ក្រោយការអភិវឌ្ឍជិត៣ទសវត្សរ៍ ត្រីប្រាបានក្លាយជាទំនិញមួយក្នុងចំណោមទំនិញជលផលនាំចេញដ៏សំខាន់របស់វៀតណាម។ ដោយមានវត្តមានលើតុអាហាររបស់ប្រជាជននៅជាង ១៤០ ប្រទេស និងតំបន់...
ក្រោយការអភិវឌ្ឍជិត៣ទសវត្សរ៍ ត្រីប្រាបានក្លាយជាទំនិញមួយក្នុងចំណោមទំនិញជលផលនាំចេញដ៏សំខាន់របស់វៀតណាម។ ដោយមានវត្តមានលើតុអាហាររបស់ប្រជាជននៅជាង ១៤០ ប្រទេស និងតំបន់ ត្រីប្រាមិនត្រឹមតែរួមចំណែកបង្កើនទំហំនាំចេញប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ទីជំហរជលផលរបស់វៀតណាម នៅលើទីផ្សារសកលទៀតផង។
ត្រីប្រានៅក្នុងស្រះចិញ្ចឹមនៃគ្រួសារម្នាក់។ រូបថត៖ ឡេមិញ/ កាសែតរូបភាពវៀតណាម។
ត្រីប្រាមេបា កំពុងត្រៀមដាក់ចូលក្នុងអាងបន្តពូជ។ រូបថត៖ មិញក្វឹក/ កាសែតរូបភាពវៀតណាម។
ការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោករបស់ត្រីប្រា បានចាប់ផ្តើមពីឆ្នាំ១៩៩៧ នៅពេលដែលទំហំនាំចេញសម្រេចបានត្រឹមតែប្រមាណ ១,៧ លានដុល្លារអាមេរិក ជាមួយនឹងទិន្នផល ៤២៥ តោនប៉ុណ្ណោះ។ ផលិតផលដំបូងបង្អស់ភាគច្រើន បាននាំចេញទៅកាន់ទីផ្សារនៅជិតខាងដូចជា៖ ប្រទេសចិន សិង្ហបុរី។ល។ ទោះបីការចាប់ផ្តើមដំបូង នៅមានកម្រិតទាបក៏ដោយ តែត្រីប្រាឆាប់រហ័សបន្សល់ទុកនូវស្លាកស្នាម ដោយសារគុណភាពសាច់ពណ៌ស ឈ្ងុយឆ្ងាញ់ ងាយស្រួលកែច្នៃ តម្លៃសមរម្យ ដែលបានប្រៀបធៀបថាជា “ជំនោរខ្យល់ថ្មី” នៃវិស័យជលផលវៀតណាម។
ទាញយកប្រយោជន៍ពីសន្ទុះកំណើននេះ វិស័យត្រីប្រាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីទម្រង់ការចិញ្ចឹមទ្រង់ទ្រាយតូច មកជាការផលិតទ្រង់ទ្រាយធំ ប្រកបដោយវិជ្ជាជីវៈ។ ផ្ទៃដីចិញ្ចឹមលើសពី ៥.០០០ហិកតា ទិន្នផលនិងតម្លៃនាំចេញបានកើនឡើងយ៉ាងខ្លាំង។ នៅក្នុងដំណាក់កាលឆ្នាំ២០០២ - ២០០៦ ទំហំនាំចេញសម្រេចបានជិត ១,៥ ពាន់លានដុល្លារអាមេរិក; រហូតដល់ដំណាក់ឆ្នាំ២០០៧ - ២០១១ តម្លៃនេះបានកើនឡើងដល់ ៧ ពាន់លានដុល្លារអាមេរិក ទិន្នផលលើសពី២,៩ លានតោន ដែលជាចំណុចសំខាន់បង្ហាញពីសមត្ថភាពប្រកួតប្រជែងសកល របស់ត្រីប្រាវៀតណាម។
ការនាំចេញជលផល ជាពិសេសគឺជាភាពខ្លាំងមួយនៃខេត្តកឹងធើ។ រូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម។
ការកែច្នៃត្រីប្រា និង ត្រីបាសា នៅក្រុមហ៊ុនភាគហ៊ុនជលផលញ៉ាត្រាង-កឹងធើ។ រូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម។
ដំណាក់កាលលះសាច់ត្រីប្រា ត្រៀមសម្រាប់ការបង្កក។ រូបថត៖ ឡេមិញ/ កាសែតរូបភាពវៀតណាម។
ប៉ុន្តែ ការអភិវឌ្ឍឆាប់រហ័ស ក៏នាំមកនូវបញ្ហាប្រឈមជាច្រើនផងដែរ។ ចាប់ពីពន្ធប្រឆាំងការលក់បំផ្លាញតម្លៃនៅអាមេរិក របាំងបច្ចេកទេស រហូតដល់កម្មវិធីត្រួតពិនិត្យត្រីឥតស្រកា។ល។ ត្រីប្រាវៀតណាម បានរងការរឹតបន្តឹងច្រើនលើកច្រើនសានៅទីផ្សារធំៗ។ ទោះជាយ៉ាងនេះក្តី វិស័យនេះនៅតែបន្តសម្របខ្លួននិងអភិវឌ្ឍន៍ទៅមុខ។ ក្នុងឆ្នាំ២០២២ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ការនាំចេញត្រីប្រាសម្រេចបានក្នុងកម្រិតខ្ពស់បំផុតគឺ ២,៤ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៤ ទោះបីរងផលប៉ះពាល់ពីតម្លៃនាំចូល ការដឹកជញ្ជូន គ្រោះមហន្តរាយធម្មជាតិ។ល។ វិស័យទាំងមូល នៅតែមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាមួយនឹងទំហំនាំចេញសម្រេចបាន ២ ពាន់លានដុល្លារអាមេរិក។
