ខេត្ត ក្វាងនិញ (Quang Binh) កំពុងនាំយកសេវាថែទាំសុខភាព មានគុណភាពខ្ពស់
ពីបណ្ដាភូមិស្ថិតនៅតំបន់ភ្នំខ្ពស់ប៊ិញលៀវ (Binh Lieu) រហូតដល់កោះកូតូ (Co To) វិស័យសុខាភិបាលរបស់ខេត្ត ក្វាងនិញ (Quang Binh) កំពុងនាំយកសេវាថែទាំសុខភាព មានគុណភាពខ្ពស់ មកជិតប្រជាជនជាបណ្តើរៗ។ នៅពីខាងក្រោយការផ្លាស់ប្តូរទាំងនោះ គឺជាស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 72-NQ/TW បានចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ នឹងសម្រេចបានដោយការលះបង់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ក្រុមវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងសមិទ្ធផលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។
បុគ្គលិកពេទ្យកុមារ នៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអងប៊ី (Uong
Bi) កំពុងមើលថែទារកទើបនឹងកើត។ រូបថត៖ កុងដាត/ VNP
អ្នកដែលរក្សាជីវិតនៅតំបន់ព្រំដែន និងដែនកោះ
ម៉ោង២ និង ០០នាទី រសៀល នៅក្រោមពន្លឺក្ដៅខ្លាំងនៃព្រះអាទិត្យនៅតំបន់ព្រំដែនប៊ិញលៀវ (Binh Lieu) លោកវេជ្ជបណ្ឌិត វី វ៉ាន់ទៀន (Vi Van Tien) រួមជាមួយសហការីនៅស្ថានីយ៍លេខ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) បានឆ្លងកាត់ភ្នំទាបៗ ដើម្បីមកកាន់ភូមិ ខែង៉ាន (Khe Ngan)។ ជាគោលដៅដែលធ្លាប់ស្គាល់របស់ពួកគេ គឺផ្ទះតូចមួយរបស់បងប្រុស ឡា អាធៅ (La A Thau) ជាជនជាតិសានជី(San Chi) ម្នាក់ មានជំងឺខ្វិនពីកំណើត អស់រយៈពេលជាច្រើនឆ្នាំ គាត់ដេកតែលើគ្រែឫស្សីចាស់មួយ ហើយពឹងផ្អែកទាំងស្រុងលើម្តាយចាស់របស់គាត់។
មិនត្រឹមតែមានបញ្ហាចលនាប៉ុណ្ណោះ បងប្រុស ធៅ (Thau) ក៏មានជំងឺរ៉ាំរ៉ៃជាច្រើន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងសើស្បែកផង។ ពីមុន រាល់ពេលដែលគាត់ឈឺ ភូមិទាំងមូលត្រូវប្តូរវេនគ្នា សែងគាត់នៅលើអង្រឹង ដើរឆ្លងកាត់ភ្នំ បន្ទាប់មកបន្តគេបានជិះម៉ូតូ និងឡាន ដើម្បីដឹកជញ្ជូនគាត់ទៅមន្ទីរពេទ្យមូលដ្ឋាន។ នោះពិតជាដំណើរដ៏លំបាក និងគួរឱ្យព្រួយបារម្ភ។បគ្គលិកពេទ្យ និងវេជ្ជបណ្ឌិត នៅស្ថានីយ៍លេខ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ត្រួតពិនិត្យ សុខភាព និងចែកថ្នាំនៅផ្ទះអ្នកជំងឺ ឡា អាធៅ (La A Thau) ដែលមានជំងឺខ្វិនពីកំណើត។ រូបថត៖ ទ្រីញបូ / VNP
