ព័ត៌មាន

ទុន FDI ចូល​វៀតណាម​សម្រេចបាន​ជិត ២៥ ពាន់​លាន​ដុល្លារ​អាមេរិក

យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងខែឧសភា និងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ ដោយនាយក​ដ្ឋានស្ថិតិ(ក្រសួងហិរញ្ញវត្ថុ​​) ​ប្រកាសនាថ្ងៃទី ៣ ខែមិថុនា បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីសរុបនៅវៀតណាមសម្រេច​បានជាង ២៤,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទុន FDI ចុះបញ្ជីនៅ​​វៀតណាមក្នុង​រយៈពេល​ ៥ខែដើមឆ្នាំ ដំណាក់កាល ២០២២-២០២៦។ រូបភាព៖​ vneconomy.vn
ទុន FDI ចុះបញ្ជីនៅ​​វៀតណាមក្នុង​រយៈពេល​ ៥ខែដើមឆ្នាំ ដំណាក់កាល ២០២២-២០២៦។ រូបភាព៖​ vneconomy.vn

ជាពិសេស ទុន FDI ដែលត្រូវបាន​អនុវត្តន៍ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ត្រូវបានប៉ាន់ប្រមាណ​ឈាន​ដល់ ៩,៧៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការវិនិយោគផ្ទាល់ពីបរទេសត្រូវបាន​អនុវត្តន៍ខ្ពស់បំផុតក្នុងរយៈពេលប្រាំខែដើម​ឆ្នាំ​អស់​រយៈពេល​ប្រាំឆ្នាំកន្លងមក។

ក្នុងចំណោមប្រទេសនិងតំបន់​ដែនដីចំនួន ៥៨ មានគម្រោងវិនិយោគនៅ​វៀតណាម​ដែលត្រូវបាន​ផ្តល់អាជ្ញាប័ណ្ណ​ក្នុងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ ប្រទេសសិង្ហបុរីគឺជាវិនិយោគិន​ធំជាងគេ ដោយមាន​ការវិនិយោគ ៦,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៤៦% នៃដើមទុនចុះបញ្ជីថ្មីសរុប។ បន្ទាប់មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន តំបន់រដ្ឋបាលពិសេសហុងកុង (ចិន)។ល។

ទុន​ FDI អនុវត្តន៍នៅវៀតណាមក្នុ​ងរយៈពេល​​ ៥ខែដើមឆ្នាំ ដំណាក់កាល ២០២២-២០២៦។ រូបភាព៖​ vneconomy.vn
ទុន​ FDI អនុវត្តន៍នៅវៀតណាមក្នុ​ងរយៈពេល​​ ៥ខែដើមឆ្នាំ ដំណាក់កាល ២០២២-២០២៦។ រូបភាព៖​ vneconomy.vn

នៅថ្ងៃដដែលនោះ នាយក​ដ្ឋានស្ថិតិបានឱ្យដឹងថា តម្លៃនាំចូលនិងនាំចេញ​របស់វៀតណាមក្នុងខែឧសភា ឆ្នាំ២០២៦ សម្រេចបានជាង ៩៩ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ ក្នុងរយៈពេលប្រាំខែ​ដើមឆ្នាំ២០២៦ តម្លៃនាំចូលនិងនាំចេញសរុបបានឈានដល់ជាង ៤៤៥ពាន់លានដុល្លារអាមេរិក ដែលជាតួរលេខ​ខ្ពស់បំផុត​មិនធ្លាប់មាន​ពីមុន​មក៕


top