ព័ត៌មាន

ត្រៀមរៀបចំគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់ការបោះឆ្នោត

នាថ្ងៃអាទិត្យ ទី១៥ ខែមីនា ខាងមុខនេះ អ្នកបោះឆ្នោតវៀតណាមនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់វៀតណាម និងជាទិវាបុណ្យដ៏ធំមួយរបស់ប្រជាជនទាំងមូល ដែលបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ ក៏ដូចជាឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
បដាឃោសនាអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅតាមដងផ្លូវខេត្តឡឹមដុង។ (រូបថត៖ VOV)

បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលមានចំណុចថ្មីៗជាច្រើន ជាពិសេសក្រោយពីការបង្កើតអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល។ ប្រការនេះបានដាក់ចេញតម្រូវការខ្ពស់ជាងលើការងារបញ្ជាដឹកនាំ និងរៀបចំការអនុវត្ត។

ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបោះឆ្នោតរបស់ប្រជាជនទាំងមូល

នៅតាមមូលដ្ឋាននានា ប្រព័ន្ធរៀបចំការបោះឆ្នោតពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានត្រូវបានសម្រេចរួចរាល់តាំងពីដំបូងទី។ គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិ។

ទាក់ទងនឹងបញ្ហាបុគ្គលិក ដែលត្រូវបានកំណត់ថា ជា “កូនសោរនៃកូនសោរ” គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់បានត្រៀមរៀបចំបុគ្គលិកតាមនីតិវិធីត្រឹមត្រូវ ដោយមានការពិគ្រោះយោបល់ចំនួន៣ជុំ ស្របតាមច្បាប់បោះឆ្នោត ដែលធានាបាននូវលក្ខណៈប្រជាធិបតេយ្យ ភាពបើកសាធារណៈ និងតម្លាភាព។ រចនាសម្ព័ន្ធបេក្ខជនត្រូវបានកសាងឡើងប្រកបដោយភាពសុខដុមរមនា រវាងបណ្ដាវិស័យ ផ្នែក និងតំបន់នានា; ធានាសមាមាត្រសមហេតុផលរវាងបេក្ខជនស្ត្រី បេក្ខជនជាជនជាតិភាគតិច; ផ្តោតលើបេក្ខជនវ័យក្មេង បញ្ញវន្ត កម្មករ កសិករ សហគ្រិន សិល្បៈករ វិចិត្រករ អ្នកមុខអ្នកការសាសនា… លោកស្រី Y Bich Tho អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក្វាងង៉ាយ បានមានប្រសាសន៍ថា៖

“ក្នុងដំណើរការពិគ្រោះយោបល់ រណសិរ្សមាតុភូមិយកចិត្តទុកដាក់ពិសេសលើស្តង់ដារ និងលក្ខខណ្ឌរបស់បេក្ខជន ហើយធានារចនាសម្ព័ន្ធសមហេតុផលទាក់ទងនឹងភេទ អាយុ ជនជាតិ សាសនា និងសមាសភាពសង្គម ដោយភ្ជាប់ស្តង់ដារ និងរចនាសម្ព័ន្ធ និងដាក់គុណភាពបេក្ខជនជាកត្តាចម្បង។ ការរៀបចំការប្រមូលមតិ និងការផ្ដល់ទំនុកចិត្តពីអ្នកបោះឆ្នោតនៅកន្លែងរស់នៅ និងកន្លែងធ្វើការរបស់បេក្ខជនដែលត្រូវបានឧទ្ទេសនាម គឺជាកាណាល់សំខាន់មួយដែលឆ្លុះបញ្ចាំងដោយផ្ទាល់ពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន”។

រួមជាមួយនឹងបញ្ហាបុគ្គលិក បណ្ដាមូលដ្ឋានកំពុងអនុវត្តន៍ដោយព្រមៗគ្នានូវវិធានការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការរៀបចំការបោះឆ្នោត និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ… លោក Luu Van Trung លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តឡឹមដុង បានមានប្រសាសន៍ថា៖

“ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចចិត្តស្ដីពីកម្រិតការចំណាយនិងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការងារបោះឆ្នោត។ ការផលិតនិងចែកចាយត្រាសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងក្រុមបោះឆ្នោតនានា ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស និងពេញលេញ។ ហត្ថលេខាឌីជីថលឯកទេសត្រូវបានប្រគល់ដើម្បីបម្រើដល់ការងារគ្រប់គ្រង រាយការណ៍ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ លក្ខខណ្ឌសម្ភារៈផ្សេងទៀតក៏កំពុងត្រូវបានពិនិត្យឡើងវិញដើម្បីធានាប្រសិទ្ធភាពនិងការសន្សំសម្ចៃ”។

លើសពីនេះ ការងារឃោសនាអំពីការបោះឆ្នោតដល់ប្រជាជនក៏ជាភារកិច្ចដ៏សំខាន់មួយផងដែរ។ នៅក្នុងឃុំ គីមភូ ខេត្តក្វាងទ្រី ប្រព័ន្ធឧបករណ៍បំពងសំឡេងថ្នាក់មូលដ្ឋាន បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោតដល់ប្រជាជន។ លោក Cao Tien Thanh ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការរណសិរ្សភូមិលេខ១ គីមបាង ឃុំ គីមភូ បានឲ្យដឹងថា៖

“ភូមិនីមួយៗមានឧបករណ៍បំពងសំឡេងដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតដល់ប្រជាជន; វិភាគយ៉ាងច្បាស់អំពីសារៈសំខាន់ និងអត្ថន័យនៃការបោះឆ្នោត ដែលជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបោះឆ្នោត។ តាមរយៈកិច្ចប្រជុំភូមិ និងកិច្ចប្រជុំជាមួយប្រជាជន យើងក៏រៀបចំការឃោសនាដើម្បីជួយប្រជាជនឱ្យយល់អំពីខ្លឹមសារ និងរបៀបវារៈនៃការបោះឆ្នោតផងដែរ”។

ផ្ដាំផ្ញើរការជឿទុកចិត្តតាមរយៈសន្លឹកឆ្នោតនីមួយៗ

ការត្រៀមរៀបចំចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ កំពុងត្រូវបានដំណើរការ។ បរិយាកាសអំណរថ្ងៃបោះឆ្នោត ក៏កំពុងរីកសាយភាយយ៉ាងទូលំទូលាយក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ នៅមុនទិវាបុណ្យដ៏ធំនេះ អ្នកបោះឆ្នោតជាច្រើនបានបង្ហាញពីក្តីរំពឹងទុកចំពោះអ្នកដែលនឹងតំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

“ខ្ញុំសង្ឃឹមថា ការបោះឆ្នោតខាងមុខនេះនឹងជ្រើសរើសបាននូវអ្នកដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន យល់ពីទំនៀមទម្លាប់ និងជីវភាពរបស់ប្រជាជន ហើយអាចឆ្លុះបញ្ចាំងនូវមតិយោបល់របស់ជនរួមជាតិយើង”។

“ខ្ញុំសង្ឃឹមថា តំណាងដែលត្រូវបានជ្រើសតាំង គឺជាមនុស្សដែលមានសុចរិតភាព និងគុណធម៌ ដែលតែងតែផ្ទៀងស្តាប់យោបល់របស់ប្រជាជន ជាពិសេសយុវជន ហើយនឹងបង្កើតគោលនយោបាយជាក់ស្តែងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឱ្យប្រជាជនអាចទទួលបានសមិទ្ធផលដោយផ្ទាល់។ សម្រាប់ជំនាន់យុវជន នោះគឺជាអនាគតរបស់យើង”។

ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងពិតជាទិវាបុណ្យជាតិមួយ ដែលឆន្ទៈ បំណងប្រាថ្នា និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។ ដោយមានភាពម្ចាស់ការ ភាពហ្មត់ចត់ និងការទទួលខុសត្រូវ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានគេរំពឹងថា នឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ហើយរួមចំណែកដល់ការកសាងរដ្ឋមួយដែលពិតជារបស់ប្រជាជនដោយប្រជាជន និងដើម្បីប្រជាជន៕


top