លោកស្រី លី ធីឡុក (Ly Thi Loc) ម្តាយរបស់បងប្រុស ធៅ (Thau) នៅតែចងចាំយ៉ាងច្បាស់អំពីបណ្ដាថ្ងៃទាំងនោះ។ ពេល ឃើញលោកវេជ្ជបណ្ឌិត ទៀន (Tien) ចូលក្នុងផ្ទះជាមួយកាបូបពេទ្យ អ្នកម្តាយរូបនេះបានចែករំលែកដោយក្តីរំភើបថា “ ពីមុន រាល់ពេលដែលកូនប្រុសខ្ញុំឈឺ គ្រួសារទាំងមូលបានត្រឹមតែព្រួយបារម្ភ។ ឥឡូវនេះ វេជ្ជបណ្ឌិតមកដល់ផ្ទះ ដើម្បីពិនិត្យ ចែកថ្នាំ និងណែនាំការព្យាបាល ខ្ញុំ និងកូនប្រុសខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាង”។
លោកវេជ្ជបណ្ឌិត ទៀន (Tien) បើកកុំព្យូទ័រ ស្កេនកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់អ្នកជំងឺ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប្រវត្តិនៃការព្យាបាលទាំងមូល លទ្ធផល តេស្ត សម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម បានលេចឡើងនៅលើអេក្រង់។ បន្ទាប់ពីការពិនិត្យ លោកវេជ្ជបណ្ឌិត ទៀន (Tien) ញញឹម ហើយប្រាប់ពីសញ្ញាវិជ្ជមាន និងសម្រួលដូសថ្នាំឲ្យសមស្រប។
បងប្អូនជនជាតិសានជី (San Chi) នៅក្នុងឃុំ ប៊ិញលៀវ (Binh Lieu) មើលកាលវិភាគចាក់វ៉ាក់សាំងនៅស្ថានីយ៍លេខ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ។ រូបថត៖ កុងដាត/VNP
លោកវេជ្ជបណ្ឌិត វី វ៉ាន់ទៀន (Vi Van Tien) រួមជាមួយសហការីនៅស្ថានីយ៍លេខ ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ពិភាក្សាអំពីការចាក់វ៉ាក់សាំង ជាមួយបងប្អូនជនជាតិសានជី (San Chi)នៅភូមិ ខេង៉ាន (Khe Ngan)។ រូបថត៖ ទ្រីញបូ / VNP
អ្វីដែលធ្វើឱ្យបុគ្គលិកពេទ្យនៅទីនេះ កាន់តែសប្បាយចិត្តជាងនោះគឺសុខភាពរបស់បងប្រុស ធៅ (Thau) មានភាពធូរស្រាលយ៉ាងច្បាស់លាស់។ ពីភាពស្ទើរតែមិនអាចកម្រើកបានទាំងស្រុង ឥឡូវនេះគាត់អាចប្រើដៃទាំងពីទន់ខ្សោយដោយផ្ទាល់ ដើម្បីផ្លាស់ទីក្នុងបន្ទប់ និងធ្វើសកម្មភាពមួយចំនួនដោយខ្លួនឯង។ ការផ្លាស់ប្ដូរនោះបានមកពីការព្យាបាលដោយព្យាយាម ធ្វើស្តារនីតិសម្បទានៅនឹងផ្ទះ ថែមទាំងការរួមដំណើរខ្ជាប់ខ្ជួនរបស់កងជួរវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យថ្នាក់មូលដ្ឋាន។
ចាកចេញពីផ្ទះរបស់បងប្រុសធៅ (Thau) បណ្តាវេជ្ជបណ្ឌិតបានបន្តទៅសួរសុខទុក្ខមនុស្សចាស់ជាច្រើននាក់ ក្នុងភូមិ ដូចជា លោក ត្រាក់ អាធីន (Trac A Thin) លោកស្រី និញ ធីកម (Ninh Thi Com) លោកស្រី ត្រឹន ធីផៅ (Tran Thi Phau) ជាដើម ដើម្បីពិនិត្យសុខភាព ចែកថ្នាំ និងណែនាំនូវការ បង្ការជំងឺ។ នៅពេលរសៀល ពេលត្រឡប់ទៅមណ្ឌលសុខភាព វិញ ពួកគេក៏ចាប់ផ្តើមភារកិច្ចផ្សេងទៀត៖ ណែនាំនូវការចាក់វ៉ាក់សាំងជូនកុមារក្នុងឃុំ។
លោកវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផាម ទៀនយុង (Pham Tien Dung) នាយករងនៃ
មន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) ពិនិត្យសុខភាពរបស់អ្នកជំងឺនៅក្នុងតំបន់ពិសេស កូតូ (Co To)។ រូបថត៖ កុងដាត/VNP
បងស្រី លី អា សាង (Ly A Sang) ប្រគល់អត្តសញ្ញាណប័ណ្ណ មានភ្ជាប់បន្ទះឈីបរបស់កូនប្រុសស់គាត់ជូនវេជ្ជបណ្ឌិត។ ដោយគ្រាន់តែការស្កេនលេខកូដ ប្រវត្តិនូវការចាក់វ៉ាក់សាំងទាំងមូលរបស់កុមាររូបនេះ លេចឡើងនៅលើប្រព័ន្ធ។ វេជ្ជបណ្ឌិតបានរំលឹកគាត់ដោយថ្នមៗ អំពីកាលវិភាគចាក់ដូសវ៉ាក់សាំងជាបន្តបន្ទាប់ រីឯបងស្រី សាង (Sang) វិញក៏រីករាយនិយាយថា " ឥឡូវនេះទៅពិនិត្យសុខភាព ពិតជាចូលចិត្តមែនណា៎លោកមន្រ្តីអើយ! មិនចាំបាច់រក្សាទុកកូនសៀវភៅទៀត។ កុំព្យូទ័ររបស់វេជ្ជបណ្ឌិតចងចាំជំនួសយើងហើយ"។
សម្តីសាមញ្ញនោះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខភាពនៅថ្នាក់មូលដ្ឋាន។ នាពាក់កណ្តាលឆ្នាំ២០២៦ ខេត្តក្វាងនិញ (Quang Ninh) បានរក្សាទុកព័ត៌មានសុខភាពរបស់ប្រជាជនជាង ១,៤ លាននាក់ ក្នុងនោះទិន្នន័យភាគច្រើន ត្រូវបានភ្ជាប់ទៅនឹងកម្មវិធី VNeID។ តួលេខទាំងនោះ មិនត្រឹមតែបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែបង្ហាញពីរបៀប ដែលសេវាកម្មថែទាំសុខភាព កំពុងកាន់តែមកជិតប្រជាពលរដ្ឋគ្រប់រូប សូម្បីតែនៅតំបន់ដាច់ស្រយាលបំផុតក៏ដោយ។លោកវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផាម ទៀនយុង (Pham Tien Dung) នាយករងនៃមន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) ពិនិត្យសុខភាពរបស់អ្នកជំងឺនៅក្នុងតំបន់ពិសេស កូតូ (Co To)។ រូបថត៖ កុងដាត/VNP
បុគ្គលិកពេទ្យនៃមន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) សាខាទី ២ ធ្វើការនៅក្នុងបន្ទប់ពិសោធន៍។ រូបថត៖ កុងដាត/VNP
ចាកចេញពី ប៊ិញលៀវ (Binh Lieu) ដំណើររបស់យើងបន្តឆ្ពោះទៅកាន់កោះ កូតូ (Co To)។ បន្ទាប់ពីចម្ងាយផ្លូវឆ្លងកាត់ភ្នំ ដីគោក យើងបន្តជិះកប៉ាល់ល្បឿនលឿន គោលដៅគឺមណ្ឌលសុខភាពតំបន់ពិសេស កូតូ (Co To) ទីដែលលោកវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ង្វៀនថាញយ៉ាង (Nguyen Thanh Giang) បានផ្សារភ្ជាប់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លង។