លោកស្រី ផាម ធីធូហុង (Pham Thi Thu Hong) អគ្គលេខាធិការសមាគមត្រីប្រាវៀតណាម បានឱ្យដឹងថា បច្ចុប្បន្នទូទាំងប្រទេសមានក្រុមហ៊ុនកែច្នៃត្រីប្រាជាង ១០០ កន្លែង ដែលភាគច្រើនប្រមូលផ្តុំនៅតាមខេត្តអានយ៉ាង (An Giang) ដុងថាប (Dong Thap) ទីក្រុងកឹងធើ (Can Tho) និងខេត្តវិញឡុង (Vinh Long)។ល។ ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ១,៦ លានតោន។ រោងចក្រទាំងនេះបានវិនិយោគបំពាក់ដោយបំពាក់បច្ចេកវិទ្យាទំនើបធានាបានស្តង់ដារខ្ពស់ ដើម្បីបម្រើទីផ្សារពិបាកដូចជា អឺរ៉ុប និងអាមេរិកខាងជើង។ល។
យោងតាមអ្នកស្រី តូ ធីទឿងឡាន (To Thi Tuong Lan) អគ្គលេខាធិការរងនៃសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បច្ចុប្បន្ន ត្រីប្រាវៀតណាម មានវត្តមាននៅជាង ១៤០ ប្រទេសនិងតំបន់។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៥ ត្រីប្រាបន្តជាចំណុចភ្លឺក្នុងទំហំនាំចេញជលផលវៀតណាម នៅពេលដែលទំហំនាំចេញសម្រេចបានជាង ១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិននៅតែជាទីផ្សារធំបំផុត ស្រូបយកជិត ២៥% នៃទំហំនាំចេញសរុប។ ក្រៅពីនេះ ទីផ្សារនៅប្លុក CPTPP (កាណាដា ម៉ាឡេស៊ី ជប៉ុន) ដោយសារការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កំពុងលេចចេញជា “កម្លាំងគម្នាស់” ថ្មី។
និន្នាការលេចធ្លោមួយ ដែលកំពុងកំណត់អនាគតនៃវិស័យត្រីប្រា គឺការផ្លាស់ប្តូរទៅកាន់ទម្រង់ប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៥ ការនាំចេញត្រីប្រាកែច្នៃរបស់វៀតណាម សម្រេចបាន ៣០ លានដុល្លារអាមេរិក កើនឡើង ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះជាភស្តុតាងនៃការផ្លាស់ប្តូរឆ្ពោះទៅកាន់ផលិតផលកែច្នៃស៊ីជម្រៅ ស្របតាមនិន្នាការនៃការប្រើប្រាស់សម័យទំនើប។ ទន្ទឹមនឹងនោះ វិស័យត្រីប្រាកាន់តែយកចិត្តទុកដាក់ លើការកាត់បន្ថយបំភាយឧស្ម័ន ការប្រើប្រាស់វត្ថុធាតុដើមឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងជំងឺ ការការពារបរិស្ថានទឹក និងការតាមដានប្រភពដើម។ នេះជាលក្ខខណ្ឌចាំបាច់ដើម្បីរក្សាជំហរ នៅទីផ្សារទាមទារតឹងរ៉ឹង អំពី ESG (បរិស្ថាន – សង្គម – ការគ្រប់គ្រង)។
ដំណាក់កាលវេចខ្ចប់ត្រីប្រា ដែលបានបង្កករួច។ រូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម។
រថយន្តកុងតឺន័រ ដឹកជញ្ជូនត្រីប្រាដែលបានលះសាច់ ដើម្បីនាំចេញ។ រូបថត៖ ឌាំង គីមផឿង/កាសែតរូបភាពវៀតណាម។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច ទោះបីមានភាពប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសកលក៏ដោយ ក៏ត្រីប្រាវៀតណាមនៅតែរក្សាបានជំហរជាផលិតផលជលផលសំខាន់មួយ ហើយមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិខ្ពស់។ ជាមួយនឹងទិន្នផលដែលស្រូបយកប្រមាណ ៥០% នៃទិន្នផលត្រីប្រាសរុបទូទាំងពិភពលោក វៀតណាមដើរតួនាទី ជាមជ្ឈមណ្ឌលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ត្រីសាច់ស។
ផ្តើមពីអ្នកប្រើប្រាស់នៅប្រទេសចិន សហរដ្ឋអាមេរិក ប្រេស៊ីល រហូតដល់ EU ឬអាស៊ាន មនុស្សកាន់តែច្រើន បានស្គាល់និងជ្រើសរើសយកត្រីប្រាវៀតណាម មិនត្រឹមតែដោយសារតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងដោយសារគុណភាពល្អមានស្ថិរភាព សមត្ថភាពកែច្នៃបានច្រើនបែប និងការសន្យាស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ ត្រីប្រាវៀតណាម បាននិងកំពុងក្លាយជាម្ហូបអាហារ ដែលពេញនិយម រួមចំណែកនាំរសជាតិវៀតណាមទៅកាន់ពិភពលោក ក្នុងលក្ខណៈប្រកបដោយនិរន្តរភាព និងពោរពេញដោយមោទនភាព៕
- អត្ថបទ៖ សើនងៀ រូបថត៖ កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង