សាមញ្ញ មិនស្មុគ្រស្មាញ មិនស្រូវប្រើប្រាស់គ្រឿងទេស ប៉ុន្តែទាក់ទាញអ្នកទទួលទាន ដោយភាពស្រស់ និងឈ្ងុយឆ្ងាញ់ពីត្រី និងក្លិនពិសេសនៃធ្យូង។
ចាប់ពីនាវាដឹកត្រី ដែលទើបចូលចតនៅកំពង់ផែ រហូតដល់ទីចង្ក្រានធ្យូង ដែលឆេះក្រហមជារៀងរាល់ព្រឹក ត្រីអាំង កឿឡ (Cua Lo) ផ្ទុករសជាតិប្រៃនៃតំបន់សមុទ្រនៃខេត្ត ងេអាន (Nghe An) និងរឿងរ៉ាវអំពី ជីវភាពរស់នៅរបស់អ្នកនេសាទ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។ សាមញ្ញ មិនស្មុគ្រស្មាញ មិនស្រូវប្រើប្រាស់គ្រឿងទេស ប៉ុន្តែទាក់ទាញអ្នកទទួលទាន ដោយភាពស្រស់ និងឈ្ងុយឆ្ងាញ់ពីត្រី និងក្លិនពិសេសនៃធ្យូង។
កំពង់ផែនេសាទ ងីធុយ (Nghi Thuy) ក្នុងសង្កាត់កឿឡ(Cua Lo) គឺជាកន្លែងផ្គត់ផ្គង់ប្រភពវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃគ្រឿងសមុទ្រ។ រូបថត៖ តាតសឺន/ VNP
ភ្ញៀវទេសចរទៅទស្សនា និងទិញអាហារសមុទ្រនៅភូមិនេសាទងីធុយ (Nghi Thuy) ក្នុងកឿឡ(Cua Lo) ។ រូបថត៖ តាតសឺន/ VNP
មិនត្រឹមតែទាក់ទាញ ដោយឆ្នេរខ្សាច់ពណ៌សប៉ុណ្ណោះទេ តំបន់ឆ្នេរសមុទ្រកឿឡ (Cua Lo) (ខេត្ត ងេអាន (Nghe An)) នៅទាំងបានគេស្គាល់ដោយមុខម្ហូបត្រីអាំងបែបជនបទ ប៉ុន្តែផ្ទុកលក្ខណៈពិសេសនៃជីវិតរបស់អ្នកនេសាទ នៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។
ខណៈពេល ដែលបច្ចេកវិទ្យារក្សាទុកនៅមិនទាន់សូវអភិវឌ្ឍ ប្រជាជនក្នុងតំបន់ បានគិតដល់វិធីអាំងត្រីលើធ្យូង ដើម្បីរក្សាត្រីឱ្យបានយូរ និងរក្សាភាពស្រស់ឆ្ងាញ់ដោយធម្មជាតិដើមដដែល។ រយៈពេលកន្លងផុតទៅ វិធីសាស្រ្តកែច្នៃនៅ មិនត្រឹមតែបម្រើតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ថែមទាំងបានក្លាយជារបៀបកែច្នៃម្ហូបដ៏ពិសេសមួយ ក្នុងតំបន់ឆ្នេរសមុទ្រ កឿឡ (Cua Lo) ផងដែរ។
ដើម្បីទទួលបានត្រីអាំងឈ្ងុយឆ្ងាញ់ អ្នកធ្វើត្រូវតែយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចាប់ពីការជ្រើសរើសត្រី រហូតដល់បច្ចេកទេសគ្រប់គ្រងអណ្តាតភ្លើង។ ត្រីដែលត្រូវបានចាប់នៅក្នុងថ្ងៃតែមួយ ភ្នែកត្រីនៅភ្លឺ សាច់នៅរឹង។ តាមរដូវកាល ប្រជាជនប្រើត្រីច្រើនប្រភេទដូចជា ត្រីសាឌីន ត្រីកន្ទុយរឹង ត្រីផ្ទក់សមុទ្រ ត្រីធូណា ឬត្រីបេកា ក្នុងនោះត្រីបេកាត្រូវបានពេញនិយមបំផុត។ដំណាក់កាលលាងសម្អាតត្រី មុនពេលកែច្នៃ។ រូបថត៖ តាតសឺន/ VNP
កន្លែងអាំងត្រីបេកាទាក់ទាញភ្ញៀវទេសចរ និងអតិថិជនមួយចំនួនធំ។ រូបថត៖ តាតសឺន/ VNP
លក្ខណៈពិសេសនៃត្រីអាំង កឿឡ (Cua Lo) គឺស្ទើរតែមិនប្រឡាក់គ្រឿងទេស ឬសារធាតុរក្សាទុកទាល់ តែសោះ។ ត្រីគ្រាន់ តែបានលាងសម្អាតជាមួយទឹកអំបិល ដើម្បីបំបាត់ក្លិនឆ្អាប និងរក្សារសជាតិធម្មជាតិនៃសមុទ្រ។
ធ្យូងដែលយកមកដុត គឺជាធ្យូងអុសឈើ ពេលឆេះគ្មានផ្សែង។ អ្នកអាំងផ្ងារត្រឡប់ត្រីលើរងើកភ្លើងជាបន្តបន្ទាប់ រហូតដល់ត្រីឆ្អិនប្រហែល៨០%។ ដោយហេតុនោះ ស្បែកខាងក្រៅឡើងពណ៌លឿង និងបញ្ចេញក្លិននៃធ្យូង ខណៈពេលដែលសាច់ត្រីនៅខាងក្នុងនៅតែរក្សាបានជាតិផ្អែម ទន់ និងម្លាន់។
ដំណាក់កាលអាំងត្រីបេកាលើធ្យូងក្តៅ។ រូបថត៖ តាតសឺន/ VNP
បច្ចេកទេសអាំងបឋមនេះធ្វើឲ្យត្រីងាយស្រួលរក្សាទុក និងងាយយកទៅឆ្ងាយ។ ប្រភេទត្រីតូចៗ ដូចជា ត្រីសាឌីន ឬត្រីកន្ទុយរឹង ត្រូវបានគេបរិភោគពេលនៅក្តៅ ហូបជាមួយនឹងបាញ់គួងក្តៅ ឬបាញ់ត្រាង ជ្រលក់នឹងទឹកត្រីខ្ទឹមស និងម្ទេស។ ម៉្យាងវិញទៀត ត្រីបេកាអាំងអាចកែច្នៃជាមុខម្ហូបជាច្រើន សម្រាប់ពេលអាហារគ្រួសារ ដូចជា ចៀនស្រួយជ្រលក់ទឹកត្រី ខក្នុងឆ្នាំដី ឬខជាមួយម្រេចបៃតង ឬខជាមួយរដេង និងស្លឹកគ្រៃ។
ដំណាក់កាលអាំងត្រីបេកាលើធ្យូងក្តៅ។ រូបថត៖ តាតសឺន/ VNP
ត្រីអាំង ជាម្ហូបល្បីមួយ ក្នុងសង្កាត់ កឿឡ ដែលភ្ញៀវទេសចរចង់ទិញ ដើម្បីធ្វើជាកាដូជូនសាច់ញាតិ។ រូបថត៖ តាតសឺន/ VNP
ចង្ក្រានធ្យូងដែលឆេះក្រហមជារៀងរាល់ព្រឹក ក្នុងសង្កាត់កឿឡ(Cua Lo) មិនត្រឹមតែបង្កើតការងារ ចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងតំបន់នេះតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការរក្សាម្ហូបអាហារនៃតំបន់ ដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់ នៃភូមិភាគកណ្តាលនៃប្រទេសវៀតណាមនេះផងដែរ៕
អត្ថបទ៖ ត្រឹន ថាញ់យ៉ាង - រូបថត៖ តាតសឺន ហ្វ័ងហា/ VNP