្ឌា អូស្ត្រាលី និងមជ្ឈិមបូព៌ា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អាស៊ីឦសានបានងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទីផ្សារអន្តរជាតិរបស់វៀតណាមឥឡូវនេះមានភាពចម្រុះ ប្រកបដោយនិរន្តរភាព និងធន់ជាងមុន។ ផលិតផលទេសចរណ៍បានចូលដល់ដំណាក់កាលច្នៃប្រឌិត ចាប់ពីទេសចរណ៍ឆ្នេរ និងកោះ ទេសចរណ៍វប្បធម៌ និងអេកូឡូស៊ី រហូតដល់ទេសចរណ៍ពេលយប់ ទេសចរណ៍ផ្លូវដែក ទេសចរណ៍តាមនាវា និងទេសចរណ៍សុខភាព...។ ផលិតផលនីមួយៗគឺជារឿងរ៉ាវ បទពិសោធន៍ និងជាសញ្ញាសម្គាល់របស់ប្រទេសវៀតណាម”៕


top