ព័ត៌មាន

ទីក្រុងហាណូយបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រុងលេខ ២ ដោយមានទុន វិនិយោគជាង ១,៣ ពាន់លានដុល្លារអាមេរិក

ក្នុងឱកាសរំលឹកខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥) នាព្រឹកថ្ងៃទី ៩ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រុងលេខ ២ (មេត្រូ) កំណាត់ Nam Thang Long - Tran Hung Dao ដែលមានទុនវិនិយោគសរុបជាង ១,៣ ពាន់លានដុល្លា។

ពិធីបើកការសាងសង់ផ្លូវរថភ្លើងក្រុងលេខ២នៃទីក្រុងហាណូយ។ (រូបថត៖ TTXVN)
គម្រោងសាងសង់ផ្លូវរថភ្លើងក្រុងលេខ២ នេះ គឺជាគម្រោងថ្នាក់ជាតិដ៏សំខាន់ មួយ ដោយប្រើប្រាស់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) រួមផ្សំជាមួយទុនបដិភាគថវិកាទីក្រុងហាណូយ។ ផ្លូវរថភ្លើងនេះ មានប្រវែងជិត ១១,៥ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវនៅក្រោមដីជិត ៩ គីឡូម៉ែត្រ។ ខ្សែមេត្រូលេខ ១ គ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២៩។ ថ្លែងក្នុងពិធីបើក ការដ្ឋាន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Duong Duc Tuan បានសង្កត់ធ្ងន់ថា៖
“គម្រោងវិនិយោគសាងសង់ផ្លូវរថភ្លើងក្រុងលេខ២ Nam Thang Long – Tran Hung Dao មិនត្រឹមតែជាគម្រោងដឹកជញ្ជូនដ៏សំខាន់របស់រដ្ឋធានីប៉ុណ្ណោះទេ ថែម ទាំងជានិមិត្តរូបនៃចក្ខុវិស័យ ឆន្ទៈ និងសេចក្តីប្រាថ្នា ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ទីក្រុង ដោយផ្សាភ្ជាប់នឹងការដឹកជញ្ជូនសាធារណៈ - TOD ទៀតផង។ ស្ថានីយនីមួយៗមិនគ្រាន់តែជា កន្លែងឈប់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នូលនៃទីក្រុងដ៏រីកចម្រើន ឆ្លាតវៃ ហើយជា កន្លែងប្រមូលផ្ដុំនៃចរាចរណ៍ពាណិជ្ជកម្ម វប្បធម៌ទេសចរណ៍និងជីវភាពសង្គម ទៀតផង”។
យោងតាមផែនការទូទៅនៃរដ្ឋធានីហាណូយរហូតដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យ ដល់ឆ្នាំ ២០៦៥ ទីក្រុងហាណូយនឹងអភិវឌ្ឍន៍ផ្លូវរថភ្លើងទីក្រុងចំនួន ១៥ ខ្សែ ដែលមាន ប្រវែងសរុបប្រហែល ៦២០ គីឡូម៉ែត្រ បង្កើតបានជាបណ្តាញដឹកជញ្ជូនសាធារណៈ ដ៏ធំ ល្បឿនលឿន និងទំនើប ដែលតភ្ជាប់មជ្ឈមណ្ឌលជាមួយតំបន់ទីក្រុង និងតំបន់ ជុំវិញ៕

top