ព័ត៌មាន

ទីក្រុងហូជីមិញនឹងសម្រេចការត្រួតពិនិត្យសុខភាពជាសកលមុនថ្ងៃទី ១៥ ខែធ្នូ

យោងតាមការធ្វើស្ថិតិពីមន្ទីរសុខាភិបាលទីក្រុងហូជីមិញ គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ប្រជាជនជិត ៧៣៣.០០០ នាក់នៅក្នុងទីក្រុងបានទទួលការត្រួតពិនិត្យសុខភាពតាមកាលកំណត់ ហើយបានបង្កើតកំណត់ត្រាសុខភាពអេឡិចត្រូនិកផងដែរ។

លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន អាញយុង នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ទីក្រុងនឹងកៀរគរគ្រឹះស្ថានសុខាភិបាលចំនួន ៤៨០ កន្លែងក្នុងតំបន់ ដើម្បីចូលរួមកម្មវិធីត្រួតពិនិត្យសុខភាពជាសកល។ បុគ្គលិកពេទ្យសរុបចំនួន ១០.០០០ នាក់ត្រូវបានបណ្តុះបណ្តាល និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីនេះ។ ឃុំ សង្កាត់ ឬតំបន់ពិសេសនីមួយៗត្រូវបានតភ្ជាប់ជាមួយគ្រឹះស្ថានពិនិត្យព្យាបាលមួយឬច្រើនកន្លែង ដែលសមស្របទៅនឹងទំហំប្រជាជន និងលក្ខណៈភូមិសាស្ត្រនៃតំបន់។

ដើម្បីធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ទីក្រុងហូជីមិញបានបែងចែកកាលវិភាគអនុវត្តន៍ជាក្រុមៗ។ ក្នុងនោះ ពលករផ្លូវការ​ប្រមាណ ៦ លាន​នាក់ រួមទាំង​កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករនៅអាជីវកម្មនានា នឹង​ត្រូវ​បាន​ពិនិត្យ​សុខភាព​មុន​ថ្ងៃទី ៣១ ខែតុលា។ ដោយឡែកកម្មាភិបាលនិងបុគ្គលិកក្នុងវិស័យសុខាភិបាល នឹង​ត្រូវ​បាន​ពិនិត្យ​សុខភាព​នៅក្នុង​ខែកក្កដាតែម្ដង។ សម្រាប់​សិស្សានុសិស្សនិងនិស្សិត ​ជាង ៣,៥ លាន​នាក់ ការពិនិត្យ​សុខភាព​នឹង​ចាប់ផ្តើម​ភ្លាមៗ​បន្ទាប់ពី​ចូល​ឆ្នាំ​សិក្សា​ថ្មី ហើយ​ត្រូវ​បាន​បញ្ចប់​មុន​ថ្ងៃទី ៣១ ខែតុលា៕


top