ត្រូវបានសហការីហៅដោយក្តីស្រលាញ់ថា "វេជ្ជបណ្ឌិតនៅតំបន់ដែលពោរពេញរលកសមុទ្រ" លោកវេជ្ជបណ្ឌិត យ៉ាង (Giang) មិនត្រឹមតែផ្តោតលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះ ប៉ុន្តែថែមទាំងស្វែងរកដំណោះស្រាយជាច្រើន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពនៅលើកោះ។ បណ្ដាគំនិតថ្មីអំពីសង្គ្រោះបន្ទាន់ផ្នែកសម្ភព ព្យាបាលអ្នកជំងឺពុលអាហារសមុទ្រ ឬព្យាបាលជំងឺទូទៅ បានជួយអ្នកជំងឺជាច្រើននាក់ ដែលបានព្យាបាលភ្លាមៗ នៅក្នុងតំបន់ កាត់បន្ថយករណីជាច្រើន ដែលត្រូវបញ្ជូនទៅកាន់ដីគោក។
លោកវេជ្ជបណ្ឌិត យ៉ាង (Giang) បាន ចែករំលែកថា៖ "គម្លាតភូមិសាស្ត្រ មិនគួរធ្វើឲ្យដូចនឹងគម្លាតការថែទាំសុខភាព។ មណ្ឌលសុខភាពកូតូ (Co To) កំពុងបង្កើនតំណភ្ជាប់ជំនាញ ជាមួយមន្ទីរពេទ្យមជ្ឈិម ដើម្បីប្រជាជន និងភ្ញៀវទេសចរនៅលើកោះ អាចទទួលបានសេវាសុខាភិបាលកាន់តែមានគុណភាពនៅនឹងកន្លែងពួកគេរស់នៅ"។
ពីធនាគារទឹកដោះម្តាយ រហូតដល់អព្ភូតហេតុប្តូរសរីរាង្គ
ចាកចេញពីកោះកូតូ ដំណើររបស់យើងបន្តទៅកាន់មន្ទីរពេទ្យសម្ភព និងកុមារក្វាងនិញ (Quang Ninh)។ ទីកន្លែងស្អាត ទំនើប រួមជាមួយនឹងការយកចិត្តទុកដាក់របស់កងជួរបុគ្គលិកពេទ្យ វេជ្ជបណ្ឌិត បាននាំមកនូវអារម្មណ៍ជិតស្និទ្ធ ជាងក្ដីបារម្ភ ធ្លាប់ឃើញខណៈពេលចូលមន្ទីរពេទ្យ។
ទីសំចតពិសេសមួយ គឺធនាគារទឹកដោះម្តាយ គំរូនេះដែលមន្ទីរពេទ្យបានអនុវត្ត តាំងពីឆ្នាំ២០២០ ហើយក្រោយមក បានក្រសួងសុខាភិបាលឲ្យតម្លៃខ្ពស់ និងពង្រីកក្នុងទូទាំងប្រទេស។ ពីខាងក្រោយទ្វារគ្មានមេរោគជាដាច់ខាត គឺកំប៉ុងទឹកដោះម្តាយបានបរិច្ចាគពីអ្នកម្តាយផ្សេងៗ មិនត្រឹមតែរក្សានូវអាហារូបត្ថម្ភដ៏មានតម្លៃប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាការចែករំលែក រវាងមនុស្សនិងមនុស្ស ដែលមិនធ្លាប់ស្គាល់គ្នាសោះទៀតផង។
បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ(Quang Ninh) កំពុងប្រមូលទឹកដោះម្តាយពីអ្នកបរិច្ចាគ។ រូបថត៖ កុងដាត/VNP
ធនាគារទឹកដោះម្តាយនៅមន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ (Quang Ninh) ត្រូវបានរក្សាទុកក្នុងលក្ខខណ្ឌគ្មានមេរោគជាដាច់ខាត។ រូបថត៖ កុងដាត/VNP
រហូតមកដល់បច្ចុប្បន្ន ទឹកដោះម្តាយរាប់ពាន់លីត្រ បន្ទាប់ពីបានបែងចែក ពិនិត្យ និងសម្លាប់មេរោគ តាមដំណើរការយ៉ាងតឹងរ៉ឹង បានរួមចំណែកក្នុងការចិញ្ចឹមទារកមិនគ្រប់ខែ និងទារកមានជំងឺពីកំណើតជាង ២២.០០០ រូប ក្នុងទូទាំងខេត្ត។ សម្រាប់ទារកជាច្រើននាក់ មានទម្ងន់ត្រឹមតែពីរបីរយក្រាម នៅពេលកើត ដំណក់ទឹកដោះទាំងនោះគឺជាអំណោយដំបូងបង្អស់នៃជីវិត។
