ភូមិត្បាញឫស្សី និងផ្តៅតាំងទៀន (Tang Tien) កំពុងបន្តសរសេររឿងរ៉ាវនៃបេតិកភណ្ឌសិប្បកម្ម ដែលមានអាយុកាលជាង ៣០០ឆ្នាំ។
លាក់ខ្លួនក្នុងតំបន់ជនបទមួយនៃគិញបាក់ (Kinh Bac - ឥឡូវនេះគឺជារដ្ឋធានី ហាណូយ) ដ៏ស្ងប់ស្ងាត់ ភូមិត្បាញឫស្សី និងផ្តៅតាំងទៀន (Tang Tien) កំពុងបន្តសរសេររឿងរ៉ាវនៃបេតិកភណ្ឌសិប្បកម្ម ដែលមានអាយុកាលជាង ៣០០ឆ្នាំ។ ពីបណ្ដាផលិតផលត្បាញសាមញ្ញ បម្រើជីវិតប្រចាំថ្ងៃ ភូមិនេះបានផ្លាស់ប្តូរបន្តិចម្តងៗ រួមបញ្ចូលបច្ចេកទេសប្រពៃណី ជាមួយនឹងនវាបុវត្តន៍ ដើម្បីបង្កើតជីវិតថ្មី សម្រាប់សិប្បកម្មឫស្សី និងផ្តៅវៀតណាម។
បន្ទោះឫស្សីបានហាលនៅក្នុងទីធ្លាមានកម្ដៅ ធានាបាននូវភាពស្ងួតទាំងស្រុង ដើម្បីកាត់បន្ថយហានិភ័យសំណើម
និងដុះផ្សិត។ រូបថត៖ ថាញយ៉ាង/VNP
ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ទៅទិសឦសាននៃរដ្ឋធានី ហាណូយ សង្កាត់ណែញ (Nenh) (ខេត្តបាក់និញ (Bac Ninh)) លេចឡើងភាពសាមញ្ញនៃតំបន់ជនបទមួយ នៃគិញបាក់ (Kinh Bac)។ ប៉ុន្តែពីខាងក្រោយគុម្ពឫស្សីពណ៌បៃតងគឺជាចង្វាក់ជីវិត ដែលមានលក្ខណៈពិសេសនៃសំឡេងក្រឹតៗពីកីត្បាញ ក្លិនឫស្សីអប់ផ្សែង និងដៃរហ័សរហួនរបស់សិប្បកររាប់ពាន់នាក់។
ភូមិត្បាញឫស្សី និងផ្តៅតាំងទៀន (Tang Tien) មានប្រវត្តិជាងបីសតវត្សមកហើយ ដោយសិប្បកម្មត្បាញនេះបានបន្តយ៉ាងហោចណាស់ ១០ជំនាន់។ ដំបូងឡើយ នេះគ្រាន់តែជាការងារបន្ថែម ក្នុងអំឡុងពេលទំនេរពីកសិកម្ម ដោយធ្វើកន្ត្រក កញ្ជ្រែង កញ្ជើរ និងល្អី ដើម្បីបម្រើដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ដីសណ្តភាគខាងជើង។ យូរៗទៅ ភាពប៉ិនប្រសប់របស់សិប្បករបានកម្លាយបន្ទោះឫស្សីសាមញ្ញៗ ទៅជាសិប្បកម្មដ៏ទំនើបមួយ។
ជ្រុងមួយនៃកន្លែងផលិតនៅក្រុមហ៊ុនឫស្សីផ្តៅ តាំងទៀន ខេត្ត បាក់យ៉ាង (Tang Tien Bac Giang) ដែលដឹកនាំដោយលោកនាយក ឌិញ វ៉ាន់ ទៀន (Dinh Van Tien) ។
កំរាលព្រំត្បាញយ៉ាងស្មុគស្មាញ ដែលមានពណ៌ចម្រុះ កំពុងលេចចេញរូបរាង តាមរយៈកីតម្បាញនីមួយៗ។
