បទយកការណ៍ឯកទេស

ទីក្រុងហូជីមិញ - ស្នាដៃអភិវឌ្ឍរយៈពេលកន្លះសតវត្សរ៍

កន្លះសតវត្សរ៍​ចាប់តាំងពីថ្ងៃ ដែល​យកលោក​ប្រធាន​ហូជីមិញ ដាក់ឈ្មោះទីក្រុងជា​ផ្លូវ​ការ ​​ទីក្រុង​ធំ​បំផុតរបស់​ប្រទេស​វៀត​ណាម បាន​ឆ្លង​កាត់​ដំណើរ​ការ​អភិវឌ្ឍ​យ៉ាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​។

កន្លះសតវត្សរ៍​ចាប់តាំងពីថ្ងៃ ដែល​យកលោក​ប្រធាន​ហូជីមិញ ដាក់ឈ្មោះទីក្រុងជា​ផ្លូវ​ការ ​​ទីក្រុង​ធំ​បំផុតរបស់​ប្រទេស​វៀត​ណាម បាន​ឆ្លង​កាត់​ដំណើរ​ការ​អភិវឌ្ឍ​យ៉ាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ ភាព​​​លំបាកនៃ​​សម័យកាល​​ក្រោយ​​សង្គ្រាម ទីក្រុង​​ហូជីមិញ បាន​បញ្ជាក់ខ្លួន​​​​ជា​បណ្តើរៗ ​នូវ​តួនាទី​ជាសសរស្តម្ភ​​​សេដ្ឋកិច្ច​​ ជា​មហាទីក្រុង​ទំនើប សកម្ម និង​ពោរ​ពេញ​ដោយ​ភាពរស់​រវើក ដែល​ជានិមិត្ត​សញ្ញាមួយ​ក្នុង​ចំណោម​និមិត្ត​សញ្ញា​​ដ៏​លេច​ធ្លោ ​សម្រាប់ន​​ដំណើរ​ការបន្លាស់​ប្តូរ​ថ្មី និង​ការធ្វើ​សមាហរណកម្ម។ល។​

ភាពក្លាហាន​ជម្នះការលំបាក និងមហិច្ឆតាក្លាយ​ជាសសរស្តម្ភ​

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៧៦ នៅសម័យ​ប្រជុំលើក​ទី១ នៃ​រដ្ឋ​សភា​នីតិកាល​ទី៦ រដ្ឋសភាវៀតណាម បានអនុម័ត​សេចក្តីសម្រេច​ប្តូរឈ្មោះទីក្រុងសាយ​ហ្គន - យ៉ាឌិញ (Saigon - Gia Dinh) ទៅ​ជាទីក្រុង​ហូជីមិញ​។ ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​នោះ មិនត្រឹម​តែបង្ហាញពី​មនោសញ្ចេតនា និង​ការគោរព​របស់​ប្រជាជន​ទូទាំង​ប្រទេស ចំពោះ​លោកប្រធាន ហូជីមិញ ប៉ុណ្ណោះទេ ថែម​ទាំង​បើក​ទំព័រ​ថ្មី នៃការអភិវឌ្ឍ សម្រាប់​ទីក្រុង​ធំបំផុតនៅភាគខាងត្បូងប្រទេសវៀតណាម​ផងដែរ​។

ទីក្រុងហូជីមិញ ស្នាដៃអភិវឌ្ឍរយៈ​ពេល​កន្លះ​សតវត្សរ៍។ ទីក្រុងហូជីមិញ នាពេល បច្ចុប្បន្ននេះ គ្របដណ្តប់ទៅដោយ សម្រស់នៃទីក្រុងទំនើប ថាមពល​ និង​ពោរពេញដោយភាពរស់រវើក​ ​ព័ទ្ធ​ជុំវិញដោយទន្លេសាយហ្គន​​ ដែល​ពោរពេញទៅដោយភក់ល្បាប់​ដ៏មានជីជាតិ។ រូបថត៖ យ៉ាង​សឺន​ដុង​

ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីឯកភាព​ទឹក​ដី​ គឺជា​ដំណាក់​កាល ដែល​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម​។ ទីក្រុង​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក ផ្នែកសេដ្ឋកិច្ច - សង្គម​ជាច្រើន ចាប់តាំង​ពី​​អតិផរណា កង្វះ​ខាត​ទំនិញ អត់​ការងារ​ធ្វើ រហូត​ដល់​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែលនៅមានកម្រិត ក្រោយ​ពីសង្គ្រាម។ ក៏ប៉ុន្តែ​ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ទីក្រុង​ហូជីមិញ តែងតែ​បាន​បក្ស និងរដ្ឋចាត់ទុកជាសសរស្តម្ភ​សេដ្ឋកិច្ចធំបំផុត​ ​រក្សា​តួនាទី​ជាកម្លាំងចលករ​កំណើនរបស់​ប្រទេសជាតិ​។

ក្រឡេកមើលមក​​កន្លះ​សតវត្សរ៍ ស្មារតី​ជម្នះ​ការ​លំបាក​នោះ បាន​ប្រែក្លាយ​ទៅជា​ប្រភពថាមពល​ដ៏ធំធេង ​បង្វែរ​ទីក្រុង​ទៅជា "មហា​​ការដ្ឋាន​សំណង់​" ជាមួយ​នឹង​គម្រោងយក្ស​​​ខ្នាត​អន្តរជាតិ។ ជាឧទាហរណ៍ ការសាងសង់ប្រព័ន្ធផ្លូវក្រវាត់ក្រុងខ្សែទី​៣ ផ្លូវក្រវាត់​ក្រុងខ្សែទី​៤ តភ្ជាប់​តំបន់​ផ្លូវល្បឿនលឿន​ទីក្រុង​ហូជីមិញ - ម៉ុកបាយ (តីនិញ) និង​ជាពិសេស​គឺប្រព័ន្ធផ្លូវរថភ្លើង​​ក្នុងក្រុង (Metro) ដ៏ទំនើប។

ទីក្រុង​ហូជីមិញ ភ្លឺផ្លេក​ក្បែរ​ទន្លេសាយ​ហ្គន​។ រូបថត៖ យ៉ាង​ សឺន​ដុង​
រយៈពេល ៥១ឆ្នាំបន្ទាប់ពីថ្ងៃរំដោះ អគារ​ខ្ពស់ៗ​រាប់រយ បានសាងសង់ឡើងនៅក្នុងទីក្រុងហូជីមិញ ដើម្បី​ឆ្លើយតប​នឹងតម្រូវ​ការសមាហរណកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស និងតំបន់។ រូបថត៖ យ៉ាង​សឺន​ដុង

បន្ទាប់ពីការរួមបញ្ចូលខេត្ត​ ទីក្រុង​ហូជីមិញ មានផ្ទៃដី ៦.៧៧២ គីឡូម៉ែត្រការ៉េ ចំនួន​ប្រជាជន​ប្រហែល​ជាង ១៤លាន​នាក់ កម្លាំង​ពលកម្ម​ប្រហែល​ ៧,៦៧លាន​នាក់។ ទីក្រុង​ដាក់គោលដៅដល់​ឆ្នាំ២០៣០ ក្លាយ​ជា​ទីក្រុង​ស៊ីវិល័យ​ ទំនើប ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​សកម្ម និង​​សមាហរណកម្ម​ស៊ីជម្រៅ​។ មាន​ទីតាំងលេចធ្លោ​នៅតំបន់អាស៊ីអាគ្នេយ៍។ ចក្ខុវិស័យ​ដល់​ឆ្នាំ២០៤៥ ខិតខំ​ស្ថិត​ក្នុង​ក្រុមទីក្រុង​ទាំង​១០០ ដែល​មានគុណភាពជីវិតល្អបំផុត នៅលើពិភពលោក ជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច - ហិរញ្ញវត្ថុ - សេវាកម្ម - ការអប់រំ - សុខាភិបាល នៃអាស៊ី ជាអាសយដ្ឋាន​ទាក់ទាញទូទាំង​សកលលោក​ អភិវឌ្ឍប្រកបដោយលក្ខណៈពិសេស ចីរភាព និងសម្បូរ​ទៅដោយ​អត្តសញ្ញាណ​វប្បធម៌។