លោកវេជ្ជបណ្ឌិតឯកទេសកម្រិត ២ ប៊ុយ មីញគឿង (Bui Minh Cuong) នាយកមន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ (Quang Ninh) បានមានប្រសាសន៍ថា “ ការអនុវត្តសេចក្តីសម្រេចលេខ 72-NQ/TW រួមជាមួយនឹងតម្រង់ទិសអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល បានបង្កើតកម្លាំងចលករបន្ថែម ដើម្បីមន្ទីរពេទ្យនេះវិនិយោគដោយព្រមៗគ្នាលើធនធានមនុស្ស ម៉ាស៊ីន ឧបករណ៍ និងបច្ចេកទេសឯកទេស។ ដោយហេតុនោះ បច្ចេកទេសជាច្រើន ពីមុនធ្លាប់តែបានអនុវត្តនៅមន្ទីរពេទ្យមជ្ឈិម ឥឡូវនេះ ត្រូវបានអនុវត្តដោយជោគជ័យនៅខេត្ត ក្វាងនិញ”។
មន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ បានធ្វើការវះកាត់យកទារក និងរក្សាស្បូនដោយជោគជ័យ លើស្ត្រីមានផ្ទៃពោះម្នាក់ ដែលមានបញ្ហាសុកពាំងមាត់ស្បូនកម្រិតធ្ងន់ / សុកស្អិតជាប់ស្បូន / ស្នាមវះកាត់យកទារកលើកមុន។ រូបថត៖ ឯកសារ
ការថែទាំទារកកើតមិនគ្រប់ខែ នៅផ្នែកកុមារនៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី (Uong Bi) ។ រូបថត៖ ថុងធៀន / VNP
ការថែទាំទារកកើតមិនគ្រប់ខែ ដែលត្រូវបានចិញ្ចឹមបីបាច់ នៅក្នុងទូភ្ញាស់ទារក នៅមន្ទីរពេទ្យសម្ភព និងកុមារខេត្ត ក្វាងនិញ ។ រូបថត៖ កុងដាត/VNP
លទ្ធផលទាំងនោះ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈករណីអ្នកជំងឺធ្ងន់ធ្ងរជាច្រើន ត្រូវបានព្យាបាលទាន់ពេលវេលា។ នៅក្នុងឆមាសទីមួយ ក្នុងឆ្នាំ២០២៦ មន្ទីរពេទ្យនេះ ទទួលបានភាពជោគជ័យ តាមរយៈធ្វើអន្តរាគមន៍ជំងឺបេះដូងពីកំណើតជូនកុមារ វះកាត់បេះដូងរហែកជូនទារកមានអាយុជាង ២០ ខែ និងជាពិសេស បានជួយសង្គ្រោះជីវិតទារក កើតមិនគ្រប់ខែ បានត្រឹមតែ ២៤ សប្តាហ៍ និង ៥ ថ្ងៃប៉ុណ្ណោះ និងមានទម្ងន់ ៦០០ក្រាម នៅពេលកើត។ ទារកមានសុខភាពល្អម្នាក់ៗ ពេលចេញពីមន្ទីរពេទ្យ គឺជាសក្ខីភាពជឿនលឿននៃវិស័យសុខាភិបាល និងសុភមង្គលរបស់“ អ្នកពាក់អាវពណ៌សផងដែរ” ។
កន្លែងមកដល់ចុងក្រោយនៃដំណើររបស់យើង គឺមន្ទីរពេទ្យវៀតណាម-ស៊ុយអែត អួងប៊ី (Uong Bi) ដែលជាមន្ទីរពេទ្យមួយត្រូវបានសាងសង់ឡើង ដោយមានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនស៊ុយអែត នៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ ជិតកន្លះសតវត្សរ៍ឆ្លងផុតទៅ មន្ទីរពេទ្យនេះបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រសំខាន់មួយនៅក្នុងតំបន់ភាគឦសាន។
