មកទស្សនាខេត្តបាកលីវ ភ្ញៀវទេសចរណ៍ណាក៏ចង់ទៅទស្សនាវត្ត (Xiêm Cán) ព្រែកជ្រៅបានមួយដងដែរវត្តជាសំណង់ស្ថាបត្យកម្មល្អអស្ចារ្យមួយរបស់បងប្អូនខ្មែរនិងក៏ជាទីកន្លែងទេសចរណ៍ខាងសតិអារម្មណ៍ដ៏ល្បីឈ្មោះរបស់មូលដ្ឋានដែរ។
ជាវត្តពុទ្ធសាសនានិកាយថេរវាទនៃបងប្អូនជនជាតិខ្មែរតែឈ្មោះវត្តថា Xiêm Cán (ព្រែកជ្រៅ) នេះគឺចេញមកពីភាសាតាជីវ (ភាសានៃប្រជាជនមានដើមកំណើតចិនតាជីវប្រទេសចិន សព្វថ្ងៃកំពុងរស់នៅច្រើននៅខេត្តបាកលីវ - អ្នកយកព័ត៌មាន) មានន័យថា “ជាប់ទឹក” ពីព្រោះពីមុននេះសណ្ឋានដីនៅតំបន់នេះ គឺនៅក្បែរឆ្នេរដីល្បាប់សមុទ្រ។ តាមដងផ្លូវមានម្លប់ដើមមៀនវ័យចំណាស់ចំណុះឃុំហៀបថាញ់ ទីក្រុងបាកលីវ វត្តព្រែកជ្រៅលេចចេញនៅមុខរបស់យើងខ្ញុំ គឺជាស្ថាបត្យកម្មយ៉ាងពិសេសមួយ ផុសអណ្តែតលើផ្ទៃមេឃពណ៌បៃតងក្នុងថ្ងៃពេញដោយពន្លឺ។ វត្តពិតជាមិនខុសពីកេរ្តិ៍ ឈ្មោះជាវត្តមួយក្នុងចំណោមវត្តខ្មែរធំបំផុត និងត្រចះត្រចង់បំផុតក្នុងប្រព័ន្ធវត្តខ្មែរនានានៅតំបន់ណាមបូ។
ចំណាប់អារម្មណ៍មុនដំបូងបង្អស់ គឺខ្លោងទ្វារវត្តស្ថិតនៅទិសខាងកើតប្រកបដោយក្បូរក្បាច់រចនា ស្ថាបត្យកម្មយ៉ាងសម្បូរបែប និងមានពណ៌លឿងនៃដីសែនត្រជាក់ភ្នែកហើយពោរពេញដោយលក្ខណៈខ្មែរ។ នៅខាងលើគឺជារូបកំពូលត្រីសូល៍ ដែលធ្វើតាមលក្ខណៈស្ថាបត្យកម្មនៃប្រាសាទអង្គរនៅប្រទេសកម្ពុជា និងរូបចម្លាក់ពស់ច្រើនក្បាល បានឆ្លាក់យ៉ាងផ្ចិតផ្ចង់។ ក្រៅពីនេះ របងព័ទ្ធជុំវិញតភ្ជាប់ជាមួយខ្លោងទ្វារវត្ត បានឆ្លាក់ជារូបពស់ទេព និងក្បូរក្បាច់រចនាដ៏ប្រណិតៗជាច្រើនគួរចាប់អារម្មណ៍ទៀតផង។
ពីខ្លោងទា្វរចូលទៅដល់មជ្ឈមណ្ឌលវត្តព្រែកជ្រៅ ប្រហែល១០០ម៉ែត្រ ភ្ញៀវទេសចរណ៍នឹងដើរឆ្លងកាត់បរិវេណសួនទូលាយពេញទៅដោយ ដើមគគីរ ដើមឈើទាលត្រង់ជាជួរខ្ពស់ត្រដែត ហើយចោលម្លប់សែនត្រជាក់។ ពេលនេះ ភ្ញៀវទេសចរណ៍ងាយស្រួលទទួលបានអារម្មណ៍ពីបរិយាកាសដ៏ស្ងប់ស្ងាត់ និងសុខសាន្តរបស់វត្តអារាមបូរាណមួយ ដែលបានកសាងតាំងពីឆ្នាំ១៨៨៧។
តាមទស្សនៈរបស់បងប្អូនខ្មែរ ព្រះវិហារតែងបែរមុខទៅទិសខាងកើត ពីព្រោះពួកគាត់យល់ឃើញថាមាគ៌ាបួសរៀនរបស់ព្រះពុទ្ធ គឺធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត។ ស្ថិតនៅលើខឿនឥដ្ឋ៣ជាន់កម្ពស់១,៥ម៉ែត្រ រួមនឹងផ្លូវរបៀងព័ទ្ធជុំវិញនិងជ្រុងដំបូលនៃរាល់កំពូល របស់ព្រះវិហារវត្តព្រែកជ្រៅសុទ្ធតែមាន ពូនរាងកន្ទុយពស់យ៉ាងវែង ពត់បែន ទន់ភ្លន់។ អណ្តែតលើផ្ទៃមេឃពណ៌បៃតង គឺដំបូលព្រះវិហារបានរចនាតាមជាន់ ស្រទាប់ ដាក់តម្រួតពីលើគ្នាបង្កើតជាលំហអាកាសខ្ពស់ត្រដែត សក្តិសមជាមួយកំពូលស្រួច ដូចជាកំពូលប្រាសាទ ។ នៅលើផ្នត់ដំបូលព្រះវិហារបានបិទភ្ជាប់ ដោយរូបចម្លាក់នាគខ្មែរ រូបរាងនាគក្បាលពីរ ដងខ្លួននាគដេកសណ្តូក និងកន្ទុយនាគពើតកោងឡើងដូចជាអណ្ដាតភ្លើងអញ្ចឹង។ ដោយការរួមផ្សំរវាងក្បាល ខ្លួន និងកន្ទុយនាគ បង្កើតបានជារូបទូក-ង - សម្បតិ្តរួមរបស់បងប្អូនជនជាតិខ្មែរ នៅតាមភូមិស្រុកនីមួយៗ (អង្គភាពលំនៅដ្ឋានរបស់បងប្អូនខ្មែរក្នុងជនបទ - អ្នកយកព័ត៌មាន) និងបានរក្សាយ៉ាងម៉ត់ចត់នៅក្នុងវត្តអារាម។
ធ្វើដំណើរចូលក្នុងព្រះវិហារ ភ្ញៀវទេសចរណ៍ត្រូវដោះមួក ដើរដោយបាទជើងទទេ ដើម្បីសម្ដែងការគោរព។ នៅទីនេះ ទីខ្ពស់បំផុតគឺទីសក្ការៈបូជា មានរូបបដិមាព្រះពុទ្ធមួយអង្គធំគង់នៅខាងលើ រូបបដិមាព្រះពុទ្ធផ្សេងៗ ដែលមានឥរិយាបថខុសៗគ្នា - សម្តែងឡើងនូវការនិមិត្តខ្លួនរបស់ព្រះពុទ្ធតាមសម័យ កាល។ ប្រការពិសេសនៅក្នុងព្រះវិហារវត្តព្រែកជ្រៅ គឺក្បាច់រំលេចនិងផ្ទាំងគំនូរច្រើនពណ៌ ដែលបានតុបតែងនៅលើជញ្ជាំង ពិតាននិងសសរទាំងឡាយ។ ដោយឡែកគឺផ្ទាំងគំនូរដែលនិទានឡើងវិញនូវជីវប្រវត្តិរបស់ព្រះពុទ្ធនិងរឿងរាមកេរ្តិ៍ (កំណែរបស់ខ្មែរពីរឿង ដើមឈ្មោះរាមាយណៈច្រើនភាគ ក្នុងនិទានកថាឥណ្ឌាដ៏ល្បីឈ្មោះ) សុទ្ធតែបន្សល់នៅអារម្មណ៍រំភើបឲ្យភ្ញៀវទេសចរណ៍ ពេលមកទស្សនាវត្ត និងកាន់តែកោតសរសើរនូវសិប្បករដែលបង្កើតបានជាផ្ទាំងគំនូរទាំងឡាយនេះ។
ពីខាងក្រៅ ទល់មុខព្រះវិហារគឺ បង្គោលរាងរូបពស់ក្បាលប្រាំ សម្រាប់អុជទៀន ក្នុងពិធីបុណ្យទាននានា។ នៅទីនេះ មានន័យចង់អោយយើងដឹងថា ព្រះធម៌របស់ព្រះពុទ្ធ តែងបំភ្លឺអោយមនុស្សលោក ជួយអោយមនុស្សម្នារាល់គ្នា រស់នៅដោយសច្ចធម៌ ដូចជាប្រភេទពស់បានផ្សាំងដោយចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខារបស់ព្រះ។
ក្រៅពីនេះ វត្តព្រែកជ្រៅមានការរៀបចំ កុដិ សាលា សាលាទាន ចេតិយ។ល។យ៉ាងសមនឹងគ្នា ក្នុងនោះសាលាទានគឺជាទីកន្លែងប្រជុំរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទខែ្មរ ប្រើសម្រាប់ពិភាក្សារៀបចំ មុនពេលឡើងព្រះវិហារធ្វើពិធីពុទ្ធកិច្ច។ សាលាទានក៏បានតុបតែងដោយក្បូរក្បាច់រចនាផ្ទាំងគំនូរនៅលើជញ្ជាំង និងពិតានដែរ។ នៅជុំវិញវិហារមានចេតិយជាច្រើនសម្រាប់ដាក់អដ្ឋិធាតុរបស់អ្នកដែលចែកឋានទៅហើយ។ នេះគឺជា លក្ខណៈសម្គាល់ឲ្យដឹងថាជាវត្តខ្មែរ នៅពេលមើលពីខាងក្រៅ យើងឃើញមានកំពូលចេតិយស្រួចខ្ពស់ត្រដែតនៅចម្រុះជាមួយគ្នា។
មិនត្រឹមតែជាទីកន្លែងអនុវត្តសកម្មភាព សាសនា វត្តព្រែកជ្រៅក៏ដូចជាវត្តខ្មែរនានានៅតំបន់ណាមបូ នៅទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំ របស់ភូមិស្រុក វត្តនៅរក្សាបានកម្រងរឿងនិទានប្រជាប្រិយបូរាណនិងបច្ចុប្បន្ន ឬមរតកវប្បធម៌ប្រពៃណី។ នៅទីនេះ ក្មេងប្រុសដែលមានអាយុមិនទាន់ពេញវ័យ ( ១៨ ឆ្នាំ) នឹងបាននាំចូលវត្ត ដើម្បីសិក្សាអក្សរខ្មែរភាសាបាលី រៀនធម៌អាថ៌។ល។ និងស្វែងយល់នូវអត្តសញ្ញាណជាតិ វប្បធម៌របស់ជនជាតិខ្លួន ក្នុងរយៈពេលប្រហែល៣ឆ្នាំ៕
អត្ថបទ៖ ង្វៀនវ៉ូថាញ់ដាក រូបថត៖ ត្រុងចិញ ឡេមិញ