អគារ​ Continental Saigon ភ្លឺចែងចាំង​ដោយពន្លឺភ្លើង​នាពេលរាត្រី នេះជា​សំណង់​និមិត្តរូប​នៃប្រវត្តិសាស្ត្រ និងវប្បធម៌ ដែល​បានចាត់ទុកថាជា​បេតិកភណ្ឌរស់​ នៅចំកណ្តាលទីក្រុង​ហូជីមិញ។ រូបថត៖ ង្វៀន​ឡឹន​/VNP

ឈាន​ចូលដំណាក់កាល​បច្ចុប្បន្ន ទីក្រុង​បន្តបង្កចំណាប់​អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​សំខាន់ៗ​ ​តាម​រយៈ​ការ​ដាក់​ពង្រាយ​យន្តការពិសេស​លេចធ្លោ ស្របតាមបទប្បញ្ញត្តិ​របស់រដ្ឋសភា ដោយមានការ​បើក​ផ្លូវ​​សម្រាប់ទម្រង់​អភិវឌ្ឍន៍​ប្រកបដោយ​រ​បកគំហើញ ដូច​ជា​​បណ្តាញ​គមនាគមន៍​ TOD (ការអភិវឌ្ឍ​ទីក្រុង​ផ្តោតលើការដឹកជញ្ជូន​សាធារណៈ) និង​តម្រង់​ទិស​ផ្លូវរថភ្លើង​ល្បឿនលឿន ពីសង្កាត់​បេនថាញ់ (Ben Thanh) ទៅ​កឹន​យើ (Can Gio)​។ ចក្ខុវិស័យ​យុទ្ធសាស្ត្រ​រយៈពេលវែងរបស់ទីក្រុង​នា​​យុគសម័យ​ថ្មី មិនបង្អង់​ត្រឹម​ការ​ពង្រីក​លំហ​តាមទិស​ទទឹងប៉ុណ្ណោះ ប៉ុន្តែ​ឆ្ពោះទៅរក​ការ​រចនា​សម្ព័ន្ធ​​​ក្រុង​ឆ្លាតវៃ បន្សាំ​ខ្លួន​យ៉ាង​បត់បែន​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ និងការ​ផ្លាស់​ប្តូរ​​បៃតង ​ដោយ​ទូលំទូលាយ​។

ទីក្រុងហូជីមិញកំពុងប្រមូលផ្តុំប្រភពធនធាន​មហាសាល ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សំដៅ​ដោះស្រាយ​បញ្ហាកក​ស្ទះចរាចរណ៍ និង​​ជំរុញសេដ្ឋកិច្ច។ រូបថត៖ ឡេឡិញ​
 

ជាពិសេស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទីក្រុងហូជីមិញ បាន​បើក​ការដ្ឋាន​សាងសង់​គម្រោង​ខ្នាតធំ​ចំនួន៤ រួមមាន​៖ ទីលានមជ្ឈមណ្ឌល​ និង​មជ្ឈមណ្ឌល​រដ្ឋបាល​ទីក្រុង​​ហូជីមិញ ខ្សែផ្លូវរថភ្លើង​លេខ​២ ពីសង្កាត់​បេន​ថាញ់ (Ben Thanh) - ធូធីម (Thu Thiem) តំបន់ទីប្រជុំជន​សាកលវិទ្យាល័យអន្តរជាតិ គម្រោង​សួនឧទ្យាន​បេន​ញ៉ារុង​ (Ben Nha Rong) - ខាញ់​ហូយ​ (Khanh Hoi) ​បើកនូវ​​សោភ័ណភាព​ថ្មី​សម្រាប់​​​​មហាក្រុងមួយ ដែល​មាន​ប្រជាជនជាង​ ១៤​លាននាក់ នៅពេល​អនាគត។

 

ស្ពានទំនើបៗដែល​ឆ្លងពីម្ខាងទៅ​ម្ខាងនៃ​ទន្លេ​សាយហ្គន​ បានរួមចំណែកផ្លាស់ប្តូរមុខមាត់​ទីក្រុង និងប្រព័ន្ធ​​ដឹក​ជញ្ជូន​របស់​ទីក្រុង។ រូបថត៖ ង្វៀន​ឡឹន​/VNP

ថ្លែងសុន្ទរកថាក្នុងពិធីបើកការដ្ឋាន​សាងសង់ លោកង្វៀន​ វ៉ាន់​ដឿក​ (Nguyen Van Duoc) - ប្រធាន​គណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញ បាន​បញ្ជាក់​ថា​៖ "គម្រោង​ដែល​បាន​បើក​ការដ្ឋាន និង​ដាក់​ឱ្យ​ដំណើរការ​នៅថ្ងៃ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​កំណត់​ទម្រង់​​មហាក្រុង​មួយ ដែល​មាន​ទំហំ​កម្រិត​​អន្តរជាតិ និង​​តំបន់។ នឹង​បង្កើត​លំហ​អភិបាល​ដោយភាព​ទំនើប តម្លាភាព បម្រើប្រជាជន​កាន់តែ​ប្រសើរ។​ បើក​ចេញ​​​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនសាធារណៈ ដែល​​មាន​លក្ខណៈ​តភ្ជាប់ និង​​ការដឹក​នាំ​។​ ព្រម​ទាំង​​គ្រឹះស្ថាន​​វប្បធម៌មួយ​ ដែល​រួម​បញ្ចូលសម្រប​ រវាង​​ការអភិវឌ្ឍ​សហសម័យ និង​ការរក្សានូវ​តម្លៃប្រវត្តិសាស្ត្រ - ​វប្បធម៌"​។

មហាក្រុង​ទំនើប ស៊ីវិល័យ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា

ដើម្បី​កត់សម្គាល់​ការផ្លាស់ប្តូរនៃទីក្រុង​មួយ ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ចរាចរណ៍​ តែងតែជារង្វាស់ដែលងាយមើល​ឃើញបំផុត​។ បន្ទាប់​ពី​រយៈពេល ៥០ឆ្នាំ​គត់ ដែល​មាន​កិត្តិយស​បានដាក់​របស់លោកប្រធាន​ហូជីមិញ​ ទីក្រុង​ហូជីមិញ បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា ពីទីក្រុងបែបចាស់​ដែល​កកកុញ ចង្អៀត និង​ថប់ដង្ហើម ទៅជា "មហាក្រុង"​ ដ៏​ទំនើប និង​សកម្មបំផុតនៅក្នុង​ប្រទេស ជាមួយ​នឹងអគារខ្ពស់​កប់​ពពក មហា​វិថី​ធំ​ទូលាយ​ និង​ស្ពានដែល​មានស្ថាបត្យកម្មពិសេស​ តភ្ជាប់​ច្រាំងទាំងពីរ​នៃទន្លេ​សាយហ្គន​។

 