បុគ្គលិកពេទ្យនៅមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី កំពុងជួយអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបថត៖ ទ្រីញបូ / VNP
មន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី ត្រូវបានបំពាក់ដោយម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន រួមជាមួយនឹងជំនាញកម្រិតខ្ពស់របស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ
ដែលឆ្លើយតបនឹងតម្រូវការព្យាបាលជំងឺរុំារ៉ៃនិងធ្ងន់ធ្ងររបស់ប្រជាជននៅក្នុងខេត្ត។ រូបថត៖ កុងដាត /VNPការពិនិត្យសុខភាពភ្នែកសម្រាប់អ្នកជំងឺ នៅមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី។ រូបថត៖ កុងដាត /VNP
លោកបណ្ឌិត វេជ្ជបណ្ឌិត ត្រឹន អាញ់គឿង (Tran Anh Cuong) នាយកមន្ទីរពេទ្យ និងជាចាងហ្វាងសាលាឧត្តមសិក្សាសុខាភិបាល ក្វាងនិញ (Quang Ninh) ទទួលស្វាគមន៍ពួកយើង ក្នុងការិយាល័យធ្វើការ ដែលពោរពេញទៅដោយសៀវភៅវេជ្ជសាស្ត្រ និងគម្រោងស្រាវជ្រាវ។ លោក គឿង (Cuong) បានមានប្រសាសន៍ថា “ អ្វីដ៏គួរមោទនៈបំផុត មិនត្រឹមតែ ជាទ្រង់ទ្រាយ ឬចំនួនបច្ចេកទេស ដែលបានអនុវត្តនោះទេ ប៉ុន្តែថែមទាំង អត្រានៃអ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរ ពេទ្យក ថ្នាក់លើ ឥឡូវនេះមានអត្រាតិចជាង១%។ ប្រការនោះបង្ហាញថា ប្រជាជនកាន់តែច្រើន អាចទទួលបានសេវាកម្មសុខាភិបាលមាន គុណភាពខ្ពស់ នៅនឹងមូលដ្ឋាន”។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបានបន្សល់ទុកចំណាប់ អារម្មណ៍ជាមួយនឹងបច្ចេកទេសឯកទេសស៊ីជម្រៅជាច្រើន ដូចជា ការយកជាលិកា សរីរាង្គពីអ្នកបរិច្ចាគ ដែលស្លាប់ខួរក្បាល ប្តូរតម្រងនោម និងប្តូរកញ្ចក់ភ្នែក។ ការវះកាត់ និងការប្តូរនីមួយៗ ទទួលបានជោគជ័យ មិនត្រឹមតែបើកឱកាសរស់រានសម្រាប់អ្នកជំងឺប៉ុណ្ណោះ នៅទាំងជាព្រឹត្តិការណ៍កត់សម្គាល់វឌ្ឍនភាពនៃវេជ្ជសាស្ត្រវៀតណាម ក្នុងដំណើរការធ្វើម្ចាស់បច្ចេកទេសទំនើប ទៀតផង។
ការអភិវឌ្ឍនោះ នៅទាំងបានគាំទ្របន្ថែមដោយកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កាលពីខែមេសា ឆ្នាំ២០២៦ អ្នកជំនាញមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Karolinska (ស៊ុយអែត) បានធ្វើការ ពិគ្រោះយោបល់ និងផ្ទេរបទពិសោធន៍ ក្នុងការព្យាបាលករណីសម្ភព និងទារកទើបកើតស្មុគស្មាញ ជូនកងជួរវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ។ ការពិគ្រោះយោបល់ពេញមួយយប់ និងវគ្គបណ្តុះបណ្តាលអនុវត្តជាក់ស្តែង បានរួមចំណែកលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ជួយឲ្យការព្យាបាលករណីអ្នកជំងឺធ្ងន់ធ្ងរជាច្រើននៅក្នុងស្រុក។
ទិដ្ឋភាពទូទៅនៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែត អួងប៊ី ស្ថិតនៅលើផ្លូវទ្វៀទិញ (Tue Tinh) សង្កាត់អួងប៊ី (Uong Bi) ខេត្ត ក្វាងនិញ (Quang Ninh)។ រូបថត៖ កុងដាត /VNP
ក្នុងផ្នែកសម្ភព យើងបានជួបបងស្រី ង្វៀន ធី ឡើយ (Nguyen Thi Loi) ជាអ្នកដែលទើបតែឆ្លងកាត់បណ្តាថ្ងៃវែងឆ្ងាយ និងថប់បារម្ភ បន្ទាប់ពីទារកត្រូវបានកើតមិនគ្រប់ខែ។ បន្ទាប់ពីការថែទាំពិសេសជាច្រើនសប្តាហ៍ នៅពេលដែលវេជ្ជបណ្ឌិតបានប្រគល់ទារកនោះមកក្នុងដៃរបស់គាត់វិញ ធ្វើឱ្យបន្ទប់ទាំងមូលហាក់បីដូចជាស្ងប់ស្ងាត់ទៅមួយភ្លែត។ ឱបកូនក្នុងទ្រូង បងស្រី ឡើយ (Loi) ខ្សឹកខ្សួលនិយាយថា៖ «ខ្ញុំធ្លាប់គិតថា ខ្លួននឹងបាត់បង់កូន។ ថ្ងៃនេះ បានឱបកូន បានបំបៅកូនដោយដំណក់ទឹកដោះដំបូងផ្ទាល់ នោះជាសុភមង្គលដ៏អស្ចារ្យបំផុត ក្នុងជីវិតខ្ញុំ»។
នាទីដ៏រំភើបនោះ ក៏បានបញ្ចប់ដំណើរទស្សនកិច្ច នៅតំបន់ព្រំដែន កោះ និងមន្ទីរពេទ្យនានា ក្នុងខេត្តក្វាងនិញ (Quang Ninh) របស់យើងខ្ញុំ ។ ចាប់ពីភូមិស្ថិតនៅតំបន់ភ្នំខ្ពស់ ប៊ិញលៀវ (Binh Lieu) រហូតដល់កោះ កូតូ (Co To) ពីធនាគារទឹកដោះម្តាយ រហូតដល់បន្ទប់វះកាត់ប្តូរសរីរាង្គ យើង មានអារម្មណ៍យ៉ាងច្បាស់លាស់នូវចំណុចរួមមួយគឺ៖ ការយកចិត្តទុកដាក់របស់កងជួរវេជ្ជបណ្ឌិត កំពុងត្រូវបានគាំទ្រដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដើម្បីនាំយកសេវាសុខាភិបាលគុណភាពខ្ពស់មកកាន់តែជិតនឹងប្រជាជនរដ្ឋម្នាក់ៗ។
ហេតុនោះ សេចក្តីសម្រេចចិត្តលេខ 72-NQ/TW មិនត្រឹមតែជាទិសដៅអភិវឌ្ឍវិស័យសុខាភិបាលប៉ុណ្ណោះ។ នៅភូមិភាគឦសាន ស្មារតីនៃសេចក្តីសម្រេចចិត្តនេះ កំពុងតែបង្ហាញយ៉ាងច្បាស់ តាមរយៈកំណត់ត្រាសុខភាពអេឡិចត្រូនិក រាល់ករណីសង្គ្រោះបន្ទាន់ត្រូវបានព្យាបាលនៅមូលដ្ឋាន ទារកមួយរូបៗត្រូវបានសង្គ្រោះជីវិត និងរាល់ស្នាមញញឹមរបស់អ្នកជំងឺ បន្ទាប់ពីបានព្យាបាលជាសះស្បើយឡើងវិញ។ នោះក៏ជាដំណើរការសម្រេចបាននូវគោលដៅថែទាំសុខភាពប្រជាជនទាំងមូល ដោយបេះដូង របស់កងជួរវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងឥទ្ធិពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា៕
អត្ថបទ៖ ថុងធៀន - រូបថត៖ ទ្រិញ បូ, កុងដាត / VNP