ផ្តើមពីទីក្រុងជាប់មាត់សមុទ្រដ៏រស់រវើក នៃភាគកណ្តាលប្រទេសវៀតណាម ដាណាំងកំពុងឈានជើងក្លាយជាគោលដៅទេសចរណ៍...
ផ្តើមពីទីក្រុងជាប់មាត់សមុទ្រដ៏រស់រវើក នៃភាគកណ្តាលប្រទេសវៀតណាម ដាណាំងកំពុងឈានជើងក្លាយជាគោលដៅទេសចរណ៍ដែលប្រមូលផ្តុំនូវពិសោធន៍កម្រិតសកល ជាទីកន្លែងធម្មជាតិ បេតិកភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធទំនើប សម្រប់ក្នុងលំហទេសចរណ៍ដ៏មានតុល្យភាព ត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ល។
យោងតាមទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ AFAR (សហរដ្ឋអាមេរិក) ឆ្នាំ២០២៦ បានឃើញផ្ទាល់ភាពក្រោកឡើងនៃនិន្នាការ "ពិសោធន៍មានតុល្យភាព" នៅពេលដែលភ្ញៀវទេសចរស្វែងរកគោលដៅ ដែលមានបរិយាកាសធម្មជាតិស្រស់ថ្លា ហេដ្ឋារចនាសម្ព័ន្ធល្អ មិនសូវអ៊ូអរខ្លាំងពេក ប៉ុន្តែធានាបាននូវភាពងាយស្រួល។ ជាមួយនឹងលក្ខណៈទាំងនេះ ទីក្រុងដាណាំងបានលេចធ្លោឡើងដូចជាជម្រើសគំរូមួយ ដោយសារមានឆ្នេរសមុទ្រវែង និងស្អាត ដែលក្នុងនោះមានឆ្នេរសមុទ្រមីខេ ល្បីល្បាញលើពិភពលោក រួមជាមួយប្រព័ន្ធរមណីយដ្ឋានមាត់សមុទ្រសម្រេចស្តង់ដារអន្តរជាតិ។
ភ្ញៀវទេសចរបរទេសដើរកម្សាន្តតាមតំបន់ព្រែកទន្លេ ក្នុងព្រៃដូង បីម៉ៅ នៅហូយអាន ទីក្រុងដាណាំង។ រូបថត៖ ថាញ់ហ្វ័រ/VNP
ពិធីបុណ្យអន្តរជាតិ នៅលើកំពូលភ្នំបាណា។ រូបថត៖ ថាញ់ហ្វ័រ/VNP
លំហទេសចរណ៍របស់ដាណាំង បានពង្រីកធំគួរសម បន្ទាប់ពីការរួមបញ្ចូលជាមួយខេត្តក្វាងណាម (ចាស់) ដែលអនុញ្ញាតឱ្យមានការទាញយកផលប្រយោជន៍ដំណាលគ្នានូវតម្លៃធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌ។ ចាប់ពីប្រាសាទមីសឺន ទីក្រុងបុរាណហូយអាន រហូតដល់ប្រព័ន្ធអេកូឡូស៊ី ព្រៃ សមុទ្រ ភ្នំ ដ៏សម្បូរបែបដូចជា ឧបទ្វីបសឺនត្រា ភ្នំប្រាំ បាណា និងខ្នងភ្នំហាយវឹន ភ្ញៀវទេសចរអាចពិសោធន៍បាននៃភាពចម្រុះ ក្នុងរយៈពេលដ៏ខ្លី។
ភ្ញៀវទេសចរសាកល្បងល្បែងកម្សាន្តបែបផ្សងព្រេង លោតឆ័ត្រយោង (Paragliding) នៅឧបទ្វីប សឺនត្រា។ រូបថត៖ ថាញ់ហ្វ័រ/VNP
ការដែលទស្សនាវដ្តីទេសចរណ៍អាមេរិក AFARបានដាក់បញ្ចូលដាណាំងទៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៦ ដែលគួរឱ្យទៅកម្សាន្តបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៦ មិនត្រឹមតែបញ្ជាក់ពីទីតាំងថ្មីរបស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីដំណើរការផ្លាស់ប្តូរមុខមាត់រឹងមាំ នៃវិស័យទេសចរណ៍ភាគកណ្តាលប្រទេសវៀតណាមផងដែរ។
ទន្ទឹមនឹងធនធានទេសចរណ៍ គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប ដោយមានព្រលានយន្តហោះ និងកំពង់ផែសមុទ្រអន្តរជាតិស្ថិតនៅក្បែរមជ្ឈមណ្ឌល ផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងធំៗជាច្រើនក្នុងតំបន់។ នេះគឺជាគុណសម្បត្តិសំខាន់ ដែលជួយឱ្យដាណាំងទទួលបានលំហូរភ្ញៀវអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។
ក្នុងឆ្នាំ២០២៥ ទេសចរណ៍នៅដាណាំងទទួលបានភ្ញៀវជាង ១៧,៣ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ៧,៦ លាននាក់។ សកម្មភាពដឹកជញ្ជូនទេសចរណ៍មានការកើនឡើងជាខ្លាំង ជាមួយនឹងជើងហោះហើរអន្តរជាតិរាប់ម៉ឺនជើង រួមទាំងផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវទឹកក្នុងដីគោក រក្សាបាននូវកំណើនស្ថេរភាព។
បេតិកភណ្ឌពិភពលោកទីក្រុងបុរាណហូយអាន ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់ទីក្រុងដាណាំង។ រូបថត៖ ថាញ់ហ្វ័រ/VNP
សម្រាប់ឆ្នាំ២០២៦ ដាណាំងបានកំណត់គោលដៅទទួលភ្ញៀវ ឱ្យបានជាង ១៩ លាននាក់។ ដើម្បីរក្សាកំណើននេះ ទីក្រុងបានកំណត់មុខមាត់ថ្មីនៃគោលដៅទេសចរណ៍ តាមរយៈសារ "ដាណាំងថ្មី - ពិសោធន៍ថ្មី" ដោយផ្តោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ប្លែកៗដូចជា MICE (ទេសចរណ៍ដែលរួមបញ្ចូលការងារ អាជីវកម្ម និងការកម្សាន្ត) ទេសចរណ៍អាពាហ៍ពិពាហ៍ ទេសចរណ៍វាយកូនហ្គោល (Golf) និងទេសចរណ៍សុខាភិបាល តម្រង់ទៅរកក្រុមភ្ញៀវដែលមានលទ្ធភាពចំណាយខ្ពស់។ ហេតុនេះហើយ ដាណាំងមិនត្រឹមតែជាកន្លែងសម្រាប់មកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ទទួលបានការពិសោធន៍ តាមបែបកាន់តែខិតជិតទៅនឹងចង្វាក់ទេសចរណ៍សកល៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង