ម្ហូបអាហារ

ត្រីខភូមិវូដាយ (Vu Dai)

រៀងរាល់​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូល​មកដល់ ​ភូមិវូដាយ ឃុំ​ណាម​លី ខេត្ត​និញប៊ិញ អណ្ដាតភ្លើង​​សន្ធោសន្ធៅ​ឆេះឡើងទាំងយប់ទាំងថ្ងៃ...

រៀងរាល់​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូល​មកដល់ ​ភូមិវូដាយ ឃុំ​ណាម​លី ខេត្ត​និញប៊ិញ អណ្ដាតភ្លើង​​សន្ធោសន្ធៅ​ឆេះឡើងទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើ​​សម្រេច ឆ្នាំង​ត្រីខ​​រាប់ពាន់​ឆ្នាំងឱ្យ​ទាន់​ សម្រាប់​បម្រើដល់​អតិថិជន ក្នុងប្រទេស និង​សហគមន៍​អាណិកជន​វៀតណាម នៅជុំវិញ​ពិភពលោក។ ផ្តើម​ពី​​មុខ​ម្ហូប​​ដ៏​សាមញ្ញ​នៃ​តំបន់​ជនបទ​កាល​ពី​មុន ត្រី​ខភូមិវូដាយ បានក្លាយជា​​ជា​និមិត្តរូប​ម្ហូបអាហារ​ប្រពៃណី ដែល​ចូល​រួម​ចំណែក​ក្នុង​ការ​និទាន​រឿង​​សមាហរណកម្ម​ម្ហូប​អាហារ​វៀត​ណាមទៅកាន់ពិភពលោក។

លក្ខណៈពិសេសនៃត្រីខភូមិវូដាយ​ដើម គឺត្រូវខរំងាស់​ក្នុងឆ្នាំងដី មកពីខេត្តងែអាន​ ប្រើគម្របឆ្នាំងមកពីខេត្តថាញ់ហ្វ័រ​ និងដុតដោយអុសដើម​មៀន​ ដែល​អ្នកស្រុកនៅទីនេះ តែងតែ​មាន​ពាក្យស្លោក​តៗគ្នា​ថា៖ "ឆ្នាំងងែអាន​ គម្របថាញ់ហ្វ័រ​ ត្រីដាយ​ហ្វាង​"។ រូបថត៖ ត្រុងដាត​

ដោយ​ចាប់​ផ្តើម​ពី​បំណង​ប្រាថ្នា ​ចង់​មាន​មុខ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដើម្បី​សែន​ដូនតា ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ មុខម្ហូប​ត្រីខ​នេះ ត្រូវ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ រូបមន្តសម្ងាត់​ ដែល​បន្សល់ទុកពីដូនតា ត្រូវបានរក្សាទុកស្ទើរតែ​ទាំងស្រុង ចាប់​តាំង​ពី​ដំណាក់កាល​ជ្រើសរើស​​ត្រីគល់រាំង​ ដែល​មាន​ទម្ងន់ពី ៥ ដល់ ៨គីឡូក្រាម មាន​សាច់​​ក្រាស់​និង​ណែន រហូត​ដល់ការប្រើប្រាស់ឆ្នាំងដី ដែល​ដឹកមក​ពី​ខេត្ត​ថាញហ្វា និង​ការ​ប្រើប្រាស់​អុសមែក​មៀន មាន​ភ្លើងឆេះ​បានល្អ និងមាន​ផ្សែងតិច​។ គ្រឿង​ទេស​រួម​មាន​ រំដេង ខ្ញី ខ្ទឹមស ម្រេច ម្ទេស ទឹក​ចម្រាញ់ពីក្តាមស្រែ និងទឹកត្រីសុទ្ធ ដែល​បង្កើត​បាន​ជា​​រសជាតិទ្រលាន់​​ និងផ្អែមមុតបែបធម្មជាតិយ៉ាងពិសេស។


 

ដំណើរការខត្រី​ត្រូវអូសបន្លាយពេល​ពី ១០ ដល់ ១២ម៉ោង ឬអាច​ដល់ ១៦ម៉ោង ទៅ២០​ម៉ោង ដែល​តម្រូវឱ្យអ្នកធ្វើត្រូវយាមភ្លើងជាប់ជានិច្ច និង​បន្ថែម​ទឹក​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ពេលវេលា ដើម្បី​ឱ្យត្រីឆ្អិន​ផុយ​ល្អតែមិន​រលួយ។ នៅ​ពេល​បញ្ចប់ ឆ្នាំង​ត្រី​ខ​មាន​ត្រឹម​តែ​ស្រទាប់​ទឹក​ខាប់ ពណ៌​ត្នោតក្រហមឆ្អៅ ដូចស្លាប​កន្លាត​យ៉ាងស្រស់ស្អាត។ ឆ្នាំង​ត្រី​ខ​នីមួយៗ ដែល​មានតម្លៃ​ចាប់ពី ៥០០.០០០ រហូត​ដល់ ១,៥លាន​ដុង មិន​ត្រឹម​តែ​ជា​អាហារ​ប៉ុណ្ណោះទេ ថែមទាំង​​ជា​កាដូ​​ប្រណីត សម្រាប់​ជូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

 
ត្រីខភូមិវូដាយ​ មានភាពទាក់ទាញ ដោយសារការរួមផ្សំគ្នានៃគ្រឿងទេស​ជាង១០មុខ ដើម្បី​បង្កើត​ក្លិន រសជាតិ និងពណ៌។ ជាពិសេស គឺទឹកក្តាមស្រែផ្អាប់ជូរ​។ រូបថត៖ ត្រុងដាត

នាពេល​​បច្ចុប្បន្ននេះ ត្រីខ​ភូមិវូដាយ បានបោះជំហានឆ្លងផុតព្រំដែន​ប្រទេសវៀតណាម ដោយ​មាន​វត្តមាន​នៅសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើន​ទៀតនៅអឺរ៉ុប។ ផ្តើម​ពី​ចង្រ្កាន​​បាយ​នៅ​ភូមិ​កំណើត រហូតដល់តុអាហារលក្ខណៈ​អន្តរជាតិ ត្រីខ​ភូមិ​វូដាយ មិនត្រឹម​តែ​នាំ​មក​នូវ​រសជាតិ​ទ្រលាន់​ឆ្ងាញ់​ប៉ុណ្ណោះទេ ​ថែមទាំងផ្សព្វផ្សាយ​នូវខ្លឹមសារ​វប្បធម៌ ស្មារតី នៃ​ការ​ជួប​ជុំ​គ្រួសារ និង​រឿងរ៉ាវ​អំពីប្រទេសវៀតណាមមួយ ដែលចេះ​រក្សា​ប្រពៃណី ក្នុង​ដំណើរ​នៃ​សមាហរណកម្ម​សកល៕

អត្ថបទ៖ ផុង​ធូ - រូបថត៖ ត្រុង​ដាត​

ប្រែសម្រួល៖ រីកើង​


top