ព័ត៌មាន

ថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាព​នាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ​ នាថ្ងៃទី ១៥ មេសា បានបំពេញ​ទស្សនកិច្ច​និងធ្វើការជាមួយ​អាជ្ញាធរអូម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការសម្របសម្រួលដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញថៃដែល​ឆ្លងកាត់ច្រកសមុទ្រហ័រមូស។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអូម៉ង់ ទទួលបន្ទុកកិច្ចការការពារជាតិ លោក សាយយីដ ស៊ីហាប ប៊ីន តារីក អាល់ សាអ៊ីដ។ រូបថត៖ ក្រសួងការបរទេសថៃ

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ក៏ដូចជាសុវត្ថិភាព​របស់​នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រទេសថៃបានសម្តែងការគាំទ្រចំពោះអព្យាក្រឹតភាពរបស់ប្រទេសអូម៉ង់ និងតួនាទីសម្របសម្រួលប្រកបដោយស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ថា ការទូត និងការសន្ទនាគឺជាកត្តាដ៏​សំខាន់​ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។

គួរឲ្យ​កត់​សម្គាល់ថា ប្រទេសថៃបានស្នើឲ្យ​ប្រទេសអូម៉ង់ ជួយ​ធានាសុវត្ថិភាព​នាវារបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស និងកិច្ចសហប្រតិបត្តិការ​ក្នុងការជួយសង្គ្រោះនាវា Mayuree Naree ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារ នៅពេល​ឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១១ ខែមីនា៕​


top