នៅព្រឹកព្រលឹម ចាប់ពីប្រហែលម៉ោង ៤ ដល់ម៉ោង ៧ ភូមិនេសាទ ងឺមីថាញ (Ngu My Thanh) ដូចជាភ្ញាក់ពីគេងជាមួយសូរសម្លេង...
នៅព្រឹកព្រលឹម ចាប់ពីប្រហែលម៉ោង ៤ ដល់ម៉ោង ៧ ភូមិនេសាទ ងឺមីថាញ (Ngu My Thanh)ដូចជាភ្ញាក់ពីគេងជាមួយសូរសម្លេង រូបភាពពិសេសនៃភូមិនេសាទដែលមានទូកធំនិងតូចរាប់ពាន់គ្រឿង លើតំបន់ទឹក តាមយ៉ាង (Tam Giang) ដ៏ធំល្វឹងល្វើយ ស្រស់ស្អាត និងអស្ចារ្យ។
ទិដ្ឋភាពព្រះអាទិត្យរះលើតំបន់ទឹក តាមយ៉ាង (Tam Giang)។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
ងឺមីថាញ (Ngu My Thanh) ជាភូមិនេសាទល្បីឈ្មោះមួយ នៅតំបន់ទឹក តាមយ៉ាង (Tam Giang) ខេត្ត ធឿធៀនហ្វេ ( Thua Thien Hue)។ ភូមិនេះស្ថិតក្នុង ឃុំក្វាងលើយ (Quang Loi) ស្រុក ក្វាងឌៀន (Quang Dien) ចម្ងាយពីកណ្តាលទីក្រុងហ្វេ (Hue) ប្រហែល ២០ គីឡូ ម៉ែត្រ តាមទិសឦសាន។
ភូមិនេះមានប្រភពដើមគឺភូមិ មីថាញ (My Thanh) ដែលបង្កើតឡើង នាដើមសតវត្សទី ១៩។ កាលពីមុន ភូមិនេះជាទីកន្លែងរស់នៅរបស់គ្រួសារជាច្រើនដែលរស់នៅលើដីគោក ក្រោយមកមានប្រជានេសាទមួយចំនួន នៅតំបន់ ភូវ៉ាង (Phu Vang) និង ភូឡុក (Phu Loc) ចម្ងាយរាប់សិបគីឡូម៉ែត្រ ជិះទូកទៅនេសាទ ពួកគេឃើញថា តំបន់ទឹក នេះសម្បូរបង្កងនិងត្រី ងាយស្រួលក្នុងរកស៊ី ពួកគេបានប្រមូលគ្នាស្នាក់នៅ ហើយរស់នៅជាបណ្តើរៗ ជាមួយប្រជាជននៅតាមឆ្នេរដែលបង្កើតបានជាភូមិនេសាទមួយ គេបានហៅថាភូមិនេសាទ មីថាញ់ (My Thanh)។
ភូមិនេសាទ ងឺមីថាញ (Ngu My Thanh) លេចចេញជាបណ្តើរៗ នៅព្រឹកព្រលឹមពណ៌ស្វាយ។ រូបថត៖ ថាញហ័រ/កាសែតរូបភាព វៀតណាម
ប្រជាជននៃភូមិនេសាទ មីថាញ (My Thanh) ភាគច្រើនប្រកបរបរនេសាទត្រី និងបង្កង នៅតំបន់តាមយ៉ាង (Tam Giang) រាល់សកម្មភាព និងជីវភាពរស់នៅបានប្រព្រឹត្តិឡើងនៅលើទូក ពួកគេទៅនេសាទនៅពេលថ្ងៃ ហើយត្រឡប់មកវិញ និងចតទូកនៅច្រាំងនាពេលយប់ ដើម្បីឈប់សម្រាក។
រហូតដល់ឆ្នាំ១៩៩០ ដើម្បីមានស្ថេរភាពក្នុងជីវភាពរស់នៅរបស់ប្រជានេសាទ និងបញ្ចៀសស្ថានភាពរស់នៅលើទូក ដែលមានហានិភ័យគ្រោះថ្នាក់នៃតំបន់ នេះ អាជ្ញាធរឃុំ ក្វាងលើយ (Quang Loi) បានធ្វើចលនាប្រជាជនឱ្យផ្លាស់ទីតាំងរស់នៅ សាងសង់ផ្ទះហើយដាក់ឈ្មោះភូមិជាផ្លូវការគឺភូមិ ងឺមីថាញ (Ngu My Thanh)។
ទេសភាពដ៏សុខសាន្តនៃភូមិនេសាទ ងឺមីថាញ (Ngu My Thanh)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ជាភូមិនេសាទមួយដែលមានអាយុកាលយូរយារណាស់មកហើយ នៅតំបន់ទឹក តាមយ៉ាង (Tam Giang) ជីវភាពរស់នៅ និងវប្បធម៌របស់ប្រជានេសាទ នៅភូមិ ងឺមីថាញ (Ngu My Thanh) ជាច្រើនជំនាន់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងតំបន់ទឹកដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍នេះ។
សព្វថ្ងៃនេះបើទោះបីជាជីវភាពរស់នៅមានភាពល្អប្រសើរជាងពេលមុនក៏ដោយ ប៉ុន្តែរបៀបរស់នៅរបស់ពួកគេនៅតែរក្សាបានជីវភាពដូចដើមដដែល។ ជារៀងរាល់ថ្ងៃ នៅពេលល្ងាច ប្រជានេសាទក្នុងភូមិជិះទូកទៅ តំបន់ទឹកតាមយ៉ាង (Tam Giang) ដើម្បីនេសាទត្រី និងបង្កង។ ពួកគេនេសាទពេញមួយយប់ រហូតដល់ប្រហែលម៉ោង ៤ ទៀបភ្លឺ ទើបពួកគេត្រឡប់មកច្រាំងវិញ ដើម្បីលក់ជលផល។ នៅពេលមកវិញទូក ប្រមូលគ្នាវិលមកច្រាំងយ៉ាងច្រើនកុះករ។ ប្រហែលនោះហើយជាមូលហេតុដែលធ្វើឲ្យចង្វាក់ជីវភាពរស់នៅក្នុងភូមិនេសាទ ងឺមីថាញ (Ngu My Thanh) មានភាពសប្បាយរីករាយ និងមមាញឹកបំផុតនៅពេលព្រឹកព្រលឹមប្រហែលម៉ោង ៤ ដល់ម៉ោង ៧ ព្រឹក។
នៅពេលនោះ ទូកនេសាទជាច្រើនគ្រឿងបានត្រឡប់មកច្រាំងវិញ។ នៅមាត់ច្រាំង អ្នកទិញ និងអ្នកលក់ក៏មានភាពអ៊ូអរណាស់ដែរ។ ទិដ្ឋភាពទិញ-លក់ បានធ្វើឡើងនៅមាត់ច្រាំងនៃតំបន់ទឹក តាមយ៉ាង (Tam Giang) និងតាមដងផ្លូវក្នុងភូមិ តាំងពីពេលដែលមិនទាន់ឃើញមុខមនុស្សច្បាស់ រហូតដល់ប្រហែលម៉ោង ៧ ព្រឹក ដល់ពេលណាដែលមានមនុស្សតិចចុះ និងបាត់អស់ទាំងស្រុង។ អ្នកទិញ និងអ្នកលក់ព្រមព្រៀងគ្នាក្នុងការទិញ-លក់ប្រកបដោយភាពរីករាយ និងមិនឈ្លោះប្រកែកគ្នាដូចដែលគេធ្លាប់ឃើញនៅក្នុងផ្សារត្រីផ្សេងៗ ដូច្នេះ មិនត្រឹមតែអាជីវករមកទិញប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលស្គាល់ក៏មកទីនេះកាន់តែច្រើនឡើងដែរ។
ត្រី និងបង្កងដែលនេសាទមកបានដាក់លក់ផ្ទាល់ នៅតាមដងផ្លូវក្នុងភូមិ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
តាមយ៉ាង (Tam Giang) ជាតំបន់ទឹកភ្លាវដូច្នេះមានបង្កងទឹកសាប ដែលល្បីជាងគែគឺបង្កងដង្កៀបខៀវ (កន្លែងខ្លះហៅថាបង្គាដី) ក្តាម ត្រីខ្សាច់ ត្រីកន្ត្រប់... បរិមាណជលផលនេសាទមិនទទួលបានច្រើន ដូចជាការនេសាទនៅលំហរសមុទ្រឡើយ ប៉ុន្តែដោយគុណភាពជលផលស្រស់ ឆ្ងាញ់ ដូច្នោះហើយមានជលផលប៉ុន្មានក៏លក់ដាច់ទាំងអស់ ភាគច្រើនលក់ឱ្យអាជីវករដែលយកជលផលទៅលក់បន្តនៅផ្សារឆ្ងាយ នៅភោជនីយដ្ឋាន ឬប្រជាជនក្នុងតំបន់។
ត្រី និងបង្កងស្រស់ដ៏ល្បីនៃតំបន់ទឹក តាមយ៉ាង (Tam Giang) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
រូបភាពតំបន់ទឹកដ៏ធំល្វឹងល្វើយ ស្រស់ស្អាត រួមជាមួយនឹងរបៀបរស់នៅយ៉ាងសាមញ្ញនៃតាមតំបន់ទឹក តាមយ៉ាង (Tam Giang) របស់ប្រជានេសាទក្នុងភូមិនេសាទ ងឺមីថាញ (Ngu My Thanh) បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទីមកទស្សនា និងស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌នៃភូមិនេសាទដ៏ចំណាស់បំផុតមួយ និងប្រកបដោយលក្ខណៈពិសេសនៃតំបន់ទឹក តាមយ៉ាង (Tam Giang) ដ៏ល្បីឈ្មោះនៅខេត្ត ធឿធៀនហ្វេ (Thua Thien Hue)./.
ភូមិនេសាទ ងឺមីថាញ (Ngu My Thanh) ឥឡូវនេះជាគោលដៅទេសចរណ៍សហគមន៍ដ៏ល្បីល្បាញមួយនៅទីក្រុង ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង