ព័ត៌មាន

តំបន់សេដ្ឋកិច្ច Dung Quat ទទួលបានយន្តការអនុគ្រោះខ្ពស់បំផុត

ការិយាល័យនយោបាយទើបបានអនុម័តលើ​គោលការណ៍អនុវត្តយន្តការពិសេស​សម្រាប់តំបន់សេដ្ឋកិច្ច Dung Quat (ក្វាងង៉ាយ)។

តំបន់សេដ្ឋកិច្ច Dung Quat ត្រូវបានតម្រងទិស​អភិវឌ្ឍទៅជាមជ្ឈមណ្ឌលជាតិសម្រាប់ការចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា​ និងថាមពល។ រូបថត៖ VNA

តាមនោះ យន្តការ និងគោលនយោបាយ​អភិវឌ្ឍមជ្ឈមណ្ឌលជាតិ​សម្រាប់ចម្រាញ់ប្រេង គីមីឥន្ធនៈ ការដំឡើងនាវា និងថាមពល នៅក្នុងតំបន់សេដ្ឋកិច្ច Dung Quat នឹងទទួលបាន​យន្តការអនុគ្រោះខ្ពស់បំផុត​ តាម​បទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង។ យន្តការពិសេសនេះក៏ត្រូវបានរំពឹងថា នឹងលុបបំបាត់ឧបសគ្គទាក់ទងនឹងការវិនិយោគ ដីធ្លី ផែនការ នីតិវិធីរដ្ឋបាល បច្ចេកវិទ្យា និងធនធានមនុស្ស ដោយបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ អនុវត្តគម្រោងទ្រង់ទ្រាយធំ និងអនុវត្តបច្ចេកវិទ្យាទំនើប។ យោងតាមគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ ការអនុម័តរបស់ការិយាល័យនយោបាយ​ចំពោះយន្តការពិសេសនេះគឺជាជំហានមួយឆ្ពោះទៅរកការធ្វើឱ្យសុក្រឹត្យក្របខ័ណ្ឌច្បាប់ ដោយបង្កើតលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍ពីកំពង់ផែសមុទ្រ មូលដ្ឋានឧស្សាហកម្ម និងទីតាំងយុទ្ធសាស្ត្ររបស់ Dung Quat តាមនោះ ជំរុញ ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មថាមពលនៅខេត្ត​ក្វាងង៉ាយ៕

តំបន់សេដ្ឋកិច្ច Dung Quat មានប្រព័ន្ធកំពង់ផែទឹកជ្រៅ បណ្តាញដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ទឹក ការប្រព្រឹត្តិកម្មកាកសំណល់ និងតំបន់ទីក្រុង​គាំទ្រ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ច Dung Quat មានគម្រោង​​ចំនួន ២៩៦ កំពុង​ប្រតិបត្តិការ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ១៩,២៧ ពាន់លានដុល្លារអាមេរិក​។ នេះក៏ជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេង Dung Quat ជារោងចក្រចម្រាញ់ប្រេងដំបូងគេនៅ​​វៀតណាម។ តាមផែនការ មជ្ឈមណ្ឌលជាតិ​សម្រាប់​ចម្រាញ់ប្រេង គីមីឥន្ធនៈ ដំឡើងនាវា និងថាមពលជាតិ នឹងរួមបញ្ចូល​គ្នានូវ​វិស័យចម្រាញ់ប្រេង គីមីឥន្ធនៈ សារធាតុគីមី ការដំឡើងនាវា និងថាមពល រួមជាមួយនឹងឧស្សាហកម្មគាំទ្រ ភស្តុភារកម្ម និងវិស័យពាក់ព័ន្ធនានា​។ នៅឆ្នាំ ២០៣០ មជ្ឈមណ្ឌលនេះមានគោលបំណងបំពេញតម្រូវការប្រេងឥន្ធនៈរបស់តំបន់​ភូមិភាគកណ្តាល និងតំបន់តៃង្វៀន និងយ៉ាងហោចណាស់ ៣០% នៃតម្រូវការរបស់ប្រទេសទាំងមូល។ នៅឆ្នាំ ២០៤៥ ទាក់ទាញការវិនិយោគ​សរុប​ប្រហែល ៥០ ពាន់លានដុល្លារ ដែលធ្វើឱ្យមជ្ឈមណ្ឌលនេះក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងវិស័យថាមពល និងសម្ភារៈ ដែលរួមចំណែកដល់ការលើក​កម្ពស់សមត្ថភាពប្រកួតប្រជែង និងធានាសន្តិសុខថាមពលជាតិ៕​


top