សិប្បករ ឌិញ វ៉ាន់ទៀន (Dinh Van Tien) អង្គុយលើរានហាល ផ្ទះរបស់គាត់ក្នុងភូមិ ជួ (Chua) នៅតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយបន្ទះឫស្សីស្តើងៗពណ៌ស។ កើតនៅឆ្នាំ ១៩៤៩ គាត់គឺជា "ឃ្លាំងប្រវត្តិសាស្ត្ររស់" ម្នាក់របស់ភូមិសិប្បកម្មនេះ។ លោក ទៀន (Tien) រំលឹកថា "ចាប់ពីមានអាយុ ៥ ឬ ៦ឆ្នាំ កុមារនៅក្នុងភូមិបានចេះកាន់បន្ទោះឫស្សី និងរៀនត្បាញ សូម្បីតែមុនពេលពួកគេចេះអាន និងសរសេរអក្សរទៅទៀត"។
យោងតាមលោក ទៀន (Tien) អាថ៌កំបាំងនៃការបង្កើតផលិតផលដ៏ស្រស់ស្អាតមួយ មិនមែនស្ថិតនៅលើកម្លាំងទេ ប៉ុន្តែស្ថិតនៅលើភាពអត់ធ្មត់ និងភាពផ្ចិតផ្ចង់នៃដៃទាំងគូ។ បន្ទះឫស្សីត្រូវបានពុះចេញពីដើម យកចំណែកចាស់ ត្រង់ ស្តើង និងអាចបត់បែនបាន។
សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien) (ស្តាំ) នៅលើរានហាលផ្ទះរបស់គាត់ ជាកន្លែងដែលគាត់បានចំណាយពេលជាងពាក់កណ្តាលនៃជីវិតរបស់គាត់
"រក្សាមុខរបរតម្បាញវាំងននឫស្សី" ។ រូបថត៖ ថាញយ៉ាង/VNP
សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien)។ រូបថត៖ ថាញយ៉ាង/VNP
ពីឧបករណ៍ វត្ថុធាតុដើមសាមញ្ញៗ ដៃដ៏ប៉ិនប្រសប់របស់សិប្បករ តាំងទៀន (Tang Tien) បានបង្កើតស្នាដៃសិល្បៈធ្វើពីឫស្សីដ៏ប្រណិត។ រូបថត៖ ថាញ់ យ៉ាង/
VNP
ប្រសិនបើសិប្បករ ឌិញ វ៉ាន់ទៀន (Dinh Van Tien) ជាអ្នកថែរក្សាសិប្បកម្មប្រពៃណី រីឯលោក ឌិញ វ៉ាន់ទីញ (Dinh Van Tinh) វិញ - នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គលឫស្សីផ្តៅ តាំងទៀន បាក់យ៉ាង (Tang Tien Bac Giang) - បានរួមចំណែកបង្កើតចំណុចរបត់ថ្មីមួយជូនភូមិសិប្បកម្ម។ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលផលិតផលត្បាញប្រពៃណីកំពុងនៅនឹងមួយកន្លែង លោកបានទៅកាន់ភូមិសិប្បកម្មផ្សេងទៀត ដើម្បីរៀនបទពិសោធន៍។ នៅឆ្នាំ១៩៩៩ លោកបានបង្កើតសហករណ៍ត្បាញឫស្សី ផ្តៅ តាំងទៀន (Tang Tien) កត់សម្គល់ជំហានបន្លាស់ប្តូរទៅជាបច្ចេកទេសត្បាញវាំងនន់ឫស្សីទំនើប។
ការបង្កើតឡើងសហករណ៍ត្បាញឫស្សីផ្តៅ តាំងទៀន (Tang Tien) បានបង្កើតបន្លាស់ប្តូរសំខាន់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ពីការងារបន្ថែមមួយ ដែលធ្វើក្នុងអំឡុងពេលទំនេរ ពីរដូវកសិកម្ម ការត្បាញឫស្សី និងផ្តៅបានក្លាយជាប្រភពចំណូលសំខាន់ សម្រាប់គ្រួសារជាច្រើន រួមចំណែកប្រហែល ៨០% នៃប្រាក់ចំណូលរបស់ប្រជាជននៅក្នុងតំបន់។ បច្ចុប្បន្ននេះ ផលិតផលសំខាន់ៗរបស់ភូមិសិប្បកម្ម រួមមាន វាំងនន់ឫស្សី វាំងនន់ការពារកម្តៅថ្ងៃ និងវត្ថុសិប្បកម្មគុណភាពខ្ពស់។
ដំណាក់កាលត្រួតពិនិត្យ និងពិនិត្យមើលសមត្ថភាពទ្រទម្ងន់នៃវាំងននឫស្សី។ រូបថត៖ ថាញយ៉ាង/VNP
អ្វីដែលបង្កើតជាអត្តសញ្ញាណរបស់តាំងទៀន (Tang Tien) គឺវិធីសាស្ត្រកែច្នៃ តាមបែបធម្មជាតិទាំងស្រុង។ ជំនួសឱ្យការប្រើប្រាស់ពណ៌គីមី ឫស្សីត្រូវបានឆ្អើរផ្សែងភ្លើងចំបើង ឬឈើស្ងួត ដើម្បីបង្កើតពណ៌ត្នោតក្រហមដ៏ស្រស់ស្អាត និងប្រើប្រាស់បានយូរ ខណៈពេលដែលការពារវាពីសត្វកណ្តៀរ។ ដំណើរការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលតឹងរ៉ឹងចំនួនប្រាំ៖ ជ្រើសរើសវត្ថុធាតុដើម កែច្នៃបឋម ច្រៀកបន្ទះឫស្សី ឆ្អើរផ្សែង ត្បាញ និងបញ្ចប់ការរចនា។
អ្នកទេសចរកំពុងស្តាប់នូវការណែនាំអំពីផលិតផលឫស្សី តាំងទៀន (Tang Tien) ។ រូបថត៖ ថាញ់ យ៉ាង/ VNP
លោក ឌិញ វ៉ាន់ទិញ (Dinh Van Tinh) បាននិយាយ ដោយមោទនភាពថា៖ «ដោយការរួមផ្សំសិប្បកម្មប្រពៃណីជាមួយនឹងម៉ាស៊ីនត្បាញទំនើបៗ ភូមិសិប្បកម្មបច្ចុប្បន្នមានកម្មករប្រហែល ៤០០០នាក់ជាប្រចាំ។ ផលិតផលជាច្រើន បានទទួលវិញ្ញាបនបត្រ OCOP ផ្កាយ ៣ និង ៤ ហើយបានទីផ្សារប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ កាណាដា និងប្រទេសដទៃទៀតទទួលស្វាគមន៍»។
វាំងននឫស្សីតុបតែងលម្អ រួមផ្សំជាមួយឃ្លានឆ្លងឆ្លើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ រូបថត៖ ថាញ់ យ៉ាង/
VNP
សព្វថ្ងៃនេះ តាំងទៀន (Tang Tien) មិនត្រឹមតែជាទីផលិតផលិតផលសិប្បកម្មប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញ សម្រាប់ភ្ញៀវឆ្លងកាត់បទពិសោធន៍ដ៏ចាប់ចិត្តផងដែរ។ ភ្ញៀវទេសចរមកទីនោះ អាចមើលឃើញផ្ទាល់នូវដំណាក់កាលផលិតនីមួយៗ ព្រមទាំងបណ្ដែតអារម្មណ៍ក្នុងចង្វាក់នៃជីវិត នៅក្នុងភូមិវៀតណាម ដែលនៅតែរក្សាបាននូវសោភ័ណ្ឌភាពប្រពៃណីក្នុងលំហូរទំនើប។
សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien) បានចែករំលែកថា៖ «នៅមានជាងតម្បាញ នឹងនៅមានភូមិសិប្បកម្ម»។ សម្តីសាមញ្ញនេះដូចជាការបញ្ជាក់ពីជីវិតរឹងមាំរបស់តាំងទៀន (Tang Tien) - ទី ដែលរបរឫស្សីផ្តៅវៀតណាមកំពុងតែនៅបន្តអភិរក្ស បន្លាស់ថ្មី និងបង្រៀនបន្តទៅមនុស្សជំនាន់ក្រោយ៕អត្ថបទ និងរូបថត៖ ថាញ់ យ៉ាង / VNP