ព័ត៌មាន

ថៃ និងវៀតណាម ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើជាសហអធិបតីនៃវេទិកាធុរកិច្ចវៀតណាម - ថៃ ដោយប្រធានបទ “មួយបូកមួយលើការតភ្ជាប់បី”។
  នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើជាសហអធិបតីនៃវេទិកាធុរកិច្ចវៀតណាម - ថៃ ។ រូបថត៖ Lai Hoa/VOV  
  នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ។ រូបថត៖ Lai Hoa/VOV  
  នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ រូបថរ៖ Lai Hoa/VOV  

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើអាទិភាពយុទ្ធសាស្ត្រទាំងបីដែលវៀតណាម និងថៃត្រូវបន្តអនុវត្តក្នុងរយៈពេលខាងមុខ៖ ស្ថិរភាព ការអភិវឌ្ឍ និងការកសាងអនាគតប្រកបដោយចីរភាព។ ចែករំលែកជាមួយសហគ្រាសថៃដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសន្យាធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសថៃ; ត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្តាប់ និងចែករំលែកជាមួយសហគ្រាស ដោយរួមគ្នាធ្វើ រួមគ្នាទទួលផល រួមគ្នាឈ្នះ រួមគ្នាចែករំលែកសេចក្តីរីករាយ។

ចូលរួមវេទិកានេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសង្កត់ធ្ងន់ថា ប្រទេសថៃ និងវៀតណាម គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងមហាអនុតំបន់មេគង្គ ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ានផងដែរ។ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរនៅក្នុងផ្នែកឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមកដូចជា គីមីឥន្ធនៈ ម្ហូបអាហារ និងគ្រឿងបន្លាស់អេឡិចត្រូនិច និងឡូជីស្ទិក។ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានអះអាងថា វិស័យឯកជននៃប្រទេសទាំងពីរគឺជាដៃគូដ៏សំខាន់បំផុតក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបំពេញតម្រូវការរបស់ភាគីទាំងពីរ នាំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យរីកចម្រើនក្នុងទិសដៅជាក់ស្តែង។

នៅក្នុងវេទិកានេះដែរ សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើការជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលក់រាយ; ដំណោះស្រាយឌីជីថលក្នុងវិស័យលក់រាយ ហិរញ្ញវត្ថុ និងទូរគមនាគមន៍ អាកាសចរណ៍; ការអភិវឌ្ឍមណ្ឌលឧស្សាហកម្ម Dong Nai ជាដើម៕


top