ព័ត៌មាន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

គណៈប្រតិភូសមាជិកសភានៃមណ្ឌលបោះឆ្នោត​លេខ ៦ ទីក្រុងហូជីមិញបានជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់៖ ឌៀនហុង ចូក្វាន់ អានដុង ចូឡុន ប៊ិញតាយ ប៊ិញទៀន ប៊ិញភូ ហ័រហ៊ុង និងវឿនឡាយ។ រូបថត៖ Ty Huynh/VOV-ទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំដែលទីក្រុងសៃហ្គន - យ៉ាឌិញ ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការតាមឈ្មោះលោកប្រធានហូជីមិញ (១៩៧៦-២០២៦) ទីក្រុងនឹងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជាខ្សែរថភ្លើងក្នុងទីក្រុង ការតភ្ជាប់ទៅកាន់អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងគម្រោងដឹកជញ្ជូនសំខាន់ៗ។ ទាក់ទងនឹងវិស័យសុខាភិបាល ទីក្រុងកំពុងឆ្ពោះទៅរកគំរូគ្រូពេទ្យគ្រួសារ ដើម្បីផ្តល់ការថែទាំសុខភាពពីដើមរៀង និងពីចម្ងាយ ដើម្បីកាត់បន្ថយសម្ពាធលើមន្ទីរពេទ្យកម្រិតខាងលើ។ លោក ត្រឹន លូក្វាង បានសង្កត់ធ្ងន់ថា គោលដៅអភិវឌ្ឍន៍ចុងក្រោយរបស់ទីក្រុង គឺដើម្បីធានាថា ប្រជាជនមានជីវភាពរស់នៅកាន់តែប្រសើរឡើង មិនត្រឹមតែខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរិស្ថានរស់នៅ វប្បធម៌ និងសុវត្ថិភាពសង្គមទៀតផង។

លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ឆ្លើយសំណួររបស់អ្នកបោះឆ្នោត។ រូបថត៖ Ty Huynh/VOV-ទីក្រុងហូជីមិញ

“វាមិនមែនគ្រាន់តែអំពីការហូបចុកកាន់តែប្រសើរជាងមុន ផ្ទះសម្បែងកាន់តែធំទូលាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជីវភាពខាងស្មារតីកាន់តែមានអរិយធម៌ សុជីវធម៌ សុវត្ថិភាព និងមានគុណភាពខ្ពស់ជាងមុនទៀតផង។ ទីក្រុងហូជីមិញគឺជាមូលដ្ឋានមួយ ដែលទទួលបានការរំពឹងទុកខ្ពស់ក្នុងការសម្រេចបានគោលដៅនេះ។ យើងមានធនធាន បទពិសោធន៍ និងសក្ដានុពលសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ថ្នាក់ដឹកនាំទីក្រុងប្ដេជា្ញចិត្តថា យើងត្រូវតែនាំមុខក្នុងកិច្ចការនេះ”៕


top