ផ្តើម​ពីប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើង Metro​ កំពុង​បានរំពឹងថានឹងក្លាយ​ជាឧបករណ៍រៀបចំ​រចនាសម្ព័ន្ធឡើងវិញ នូវលំហនៃការ​អភិវឌ្ឍរបស់​ទីក្រុងហូជីមិញ ក្នុងរយៈពេលជាច្រើន​​ទសវត្សរ៍​ខាងមុខ​។ រូបថត៖ ត្រឹន​ ឡេ​ហ្វី​
ទីក្រុងហូជីមិញ បានកំណត់គោល​ដៅបញ្ចប់​ការសាងសង់ផ្លូវរថភ្លើងក្នុងក្រុង ប្រវែង ២៣២គីឡូម៉ែត្រ នៅ​ឆ្នាំ​២០៣០។ រូបថត៖ ហុង​ដាត​/VNA

សាក្សី​ជាក់​ស្តែង​បំផុត សម្រាប់​ការ​លោតផ្លោះ​នេះ គឺជា​និមិត្តសញ្ញា​ស្ថាបត្យកម្ម ដែល​បន្សល់ទុក​នូវស្នាដៃប្រចាំសតវត្សរ៍​នៃទីក្រុង ឆ្លងកាត់សម័យកាលនីមួយៗដូចជា​៖ អគារ​ហិរញ្ញវត្ថុ Bitexco (Bitexco Financial Tower) ដែល​មានរាង​ដូច​ផ្កាឈូក តំណាង​ឱ្យ​សេចក្តីប្រាថ្នា​ឈាន​ឡើង ក្នុងប៉ុន្មានឆ្នាំដំបូងនៃការផ្លាស់ប្តូរថ្មី។ Landmark 81 ដែល​ជាអគារមួយ ស្ថិតក្នុងចំណោមអគារខ្ពស់បំផុត នៅលើ​ពិភពលោក តំណាង​ឱ្យ​ឆន្ទៈ​ កម្លាំង និង​ភាពរុងរឿង នៃប្រទេសវៀតណាម​ទំនើប​។

ស្នាដៃនៃ​ដំណើរ​ការអភិវឌ្ឍ បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​លើ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដឹកជញ្ជូន ដែល​​កាន់តែ​មាន​ភាព​​ទំនើប។ ជាមួយ​នឹង​ផ្លូវ​​ថ្នល់​​ជាង ៤.០០០ គីឡូម៉ែត្រ រួមជាមួយ​ស្ពាន​តូចធំ​រាប់​រយ ទីក្រុង​​ហូជីមិញបាន​ពង្រីក​​លំហ​​ទីក្រុង​ជា​បណ្តើរ​ៗ និង​បង្កើន​សមត្ថភាព​តភ្ជាប់។ សំណង់​ជាច្រើន​ដូចជា មហា​វិថី វ៉ វ៉ាន់​កៀត​ (Vo Van Kiet) (កើត-លិច) មហាវិថី ង្វៀន​ វ៉ាន់ឡិញ (Nguyen Van Linh) មហាវិថី ផាម​ វ៉ាន់​ដុង​ (Pham Van Dong) ផ្លូវដៀន​បៀន​ភូ (Dien Bien Phu) ផ្លូវ​រូង​ក្រោម​ដី​ឆ្លង​ទន្លេ​ធូធិម​ (Thu Thiem) ស្ពានបាសន (Ba Son) ឬស្ពានភូមី (Phu My) បាន​ក្លាយ​ជា​ស្នាដៃ​​​ជិត​ស្និទ្ធ​​នៅក្នុងជីវភាព​រស់នៅ​ក្រុង។

ជាពិសេស ខ្សែផ្លូវ​រថភ្លើង​ Metro លេខ១ បេន​ថាញ់​ (Ben Thanh) - ស៊ុយ​តៀន (Suoi Tien) គឺជា​ជំហាន​ផ្លាស់​ប្តូរ​ដ៏សំខាន់ នៅក្នុង​ដំណើរ​ការ​ទំនើបកម្ម​ការដឹក​ជញ្ជូន​សាធារណៈ​។ មិនត្រឹម​តែកាត់បន្ថយ​រយៈពេលធ្វើដំណើរប៉ុណ្ណោះ ខ្សែផ្លូវរថភ្លើង​ Metro ដំបូង​របស់ទីក្រុងនេះ ក៏រួមចំណែក​បង្កើត​របៀបរស់នៅទីក្រុងថ្មី ស៊ីវិល័យ និង​ជិតស្និទ្ធ​​​បរិស្ថាន​ផងដែរ។

 

គ្រួសារវៀតណាមជាច្រើន បានជ្រើសរើសយកទីក្រុងហូជីមិញ ជាកន្លែងតាំងទីលំនៅ ដោយសារទីនេះ​មានភាពងាយ​ស្រួល និងសម្បូរបែប​សម្រាប់ជីវភាពរស់នៅ។ រូបថត៖ ថុ​ងហាយ​/VNP
 

ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​ហូជីមិញ​ក៏បាន​លះបង់​ធនធាន​ជាច្រើន សម្រាប់​ការស្តារ​ប្រឡាយ ការកែលម្អ​ទីក្រុង បន្លាស់​ទី​លំនៅ ​ផ្ទះ​បណ្តោះ​អាសន្ន​តាម​មាត់ទន្លេ និង​ការពង្រីកលំហបៃតងផងដែរ។ ការ​ខិតខំ​ប្រឹង​ប្រែង​ទាំងនោះ ឆ្លុះបញ្ចាំង​ពីទិសដៅ​នៃការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព យក​គុណភាព​ជីវិត​របស់​ប្រជាជន​ជា​ស្នូល។​

កម្លាំងចលករថ្មីមួយ​ សម្រាប់​អនាគត កើតចេញពីការ​ពង្រីក​លំហ​អភិវឌ្ឍន៍ តាម​រយៈ​​ការបញ្ចូលបន្ថែម​ ខេត្តប៊ិញ​យឿង​ (Binh Duong) និងបារៀ (Ba Ria) - វុង​តាវ ​(Vung Tau) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយ​នឹង​ទំហំទ្រង់ទ្រាយ​​ថ្មី ទីក្រុងនេះ ​បាន​រំពឹងថា​នឹង​ក្លាយទៅជាមហា​ក្រុងពហុមជ្ឈមណ្ឌល ដែល​ជា​ប៉ូល​កំណើន​ដ៏​លេចធ្លោ ព្រមទាំង​ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ភស្តុភារ (logistics) ឆ្លាតវៃ សេដ្ឋកិច្ច​ឌីជីថល និង​សេដ្ឋកិច្ច​បៃតង ឈាន​មុខ​​នៅក្នុង​តំបន់​អាស៊ី។​

 

ចង្វាក់រស់នៅរបស់​មនុស្សក្នុង​ទីក្រុង​ហូជីមិញ មានភាពបុរាណផង និងទំនើបផង ដោយមានការ​រួមបញ្ចូល រវាង​វប្បធម៌បូព៌ា និង បស្ចិមប្រទេស។ រូបថត៖ ត្រឹន​ ថេផុង
 

ការផ្លាស់ប្តូរទាំងនោះ មិនត្រឹមតែមានវត្តមាន តាម​រយៈ​សំណង់​ទំនើបៗ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចឃើញយ៉ាង​​ច្បាស់​​នៅក្នុង​ចង្វាក់ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ទៀត​ផង​។ អង្គុយ​ក្នុង​ហាងកាហ្វេក្បែរ​មាត់​ទន្លេ​សាយហ្គន សម្លឹង​មើល​ទៅ​តំបន់​មជ្ឈមណ្ឌល​ ​ដែល​កំពុង​​ផ្លាស់​ប្តូរ​ឥត​​ឈប់ឈរ លោក ង្វៀន វ៉ាន់ហាយ (Nguyen Van Hai) (អាយុ៧៥ឆ្នាំ) អ្នក​​ដែល​​​បាន​រស់នៅផ្សារភ្ជាប់​​ជាមួយទីក្រុង តាំងពីមុនឆ្នាំ​១៩៧៥ បាន​ចែក​រំលែក​ដោយ​ក្តីរំភើប​​ថា​៖ "ប្រសិន​បើ នរ​ណា​ម្នាក់​​ធ្លាប់បាន​​រស់​នៅ​ក្នុង​ទីក្រុង​​នេះ នៅ​ថ្ងៃ​ដំបូង​​ក្រោយ​​ពី​ឆ្នាំ​​១៩៧៥​ រហូត​មក​ដល់​​បច្ចុប្បន្ន នឹងបានឃើញ​​ពី​តម្លៃ​​ពេញ​លេញ ​នៃ​ការ​ផ្លាស់​ប្តូរ​​នៅ​ថ្ងៃ​​នេះ។​ ជីវភាពរស់នៅផ្នែកសម្ភារៈ​ប្រសើរជាងមុនច្រើន ឱកាស​ការងារ​ក៏កាន់​តែ​ទូលំ​ទូលាយជាងដែរ​។ ជីវិតខាងស្មារតី​កាន់តែសម្បូរ​របែប និងចម្រុះពណ៌។ ទីក្រុងនេះ មិន​ត្រឹម​តែ​មាន​ភាព​មាន​បាន និង​ទំនើប​ជាង​មុនប៉ុណ្ណោះទេ​ ថែម​ទាំង​នៅ​តែ​រក្សាបាន​យ៉ាង​ខ្ជាប់​ខ្ជួន នូវ​មនោសញ្ចេតនា ក្តីស្រឡាញ់​ ភាពអត់ឱន​ និង​ការស្វាគមន៍​រាក់ទាក់។ បាន​រស់នៅ និង​ឃើញ​ទីក្រុង​ផ្លាស់ប្តូរថ្មី​ ក្នុងរយៈពេល៥០ឆ្នាំ ខ្ញុំ​ពិតជា​មាន​សំណាង និង​មាន​មោទនភាព​ណាស់!​"។

 

ភាពរ៉ូមែនទិករបស់យុវជនសាយហ្គន។ រូបថត៖ ង្វៀន​ឡឹន​/VNP
អាវផាយប្រពៃណីល្វត់ល្វន់ នៅលើដង​ផ្លូវ​ទីក្រុង​សាយហ្គន​។ រូបថត៖ ត្រឹន ថេផុង

កន្លះសតវត្សរ៍ ដែលយកឈ្មោះ អ៊ំហូ​ ទីក្រុង​បាន​និង​កំពុង​បន្ត​សរសេរ​ទំព័រ​ប្រវត្តិសាស្ត្រ​មាស ​ដោយ​ភាព​ក្លាហាន បញ្ញា និង​មហិច្ឆតា​​​ឈាន​ទៅ​មុខ​​ជានិច្ច​។ ឥដ្ឋ​ហេដ្ឋា​រចនាសម្ព័ន្ធ​​រឹងមាំ ដែល​បាន​ដាក់ចុះនៅថ្ងៃ​នេះ គឺជា​​ការបញ្ជាក់យ៉ាង​​រឹងមាំ សម្រាប់​អនាគតភ្លឺស្វាង ​នៃមហាក្រុងហូជីមិញ - បេះដូងសេដ្ឋកិច្ច នវានុវត្តន៍ និង​ការ​ច្នៃប្រតិដ្ឋ​ នៃប្រទេសជាតិទាំង​មូល​៕

អត្ថបទ៖ សើនងៀ​

រូបថត៖ ឡេមិញ​ ង្វៀន​ឡឹន ថុង​ហាយ​/VNP ត្រឹន​ ថេផុង យ៉ាង​សឺន​ដុង ត្រឹន​ ឡេហ្វី​ និង​VNA

ប្រែសម្រួល៖ រីកើង



top