នៅយប់ថ្ងៃទី ២៦ ខែកក្កដា ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ទូរទស្សន៍វៀតណាម បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្តត្វៀនក្វាង និងខេត្តក្វាងទ្រី រៀបចំកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ដែលមានចំណងជើងថា "ផ្កាយបំភ្លឺផ្លូវ"។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូបានចូលរួមកម្មវិធី នៅកន្លែងផ្សាយបន្តផ្ទាល់នៅទីក្រុងហាណូយ។ រូបថត៖ Thong Nhat/VNA
កម្មវិធីនេះបានពិពណ៌នាអំពីដំណើរនៃការគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជនពលីដែលបានពលីជីវិតដើម្បីមាតុភូមិ ហើយទន្ទឹមនឹងនោះ លើកសរសើរកងកម្លាំងដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី។
កម្មវិធីនេះបានតភ្ជាប់ទីតាំងចំនួនបួនគឺ វិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៃឃុំ ថាញ់ធុយ (ខេត្តត្វៀនក្វាង) ស្ដុបអនុស្សាវរីយ៍បាក់សឺន (ហាណូយ) ឈាបនដ្ឋានយុទ្ធជនពលីជាតិ នៅលើផ្លូវជាតិលេខ ៩ (ខេត្តក្វាងទ្រី) និងឧទ្យានឡេធីរៀង (ទីក្រុងហូជីមិញ)។ អញ្ជើញចូលរួមនៅទីតាំងផ្សាយបន្តផ្ទាល់ក្នុងទីក្រុងហាណូយ មានវត្តមានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ខណៈដែលលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអញ្ជើញចូលរួមពីទីតាំងផ្សាយបន្តផ្ទាល់នៅទីក្រុងហូជីមិញ។
ខ្លឹមសារសំខាន់នៃកម្មវិធីផ្សាយតាមទូរទស្សន៍ "ផ្កាយបំផ្លឺផ្លូវ" គឺ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី"។ នៅក្នុងកម្មវិធីនេះ ទស្សនិកជនបានទស្សនាខ្សែភាពយន្តឯកសារជាបន្តបន្ទាប់ដែលរៀបរាប់ពីរឿងរ៉ាវនៃការនាំយកអដ្ឋិធាតុរបស់យុទ្ធជនពលីវិលត្រឡប់មកផ្ទះវិញ។ អតីតយុទ្ធជន ដូ ថាញ់តាំ មកពីខេត្តឡាវកាយ រួមជាមួយសមមិត្ត បានមកឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ ៩ បានសម្តែងនូវអារម្មណ៍ថា៖
«យើងខ្ញុំបានមកទីនេះ ដើម្បីទស្សនាសមរភូមិចាស់ ដោយរំលឹកវិញ្ញាណក្ខន្ធសមមិត្ត និងយុទ្ធមិត្តរបស់យើងដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិតដើម្បីសន្តិភាព និងឯកភាពរបស់ប្រទេសជាតិ។ យើងខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងនៅចំពោះមុខវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី»។
យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី មានគោលបំណងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ៧០០០ នាក់; ប្រមូលសំណាកពីផ្នូរយុទ្ធជនពលីដែលមិនទាន់ស្គាល់អត្តសញ្ញាណប្រមាណ ២៣០.០០០ ; និងធ្វើតេស្ត DNA លើសំណាកអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ១៨០០០ នាក់៕